តោះ​សប្ដាហ៍​នេះ​ ​រៀន​ធ្វើ​​ម្ហូប​តុំយ៉ាំ​​បង្គា​​​ម្ដង​មើល៍!

  • 2015-01-10 17:41:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ម្ហូប​ពិសេស​ប្រចាំ​សប្ដាហ៍​​ថ្ងៃ​នេះ​ Sabay នឹង​​បង្ហាញ​​ជូន​ប្រិយមិត្ត​​ពី​របៀប​ធ្វើ​ម្ហូប​តុំយ៉ាំ​បង្គា​ម្ដង​មើល៍!

 

តុំយ៉ាំ​ ជា​សម្លម្ជូរ​បែប​ថៃ​​ ​មាន​រស​ជាតិ​ជូរ​ហឹរៗ ​ដ៏​ពេញ​និយម ដែល​ផ្សំ​ឡើង​ពី​គ្រឿង​ផ្សំ​​មិន​ក្រោម​​១០​​មុខ​ទេ តែ​បើ​និយាយ​ពី​​​រស​ជាតិ និង​ការ​ពេញ​និយម​របស់​សម្ល​ម្ជូរ​នេះ​វិញ ​មិន​ចាញ់​មុខ​ម្ហូប​ដ៏​ទៃ​ទៀត​ប៉ុន្មាន​ទេ។ ជា​ពិសេស​ គេ​តែង​ឃើញ​​វត្តមាន​សម្ល​​រស​ជាតិ​ជូរ​ហឹរ​នេះ​ នៅ​ក្នុង​កម្មវិធី​ផ្សេងៗ មិន​សូវ​ខាន​ឡើយ។

 

​តោះ​កុំ​ឲ្យ​ខាត​ពេល ​ចង់​ដឹង​ថា​​គ្រឿង​ផ្សំ​ និង​វិធី​ធ្វើ​​សម្ល​ម្ជូរ​តុំយ៉ាំ​នេះ​​ មាន​អ្វី​ខ្លះ សូម​តាម​ដាន​ទាំង​អស់​គ្នា!

 

​​​​​​​​គ្រឿង​ផ្សំ ៖

 

បង្គា​ស្រស់​ ៣-៤ខាំ គល់​ស្លឹក​គ្រៃ២​ដើម ផ្សិត​ចំបើង​ ១ខាំ ក្រូច​ឆ្មារ​ ១ផ្លែ ស្លឹក​ក្រូច​សើច​ ៤​ សន្លឹក គ្រឿង​តុំយ៉ាំ​ ១​កញ្ចប់ ទឹក​ស៊ុប ៤ ចាន​ចង្កឹះ ម្ទេស​ស្រស់​ ៥គ្រាប់ ទឹក​ត្រី​ កន្លះ​ស្លាប​ព្រា​បាយ អំបិល​ កន្លះ​ស្លាប​ព្រា​បាយ ស្ករ​ស កន្លះ​ស្លាប​ព្រា​បាយ ម្សៅ​ស៊ុប​ កន្លះ​ស្លាប​ព្រា​បាយ។

 

វិធី​ធ្វើ ៖

 

១. ​យក​បង្គា​ស្រស់​​ធ្វើ​ឲ្យ​ស្អាត គល់​ស្លឹក​គ្រៃ​ហាន់​បញ្ជិត​ក្រាស់ៗ​បន្តិច ២. ដាំ​ទឹក​ស៊ុប​ឲ្យ​ពុះ​​ រួច​ដាក់​គ្រឿង​ផ្សំ​ខាង​លើ​​ចូល​ មាន​​គល់​ស្លឹក​គ្រៃ​ ស្លឹក​ក្រូច​សើច ក្រូច​ឆ្មារ គ្រឿង​តុំយ៉ាំ ទឹក​ត្រី អំបិល ស្ករស ម្សៅ​ស៊ុប ផ្សិត​ចំបើង បង្គា ម្ទេស​ស្រស់​ ទុក​ឲ្យ​ទឹក​ពុះ​ ឆ្អិន​​​សាច់​បង្គា​ល្មម។ ​បើ​ឆ្អិន​អស់​ហើយ​ ប្រិយមិត្ត​​អាច​​ភ្លក់​​រសជាតិ​ជូរ​​ ហឹរ​ៗ និង​ប្រៃ​បន្តិច​ ​​សម្ល​ម្ជូរ​​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​​មួយ​នេះ​បាន​ជា​ការ​ស្រេច ដូច​រូប​ខាង​ក្រោម​នេះ​អញ្ចឹង។

 

សម្ល​ម្ជូរ​តុំយ៉ាំ​​បង្គា​ ស្រួល​ធ្វើ​​​សោះ​ហ្នឹង ​មាន​អ្វី​ពិបាក​ ប្រិយមិត្ត​​ក៏​អាច​សាក​ល្បង​ធ្វើ​ខ្លួន​ឯង​នៅ​ផ្ទះ​បាន​ដែរ៕​​​

​អត្ថបទ៖ យិន សំបូរ