៤ ចំណុច​រឹត​ចំណង​ស្នេហ៍​​តាំង​ពី​រៀន​​វិទ្យាល័យ​រហូត​​​​បាន​សម្រេច​ជា​គូ​អនាគត​​

  • 2015-01-15 18:39:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​រយ​តិច​ណាស់​ ដែល​ស្នេហា​របស់​យុវវ័យ​ក្នុង​វ័យ​សិក្សា​ ទទួល​បាន​ជោគ​ជ័យ​ដូច​បំណង​ប្រាថ្នា បើ​មិន​បែក​គ្នា​ដោយ​មូល​ហេតុ​នេះ​ ក៏​មាន​ហេតុ​ផល​ផ្សេង​ដែរ។ ​តើ​អ្នក​ណា​មិន​ចង់​រស់​នៅ​ជាមួយ​មនុស្ស​ ដែល​ខ្លួន​ស្រលាញ់​នោះ? បើ​អញ្ចឹង​សូម​មិត្ត​យុវវ័យ​ ងាក​មក​ចាប់​អារម្មណ៍​ជាមួយ​នឹង​គន្លឹះ​​សំខាន់ៗ​ ៤ ​ចំណុច​ ពី​បុគ្គល​ដែល​ជោគ​ជ័យ​ក្នុង​រឿង​ស្នេហា​ តាំង​ពី​ពួក​គាត់​​​រៀន​ថ្នាក់​វិទ្យាល័យ​ជាមួយ​គ្នា​​ រហូត​​បាន​គ្នា​ជា​គូ​អនាគត​​ដល់​សព្វ​ថ្ងៃ​នេះ។

 

រូប​តំណាង

 

​លើក​ឡើង​ពី​ប្រធាន​បទ​​នេះ​ដែរ​ លោក​​​ ម៉ែន​ សំអាត ​​អាយុ​ ២៨ ឆ្នាំ ​សព្វ​ថ្ងៃ​ជា​មន្ត្រី​ឥណទាន​នៃ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​នៅ​ខេត្ត​តាកែវ​ ​​​បាន​ប្រាប់​ថា ​​រូប​លោក និង​ ភរិយា​ ​ស្រលាញ់​គ្នា​ស្មោះ​ស្ម័គ្រ​​តាំង​ពី​នៅ​រៀន​ជា​មួយ​គ្នា​ម្ល៉េះ។ គិត​មក​ទល់​ពេល​នេះ​ ពួក​គាត់​បាន​រៀប​ការ​ជាមួយ​គ្នា​បាន​ជិត​៥ឆ្នាំ​ហើយ។

 

"ចង់​​មាន​ស្នេហា​មួយ​ដែល​ឋិតថេរ គង់​វង្ស​ ជាមួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ គ្មាន​អ្វី​សំខាន់​ជាង​ចិត្ត​ស្មោះ​ហ្នឹង​ទេ ​រឿង​នេះ​សំខាន់​ជាង​គេ​ ស្រលាញ់​ស្មោះ​មិន​ប្រែ​ប្រួល​ ទោះ​ទៅ​ដល់​ណា​ យូរ​ប៉ុណ្ណា​ក៏​មិន​​ខ្លាច​បែក​ចិត្ត​ពី​គ្នា​ដែរ"។លោក​ សំអាត បញ្ជាក់។ ​

​​

ការ​ស្រលាញ់​គ្នា​ស្មោះ​ជា​រឿង​ល្អ​​ម្យ៉ាង​ដើម្បី​ ស្រលាញ់​គ្នា​សម​ដូច​បំណង​ ចុះ​នៅ​មាន​ចំណុច​អ្វី​ផ្សេង​ទៀត​​អត់​ហ្ន៎?

 

"រឿង​មួយ​ដែល​ខ្ញុំ​អាច​ប្រាប់​បាន​ពី​បញ្ហា​ ស្នេហា​យុវវ័យ​ក្នុង​វ័យ​សិក្សា​ គឺ​ថា​ សង្សារ​ស្រលាញ់​គ្នា​ ជៀស​មិន​ផុត​ពី​​មាន​បញ្ហា​ឈ្លោះ​ប្រកែក​គ្នា​ទេ​ តែ​កុំ​ឧស្សាហ៍​ឈ្លោះ​គ្នា​ពេក ​​អាច​ធ្វើ​ឲ្យ​ឆាប់​ធុញ​ទ្រាន់​គ្នា​ ហើយ​បើ​មាន​បញ្ហា​ទាស់​ពាក្យ​សម្ដី​គ្នា​​បន្តិច​បន្តួច​ ត្រូវ​ចេះ​ដោះ​ស្រាយ​ជម្លោះ​ ដោយ​សន្តិវិធី ​ចេះ​សូម​ទោស​ និង​លើក​លែង​ឲ្យ​គ្នា។"។ នេះ​ជា​ការ​លើក​ឡើង​របស់​​ លោក​ ហេង ​សំអឿន​ ​វ័យ​​ ២៩ ឆ្នាំ ​ដែល​ពី​មុន​​លោក​ និង ​ភរិយា​ ​ធ្លាប់​រៀន​ជាមួយ​គ្នា​​តាំង​ពី​ថ្នាក់​វិទ្យាល័យ​ដែរ។

 

"ចំណុច​មួយ​ទៀត​ ត្រូវ​ចេះ​រក្សា​រឿង​សម្ងាត់​ និង​ទុក​ចិត្ត​​គ្នា​ទៅ​វិញ​ទៅ​មក ​មិន​ត្រូវ​ឲ្យ​មាន​អ្នក​ផ្សេង​​ដឹង​រឿង​ផ្ទៃ​ក្នុង​រវាង​អ្នក​ទាំង​ពីរ​ច្រើន​ពេក​ទេ ព្រោះ​ស្នេហា​ជា​រឿង​​របស់​មនុស្ស​តែ​​ពីរ​នាក់​ រឿង​អ្វី​ដែល​សង្សារ​អ្នក​និយាយ​ប្រាប់​ ​មាន​ន័យ​ថា​គេ​ទុក​ចិត្ត​យើង​ ទើប​គេ​​ប្រាប់។ ​គាត់​​ចាត់​ទុក​​គាត់​ជា​មនុស្ស​សំខាន់​ ទើប​ប្រាប់​អាថ៌កំបាំង​ ឬ​ផ្ទៃ​ក្នុង​ប្រាប់​អីចឹង"។ នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​ យុវជន ឡុង មករា អាយុ​២៥ឆ្នាំ ​អតីត​និស្សិត​សកល​វិទ្យាល័យ​ចំរើន​ពហុ​បច្ចេកវិទ្យា។ ​​​​​​​​ ​​​​

លោក​ វិចិត្រ​ អាយុ​ ៣០ ឆ្នាំ ​ជា​បុគ្គលិក​​ផ្នែក​ទីផ្សារ​ ក្នុង​​ក្រុម​ហ៊ុន​ចែក​ចាយ​ចំណី​អាហារ​មួយ​ នៅ​ភ្នំពេញ​ ប្រាប់​ឲ្យ​ដឹង​ថា ត្រូវ​មាន​ការ​គាំ​ទ្រ ​ពី​គ្រួសារ​ទាំង​សង​ខាង​​បន្ថែម​ទៀត​ទើប​ល្អ​ប្រសើរ។

 

"ចំណុច​នេះ​ខ្ញុំ​ចង់​បញ្ជាក់​បន្ថែម​​ថា ​បើ​ចង់​ឲ្យ​គ្រួសារ​ទាំង​សង​ខាង​គ្រាំ​ទ្រ ​ម្នាក់ៗ​ត្រូវ​តែ​បញ្ជាក់​ឲ្យ​ពួក​គាត់​​ឃើញ​ថា​ យើង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ មាន​ការងារ​ធ្វើ​ ហេតុ​ដូច្នេះ​ បន្ទាប់​ពី​រៀន​ចប់​ថ្នាក់​វិទ្យាល័យ​ ចូល​ដល់​សកល​វិទ្យាល័យ​ គួរ​តែ​រក​ការងារ​​ធ្វើ​​បណ្ដើរ​ រៀន​បណ្ដើរ"។ លោក​ វិចិត្រ​ ​ថ្លែង​បន្ថែម​ដូច​នេះ៕

 

ចុះ​មិត្ត​យុវវ័យ​វិញ​ យល់​​ម៉េច​ដែរ ចំពោះ​ការ​លើក​ឡើង​នេះ?​

 

អត្ថបទ៖ យិន សំបូរ​