តារា​តៃវ៉ាន់ Vanness Wu និង​ភរិយា​ផ្ទុះ​សង្គ្រាម​សម្ដី​បែកផ្សែង​លើ Instagram

  • 2015-01-02 18:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​លេច​ឡើង​ថា តារា​សម្ដែង និង​ចម្រៀង​ល្បី​តៃវ៉ាន់ Vanness Wu កំពុង​មាន​ជម្លោះ​យ៉ាង​ក្ដៅ​គគុក​ជាមួយ​ភរិយា​ Arissa Cheo ដែល​ចុង​ក្រោយ​នេះ​អ្នក​ទាំង​ពីរ​បាន​បញ្ចេញ​កំហឹង​ដាក់​គ្នា​លើ​បណ្ដាញ Instagram ទៀត​ផង។

 

អំឡុង​ពេល​ចុង​ឆ្នាំ​២០១៤ Arissa បាន​សរសេរ​លើ​ Instagram ថា "ខ្ញុំ​នឹង​សង​អ្នក​​គ្រប់យ៉ាង ដូច​ជា​អ្វី​ដែល​អ្នក​បាន​ធ្វើ​ដាក់​ខ្ញុំ​ដែរ" រួម​ជាមួយ​ពាក្យ​ថា "Merry fxxkin Christmas”។ ភ្លាម​នោះ​អ្នក​គាំទ្រ​ម្នាក់​បាន​បញ្ចេញ​យោបល់​ថា "អ្នក​មិន​គួរ​ប្រើ​ពាក្យ​សម្ដី​បែប​នេះ​ដាក់​ប្ដី​របស់​អ្នក​ឡើយ។ អ្នក​​ប្រមាថ​ភាព​ស្មោះត្រង់​របស់​គាត់​ពេក​ហើយ"។

 

ពាក្យ​សម្ដី​នេះ​​ធ្វើ​ឲ្យ​ Arissa ក្ដៅ​ចិត្ត​និង​ឆ្លើយ​តប​វិញ​ថា "ភាព​ស្មោះ​ត្រង់​អី​ទៅ? ភាព​ស្មោះត្រង់​ក្លែងក្លាយ​ប៉ុណ្ណោះ កុំ​ជឿ​អ្វី​ដែល​គេ​និយាយ។ ភ្ញាក់​ខ្លួន​ឡើង"។ នាង​បាន​សរសេរ​បន្ត​ទៀត​ថា "អ្វី​ដែល​អ្នក​ធ្លាប់​ឃើញ​តាម​ទូរទស្សន៍​មិន​មែន​ជា​ការ​ពិត​ឡើយ។ អ្នក​មិន​ចាំបាច់​ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​ខ្ញុំ​ដឹង​រួច​ហើយ​ទេ"។

 

Vanness បានសរសេរ​តប​ទៅ​ភរិយា​ថា "ប្រយ័ត្ន​សម្ដី​របស់​អ្នក​ផង"។ ប៉ុន្តែ​ក្រោយ​មក​ ទំនង​ជា​មិន​ចង់ឲ្យ​​ជម្លោះ​នេះ​​​កាន់​តែ​រីក​ធំ​​ អ្នក​ទាំង​ពីរ​ក៏​បាន​លុប​ពាក្យ​សម្ដី​ទាំង​នោះ​ចោល។ នៅ​ពេល​ជួប​អ្នក​សារព័ត៌មាន នៅ​ប្រលាន​យន្តហោះ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន តារា​សម្ដែង​វ័យ ៣៦ឆ្នាំ Vanness ក៏​មិន​បាន​ឆ្លើយ​បកស្រាយ​ពី​បញ្ហា​ក្នុង​គ្រួសារ​របស់​គេ​ដែរ។ ​​​​​​ តារា​សម្ដែង​តៃវ៉ាន់ Vanness Wu អតីត​សមាជិក​ក្រុម F4 បាន​រៀបការ​ជាមួយ​ភរិយា Arissa Cheo ​ជា​កូន​ស្រី​ក្នុង​គ្រួសារ​សែស្រឡាយ​ចិន និង​ឥណ្ឌូណេស៊ី ដែល​មាន​មុខ​ជំនួញ​ប្រេងកាត​រាប់ពាន់​លាន​ដុល្លារ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៣ បន្ទាប់​ពី​តស៊ូ​ស្រឡាញ់​គ្នា​ជា​ច្រើន​ឆ្នាំ ប៉ុន្តែ​មិន​ធ្លាប់​មាន​ព័ត៌មាន​ឈ្លោះ​គ្នា​ដូច​លើក​នេះ​ឡើយ ៕

 

 

ចុច​អាន៖តារា​ចិន​ល្បី​ៗ ៦​រូប ដែល​មាន​ប្រពន្ធ​ជា​កំពូល​អ្នក​មាន

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ lollipop ,asianpopnews