និស្សិតខ្មែរម្នាក់ទទួលបានការងារបង្កើត Website ខ្នាតធំលេចមុខនៅចិន
- 2014-12-24 16:53:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
និស្សិតខ្មែរម្នាក់ទទួលបានការងារបង្កើត Website ខ្នាតធំលេចមុខនៅចិន
ចន្លោះមិនឃើញ
ការលំបាកពេលខ្លះពិតជាអាចធ្វើឲ្យមនុស្សមានការផ្លាស់ប្ដូរពិតមែន។ ជាក់ស្ដែង អតីតនិស្សិតអាហារូបករណ៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ (IT) មានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម លោក ចាន់ដា សេងគីម អាយុ២២ឆ្នាំ បច្ចុប្បន្នជានិស្សិតឆ្នាំទី៣ ផ្នែកសុវត្ថិភាពព័ត៌មានវិទ្យា ( Information Security) នៃ University of Electric Science and Technology of China មិនត្រឹមទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនក្នុងឆ្នាំ ២០១០ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាអ្នកកាន់កាប់ខាង System Management and Network Management ក្នុងក្រុម Biao Ji Li ទៀតផង។
ទម្រាំ មកដល់ពេលនេះ សេងគីមបានចាប់ផ្ដើមគ្រប់យ៉ាងពីចំណុចសូន្យទាំងអស់ ដោយលោកមិនចេះភាសាចិនសូម្បីមួយម៉ាត់ និងមិនស្គាល់អ្នកណាម្នាក់នៅទីនោះសោះ។
នៅសាកលវិទ្យាល័យនោះ មេរៀនត្រូវបានបង្រៀនជាភាសាចិន ហើយគ្រប់ឯកសារទាំងអស់សុទ្ធតែជាភាសាចិន និងពាក្យមួយចំនួនជាពាក្យបច្ចេកទេសធ្វើឲ្យលោកពិបាកយល់។ ជួនកាល សេងគីមធ្វើភាសាកាយវិការ និងសុំជំនួយពីនិស្សិតដែលរៀនជាមួយគ្នាឲ្យពន្យល់។ មានពេលខ្លះ គីម ថែមទាំងវង្វេងផ្លូវទៀតផង តែសំណាងល្អបានតាក់ស៊ីជូនមកវិញ។ ក្រោយមកដើម្បីជម្នះនូវបញ្ហាជាច្រើននេះ សេងគីមបានរៀបចំពេលវេលា និងវិធីសាស្ត្រថ្មីៗដោយ ពង្រឹងស្វ័យសិក្សា ព្រោះបើមិនចេះភាសាចិនទេ ច្បាស់ជាឆ្នាំបន្ទាប់ត្រូវជួបហានិភ័យធំហើយ។
៤សាកលវិទ្យាល័យល្បីៗនៅភ្នំពេញមួយឆ្នាំបង់រាប់ពាន់ដុល្លារទើបរៀនបាន
សេងគីមថា៖ ” ខ្ញុំយកការអានឲ្យក្លាយជាទម្លាប់ដូចជាអត្ថបទព័ត៌មាន ឬអានសៀវភៅជាដើម ដើម្បីឲ្យភាសាចិនរីកចម្រើនឆាប់រហ័ស។ អត្ថបទណា ឬប្រយោគណាដែលមិនសូវយល់ ខ្ញុំត្រូវអានម្ដងហើយម្ដងទៀតទាល់តែយល់អត្ថន័យ។ ម៉្យាងទៀត ខ្ញុំរំលឹកម្ដងហើយម្ដងទៀតនូវមេរៀនដែលបានរៀននៅសាលា កំណត់កាលវិភាគសិក្សាប្រចាំថ្ងៃ។ លើសពីនេះ ព្យាយាមសិក្សាជាក្រុមជាមួយមិត្តរួមថ្នាក់ដើម្បីទទួលបានបទ ពិសោធន៍ និងវិធីសាស្ត្រសិក្សាពីនិស្សិតចិន “។ ឆ្លងកាត់ការប្រឹងប្រែង និស្សិតរូបនេះទទួលបានលទ្ធផលល្អគ្រប់ឆមាស និងទទួលបានការសរសើរពីសំណាក់គ្រូ ព្រមទាំងមិត្តរួមដេប៉ាតេម៉ង់ទាំងអស់។ អាស្រ័យ ហេតុនេះហើយ សេងគីមត្រូវបានគ្រូណែនាំឲ្យចូលរួមក្នុងក្រុមសិក្សាស្រាវជ្រាវ ” Biao Ji Li” អំពីការសរសេរ Website ខ្នាត Enterprise ជាមួយនឹងនិស្សិតចិនខ្លាំងៗដទៃទៀតនៅក្នុងសាកលវិទ្យាល័យ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីចូលក្រុមនេះបានត្រូវឆ្លងកាត់ការធ្វើតេស្តបីដង គឺលើកទី១ សរសេរកូដ (Code) មកអនុវត្តទៅលើ Huffman និង Algorithm។ លើកទី២ គេអោយឯកសារពីរបីជាភាសាអង់គ្លេស បន្ទាប់មកត្រូវសរសេរកូដដើម្បីធ្វើ Statistic ទៅលើពាក្យនីមួយៗថាតើពាក្យមួយហ្នឹងត្រូវបានប្រើប្រាស់ ប៉ុន្មានដង ត្រូវបានប្រើប្រាស់នូវ Fileមួយណា នៅបន្ទាត់ទីប៉ុន្មាន។ ចំណែកលើកទី៣ គេអោយសរសេរអំពី Socket Communication on Linux ក្នុងនោះគឺមានការទាក់ទងគ្នារវាង Server និង Client។ សេង គីម និយាយបន្ថែមថា៖ ”ខ្ញុំបានខិតខំប្រឹងប្រែង អស់ពីសមត្ថភាពស្រាវជ្រាវរកកម្មវិធី Software ថ្មីដើម្បីសម្រេចកិច្ចការដែលប្រធានក្រុមដាក់ឲ្យ បំពេញឲ្យចប់មុនពេលវេលាកំណត់ដើម្បីទទួលបានការទទួលស្គាល់ ទំនុកចិត្តពីមិត្តរួមក្រុម និងអ្នកដឹកនាំក្រុម។ ជាលទ្ធផលខ្ញុំក៏ទទួលបានការទុកចិត្ត និងត្រូវបានអនុញ្ញាតឲ្យចូលរួមធ្វើគម្រោងធំៗដូចជា Website របស់សាលាជាមួយនឹងមិត្តរួមក្រុម។ ហើយសព្វថ្ងៃខ្ញុំកាន់កាប់ខាង System Management and Network Management ។ នៅពេលដែលក្រុមមានបញ្ហាទាក់ទងរឿងខាងលើ ខ្ញុំគឺជាអ្នកដោះស្រាយ”។ ឥលូវនេះ ក្រៅពីទទួលបាននូវចំណេះដឹងថ្មីៗជាច្រើនទាំងជំនាញក្នុងការ សរសេរ Website ខ្នាតធំ ការសហការជាក្រុម ការទំនាក់ទំនងជាមួយម្ចាស់គម្រោងហើយ សេងគីមក៏ទទួលបានប្រាក់កម្រៃសមរម្យផងដែរ និងអត្ថប្រយោជន៍មួយទៀតគឺធ្វើឲ្យលោកអាចនិយាយភាសាចិនបានយ៉ាង ស្ទាត់ជំនាញ។
ស្អាតហើយពូកែទៀតយកបានអាហារូបករណ៍ទៅអាមេរិក បារាំង និងកូរ៉េ!
សេងគីមយល់ឃើញថា ការធ្វើបែបនេះគឺជាវិធីមួយដ៏ល្អបំផុតសម្រាប់និស្សិត សាកលវិទ្យាល័យគ្រប់រូប ជាពិសេសនិស្សិតផ្នែកព័ត៌មានវិទ្យា ពីព្រោះវាអាចជួយលើកតម្កើងនូវការអនុវត្តផ្ទាល់នូវអ្វីដែលយើង បានសិក្សានៅសាលា និងទទួលបាននូវចំណេះដឹងថ្មីច្រើនដែលយើងមិនអាចទទួលបានពីសាលា ហើយជាបទពិសោធន៍ការងារដែលធ្វើឲ្យមានភាពងាយស្រួលរកការងារធ្វើ ក្នុងថ្ងៃអនាគត៕
យុវជនខ្មែរឈឺចិត្តគេមិនស្គាល់កម្ពុជា យកវប្បធម៌ទៅបង្ហាញមុខបរទេសជាង៨០ប្រទេស
អត្ថបទ៖ លឹម សុនា