ទួលគោក​​ត្រូវ​បាន​ចាត់​​បញ្ចូល​​​ជា​តំបន់​គួរ​ឲ្យ​ចង់​រស់​នៅ​ជាង​គេ​នៅភ្នំពេញ​​

  • 2014-12-26 16:29:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទួល​គោក​​​ត្រូវ​បាន​​ចាត់​បញ្ចូល​ជា​តំបន់​​លំនៅ​ដ្ឋាន​​ ដែល​​គួរ​ឲ្យ​ចង់​រស់​នៅ​​ជាង​គេ​នៅ​រាជ​ធានី​ភ្នំពេញ​​។ នេះ​បើ​តាម​​​ ការ​សិក្សា​​ទីផ្សារ​ខុនដូ​​ឆ្នាំ​២០១៤​ ​របស់​ក្រុមហ៊ុន​ Century 21 Cambodia ដែល​បាន​​ដាក់​បង្ហាញ​កាល​​ពី​ម្សិល​មិញ​។​

ការ​​សិក្សា​បាន​​រក​ឃើញ​ថា​ ​ការ​អភិវឌ្ឍ​អគារ​ខុនដូ​ ប្រមូល​​ផ្តុំ​នៅ​ប៉ែក​ខាង​លិច​ ក្នុង​រយៈ​ពេល​៦​ឆ្នាំ​កន្លង​មក​នេះ​​​ ជា​ពិសេស​តំបន់​ទួល​​គោក​បាន​ស្រូប​ទាញ​គម្រោង​អភិវឌ្ឍន៍​ខុនដូ​​ ​De Castle ​ដំបូង​​បង្អស់​នៅ​​​ទីក្រុង​ភ្នំពេញ​។​ ​នៅ​តំបន់​ទួល​គោក​ ទទួល​បាន​​ការ​ចាប់​អារម្មណ៍​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​ ដោយ​សារ​ទី​នេះ​​មាន​​លក្ខណៈ​ល្អ​ប្រសើរ​​ សម្រាប់​ការ​រស់​នៅ​របស់​​ជន​​បរទេស​ ​អ្នក​មាន​ជីវភាព​​ធូរ​ធារ​​ និង​អភិជន​។​

 

 

បន្ថែម​​លើ​នេះ​ភាគ​​រយ​ការ​ប្រមូល​ផ្តុំ​​គម្រោង​អភិវឌ្ឍន៍​​​ខុន​ដូ​ តាម​ខណ្ឌ​នីមួយ​ៗ ​ឆ្នាំ​២០១៤ បាន​​បង្ហាញ​ថា ខណ្ឌ​ទួលគោក​​មាន​​ ៣៨% ឫស្សីកែវ​២៣% ចំការ​មន​២៣% ដូន​ពេញ​៨% ពោធិ៍​សែន​ជ័យ៨%​។ យ៉ាង​ណា​មិញ​ទិសដៅ​​នៃ​ការ​អភិវឌ្ឍ​ខុនដូ​ក៏​បាន​​​ផ្លាស់​ប្តូរ​ទៅ​ប៉ែក​​ពាយ័ព្យ​នៃ​ទី​ក្រុង​ភ្នំពេញ​​ ជាទី​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់​កូរ៉េ​ Word City Co.,Ltd បាន​ចាប់​ផ្តើម​​ធ្វើ​ការ​សាង​សង់​ ទីក្រុង​រណប ដែល​មាន​ឈ្មោះ​ថា​ Camko City នៅ​តំបន់​ទួល​សង្កែ​​នៃ​ខណ្ឌ​ឫស្សីកែវ​ ដែល​​នាំ​មក​នូវ​លំនៅ​ដ្ឋាន​រាប់​ពាន់​​ខ្នង​ចូល​ទៅ​​តំបន់​នេះ​ ដែល​មាន​ទីតាំង​ជិត​ខណ្ឌ​ទួលគោក​។

 

ចាប់​តាំង​ពី​ឆ្នាំ​២០០៨​ រហូត​ដល់​ឆ្នាំ​២០១៤​ មាន​​គម្រោង​ខុនដូ​សរុប​ចំនួន​៣០​ ដែល​​ក្នុង​នោះ​មាន​​​​គម្រោង​ចំនួន​ ១៣ ត្រូវ​បាន​​បញ្ចប់​រួច​រាល់​ ហើយ​នាំ​មក​ការ​ផ្គត់​ផ្គង់​​យូនិត​ខុនដូ​​ចំនួន​ ៣.០៩០​​ ក្នុង​អត្រា​កំណើន​​ប្រចាំ​ឆ្នាំ​២០%​។

 

អត្រា​កំណើន​​នៃ​ការ​ផ្គត់​ផ្គង់​​យូនិត​ខុនដូ​​ត្រូវ​បាន​គេ​រំពឹង​ថា​​ នឹង​ស្ទុះ​​ឡើង​ខ្លាំង​ចាប់​ពី​ឆ្នាំ​២០១៤​​តទៅ​ ដោយ​សារ​​តែ​គម្រោង​អភិវឌ្ឍន៍​​ខុនដូ​ធំៗ ​នៅ​ខាង​កើត​ទីក្រុង​ភ្នំពេញ​ដូច​ជា​ Bali Scenery,Casa Meridian, D.I Rivera និង​ The Bridge ជាដើម​ដែល​អាច​ឈាន​​ដល់​ការ​ផ្គត់​ផ្គង់​រហូត​ដល់​ ១០.០០០ យូនិត​ខុន​ដូ​​​នៅ​ឆ្នាំ​២០១៨។

 

លោក​ ខេវិន​ ហ្គូស​ អគ្គនាយក​​​ក្រុមហ៊ុន​ Century 21 ប្រចាំ​​នៅ​​កម្ពុជា បាន​​លើក​ឡើង​​​ក្នុង​សន្និសីទ​​ថា​ ទីផ្សារ​ខុនដូ​​នឹង​បន្ត​​លូតលាស់​ច្រើន​ទៀត​ ដែល​បែប​នេះ​​វា​ជា​ការ​តប​ទៅ​​នឹង​ការ​កើន​ឡើង​នៃ​តម្លៃ​ដី​ ភាព​ខ្វះ​ដី​ដើម្បី​អភិវឌ្ឍន៍​ និង​ការ​​កើន​ឡើង​ឥត​ឈប់​ឈរ​​នៃ​អត្រា​ប្រជាជន​​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។ "អ្វី​ដែល​​យើង​បាន​​ឃើញ​អំពី​ទីផ្សារ​ខុនដូ​​នៅ​ទី​នេះ​ គឺ​មិន​ខុស​​គ្នា​ពី​អ្វី​ដែល​បាន​កើត​ឡើង​​នៅ​ប្រទេស​ថៃ​កាល​​ពី​២០​ឆ្នាំ​មុន​​នោះ​ទេ​។ គឺ​ថា​ពី​មុន​អ្នក​អភិវឌ្ឍន៍​បាន​​រំពឹង​ថា​ ទីផ្សារ​ខុនដូ​នឹង​អាច​ទាញ​កន្ត្រាក់​ ដោយ​ជន​បរទេស​ដែល​មក​ធ្វើ​ការ​ក្នុង​ស្រុក​ ប៉ុន្តែ​ក្រោយ​មក​​មាន​និន្នាការ​​ប្រែ​ប្រួល​​យ៉ាង​ខ្លាំង​​ ក្នុង​ការ​​មក​រស់​នៅ​ក្នុង​ខុន​ដូ​ ក្នុង​ចំណោម​ប្រជាជន​ថៃ​”។ លោក​ ខេវិន​ ហ្គូស​ បន្ថែម​៕

 

អត្ថបទ៖មៃ សុខលីម