ឆ្នាំ ២០១៤ មួយរឿងអស់ ៦៨ ម៉ឺន ដុល្លារ ចុះដឹងថា ទសវត្សរ៍ ៦០ ផលិតករចាយទុនប៉ុន្មានទេ?
- 2014-10-01 16:46:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្នាំ ២០១៤ មួយរឿងអស់ ៦៨ ម៉ឺន ដុល្លារ ចុះដឹងថា ទសវត្សរ៍ ៦០ ផលិតករចាយទុនប៉ុន្មានទេ?
ចន្លោះមិនឃើញ
ទុនសម្រាប់ផលិតករឆ្នាំ ២០១៤ ប្រើប្រាស់ក្នុងការផលិតខ្សែភាពយន្តមួយរឿងអស់ជាង ៧០ ម៉ឺនដុល្លារ ក៏ប៉ុន្តែសម្រាប់ទសវត្សរ៍ទី ៦០ ផលិតករប្រើទុនពី ២០ ទៅ ៣០ ម៉ឺនរៀលតែប៉ុណ្ណោះ។
ផលិតករជើងចាស់ល្បីឈ្មោះជំនាន់ទសវត្សរ៍ទី ៦០ លោក លី ប៊ុនយីម បាននិយាយថា៖ "២០ ទៅ ៣០ម៉ឺនរៀលហ្នឹងសម្រាប់រឿងតូចតាចទេ តែបើរឿងធំវិញយើងអាចចាយទុនដល់ ជាង១លានរៀលក៏មាន"។
អានអត្ថបទ៖គិតថា អ្នកគ្រប់គ្រង កម្មវិធីកម្សាន្ត តាមទូរទស្សន៍រូបណា មានភាពឈ្លាសវៃ លេចធ្លោជាងគេ?
រឿង អនអើយ ស្រីអនរបស់ផលិតករ លី ប៊ុនយីម ទសវត្សរ៍៦០
ខ្សែភាពយន្តនាំឱ្យផលិតករជើងចាស់ខាងលើល្បីឈ្មោះមកទល់បច្ចុប្បន្នដែលប្រើទុនត្រឹម ២០ទៅ ៣០ម៉ឺនរៀលខ្មែរមានដូចជារឿង "អនអើយស្រីអន" រឿង "សព្វសិទិ្ធ" និង រឿង "ពុទ្ធិសែននាងកង្រី" ជាដើម។
អានអត្ថបទ៖ ថ្លៃខ្លួនតារាចម្រៀងខ្មែរ ប្រចាំឆ្នាំ២០១៤
លោក លី ប៊ុនយីម បន្តថាកត្តានាំឱ្យខ្សែភាពយន្តទសវត្សរ៍៦០ ប្រើប្រាស់ថវិកាតិចតួចដូច្នេះ ដោយសារតែជំនាន់នោះ តួសម្ដែងមិនសូវជាស៊ីថ្លៃ ហើយមានពេលខ្លះគឺផលិតករ និងតារាសម្ដែងសហការគ្នាក្នុងការផលិតដោយមិនគិតពីកម្រៃ។
ទោះជាយ៉ាងណាក៏ដោយផលិតករមានប្រភពពីខេត្ត កំពង់ចាមរូបនេះ អះអាងការចំណាយក្នុងការផលិតខ្សែភាពយន្តទសវត្សរ៍៦០ និងសម័យបច្ចុប្បន្នមិនអាចយកមកប្រៀបធៀបគ្នាបានទេ។ មិនអាចប្រៀបធៀបបានដោយសារតែខុសសម័យគ្នា ហើយការប្រើប្រាស់ឧបករណ៍ក៏ខុសគ្នាដែរ។ ដូច្នេះហើយតម្លៃគឺត្រូវតែខុសគ្នាតែម្ដង។
ដោយឡែកផលិតករជើងចាស់មួយរូបទៀតជំនាន់ទសវត្សរ៍៦០ដែរ ដែលបច្ចុប្បន្នជារដ្ឋលេខាធិការ ក្រសួងព័ត៌មាន ឯកឧត្ដម ម៉ៅ អាយុទ្ធ បាននិយាយថា ដោយសារលុយរៀលជំនាន់នោះថ្លៃធ្វើឱ្យការផលិតរឿងចំណាយលុយតិច។
ឯកឧត្ដម ម៉ៅ អាយុទ្ធ បានបញ្ជាក់ថា៖"ខ្ញុំមិនច្បាស់ទេអារឿងចំណាយ ព្រោះយូរដែរហើយ តែបើខ្ញុំស្មានមើលមិនច្រើនអីទេ ២០ម៉ឺនរៀលអីហ្នឹងក្នុងមួយរឿង"។
អានអត្ថបទ៖ ធ្លាប់តែដឹងតម្លៃខ្លួនតារាៗសម័យបច្ចុប្បន្ន បើដឹងកាលទសវត្សរ៍ ៩០ វិញបានគួរឲ្យចង់សើច
រឿងស្បែកគង់ របស់ផលិតកម្ម Angkor Picture ឆ្នាំ២០១៤
ងាកមកសម័យបច្ចុប្បន្នវិញការផលិតខ្សែភាពយន្តគេមិនគិតជាលុយរៀលដូចមុនទៀតទេ។ ១០០ភាគរយផលិតករការប្រើប្រាស់ដើមទុនគេនិយាយពីរឿងលុយដុល្លារ។ ជាក់ស្ដែងខ្សែភាពយន្តដែលចំណាយច្រើនបំផុតក្នុងឆ្នាំ២០១៤ គឺរឿង ស្បែកគង់ ជាង៧០ម៉ឺនដុល្លារ។
លោក លី ប៊ុនយីម លើកឡើងពីកម្រិតខ្សែភាពយន្ត និងការចំណាយក្នុងការផលិតរឿងទសវត្សរ៍ទី ៦០ថា៖"ចំណាយតិចមែន ប៉ុន្តែរឿងពេលនោះផលិតមានគុណភាពណាស់ ហើយទស្សនិកជនខ្លះ៥ទៅ៦ដងក៏មានដែរ ដោយមិនមានភាពធុញទ្រាន់ទេ ហើយខ្សែភាពយន្តដាក់តាមរោងវិញ រយៈមួយខែហើយក៏នៅតែមានមនុស្សចូលទស្សនាទៀត"៕
អត្ថបទ៖ អ៊ីង សុឡា