ផ្ទុះអាវុធលើកទី៣ នៅប៉ារីស ខណៈខ្មាន់កាំភ្លើងកំពុងគេចខ្លួន
- សៅរ៍, 10 មករា 2015 00:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះអាវុធលើកទី៣ នៅប៉ារីស ខណៈខ្មាន់កាំភ្លើងកំពុងគេចខ្លួន
ចន្លោះមិនឃើញ
មុននេះបន្តិច ការបាញ់ប្រហារគ្នាមួយប្រាវទៀតបានកើតឡើងនៅប៉ារីស បន្ទាប់ពីប៉ូលិសដេញតាមឡានមួយដែលសង្ស័យថាមានដឹកខ្មាន់កាំភ្លើង ជាអ្នកវាយប្រហារសម្លាប់រង្គាលនៅការិយាល័យកណ្ដាលទស្សនាវដ្ដី Charlie Hebdo កាលពីថ្ងៃពុធកន្លងទៅ។
មុនការបាញ់ប្រហារកើតឡើង ក៏មានរបាយការណ៍បញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ បានលួចរថយន្តម៉ាក Peugeot នៅក្រុងមួយចម្ងាយប្រហែល ៤៨គីឡូម៉ែត្រ ភាគឦសានទីក្រុងប៉ារីស។ យ៉ាងណាក្ដី មិនមានរបាយការណ៍ណាបង្ហាញពីចំនួនអ្នករងរបួស ឬអ្នកបាត់បង់ជីវិតនៅក្នុងការប៉ះទង្គិចលើកនេះនៅឡើយទេ។ ប៉ូលិសជាច្រើនបានដាក់ពង្រាយ ដើម្បីតាមប្រមាញ់ជនល្មើសនៅលើរថយន្តនោះ។
ទស្សនាវីដេអូផ្សាយផ្ទាល់សកម្មភាពតាមចាប់ខ្លួនជនល្មើស៖
ហេតុការណ៍នេះបានកើតឡើងប្រមាណជិត ៤៨ម៉ោងប៉ុណ្ណោះ ក្រោយសោកនាដកម្មបាញ់រះដ៏សាហាវនៅទីស្នាក់ការ Charlie Hebdo ដែលឆក់យកជីវិតមនុស្សអស់ ១២នាក់ទាំងរន្ធត់។ ជនសង្ស័យទាំង ៣នាក់នៅពេលប្រព្រឹត្តបទល្មើស មានពីរនាក់ជាបងប្អូននឹងគ្នា ឈ្មោះ Said Kouachi និង Cherif Kouachi មានអាយុខ្ទង់ ៣០ឆ្នាំ។ ចំណែកឯជនសង្ស័យទី៣ ឈ្មោះ Hamyd Mourad អាយុទើបតែ ១៨ឆ្នាំប៉ុណ្ណោះ។
បើតាមរបាយការណ៍ បានបញ្ជាក់ថា ជនសង្ស័យទាំងបីនាក់នេះ មានជាប់ទាក់ទងនឹងបណ្ដាញភេរវកម្មនៅប្រទេសយេមែន។ ក្រោយប្រព្រឹត្តបទល្មើសរួច ជនសង្ស័យអាយុ ១៨ឆ្នាំ បានប្រគល់ខ្លួនឲ្យប៉ូលិស ចំណែក ២នាក់ទៀតរត់គេចខ្លួនមិនទាន់ចាប់បាននៅឡើយ៕
ជនសង្ស័យទាំងពីរនាក់ដែលកំពុងរត់គេចខ្លួន
ព័ត៌មានលម្អិតនឹងធ្វើការចុះផ្សាយជូនជាបន្តបន្ទាប់។
ដោយ៖ គង់ វិសាល ប្រភព៖ telegraph