Henry រិះគន់ Arsenal ថា​ដើរ​ថយ​ក្រោយ

  • 2015-01-19 19:14:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Thierry ​Henry អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​កាំ​ភ្លើង​ធំ​ បាន​និយាយ​ថា​ Arsenal បាន​ដើរ​ថយ​ក្រោយ​ក្នុង​រយៈ​​ពេល​២​ទៅ​៣​ឆ្នាំ​ចុង​ក្រោយ។ ការ​និយាយ​នេះ​គឺ​នៅ​ក្នុង​ពេល​លោក​ធ្វើ​ជា​អ្នក​វិភាគ​ឲ្យ​ទូរទស្សន៍ Sky Sports ​នៅ​មុន​​ការ​ប្រកួត​ដែល​​​ក្រុម​ចាស់​របស់​លោក ​យក​ឈ្នះ​ក្រុម​ Manchester City​ ២-០​ យប់​មិញ។

 

 

អតីត​កីឡាករ​ជម្រើស​ជាតិ​បារាំង​ជឿ​ថា ​ក្លិប​នេះ​កំពុង​តែ​ខ្វះ​ខាត​ខ្សែ​បម្រើ​ស្នូល​កណ្ដាល​លំដាប់​ពិភពលោក​ (world​ class players) ដើម្បី​ជា​ជំនួយ​ដល់​ខ្សែ​ការ​ពារ ​Per​ Mertesacker​ និង​ Laurent​ Koscielny។ ជាក់​ស្តែង​កាល​ពី​រដូវ​កាល​ ២០០៣-២០០៤​ ដែល​កាំ​ភ្លើង​ធំ​ប្រកួត​មិន​ដែល​ចាញ់​សោះ​នោះ​ គឺ​ដោយ​សារ​មាន​ខ្សែ​បម្រើ​សំខាន់ៗ​ដូចជា​​ Patrick ​Vieira ​និង ​Gilberto​ Silva​ ជា​ដើម​។

 

បុរស​វ័យ​៣៧​ឆ្នាំ​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​អតីត​មិត្ត​រួម​ក្រុម​របស់​លោក​ កីឡាករ ​Alex ​Song​ ដែល​បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម ​West ​Ham​ ក៏​មាន​សមត្ថភាព​អស្ចារ្យ​ និង​ល្អ​គ្រប់​គ្រាន់​ក្នុង​តំណែង​នេះ​ដែរ​។

 

វីរ​បុរស ​Arsenal ​រូប​នេះ​ដដែល​បាន​និយាយ​ថា៖ ​«ពិត​ណាស់​ ពួក​គេ​គឺ​កំពុង​តែ​ដើរ​ថយ​ក្រោយ ​មើល​ទៅ​ពួក​គេ​លេង​ដើម្បី​តែ​បាន​តំណែង​ Top 4​ តែ​ប៉ុណ្ណោះ​។ ​បើ​យើង​និយាយ​ពី ​Arsenal​ ពួក​គេ​គួរ​តែ​ជា​ក្រុម​ដែល​ព្យាយាម​ប្រ​ជែង​យក​ជើង​ឯក​។ ​ខ្ញុំ​ជឿ​ថា​លោក​ Arsene ​Wenger រួម​ទាំង​​អ្នក​គាំ​ទ្រ​ និង​អ្នក​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់​ទាំង​អស់ ​ក៏​ចង់​បាន​លទ្ធ​ផល​ប្រសើរ​ជាង​នេះ​ដែរ»​។

 

Henry ​បន្ត​ថា៖​ «Song ​អាច​នឹង​ជួយ​ឲ្យ​ Arsenal ​ប្រសើរ​ជាង​មុន។ ​គាត់​ជា​កីឡាករ​ដែល​គ្រប់​គ្នា​ចង់​បាន​ឲ្យ​លេង​នៅ​ពី​មុខ​ខ្សែ​ការ​ពារ​ទាំង​៤​នាក់។​ គាត់​អាច​ជួយ​ដល់​ខ្សែ​ការ​ពារ ​ហើយ​ក៏​អាច​បម្រើ​ដល់​តំបន់​ប្រ​យុទ្ធ​បាន​ដូច​គ្នា»។​

 

 

ប្រ​កួត​បន្ទាប់ ​Arsenal ​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ ​ក្រុម​ Brighton ​ក្នុង​ការ​ប្រកួត​ FA​ Cup​ ជុំ​ទី៤​ នា​ថ្ងៃ​អាទិត្យ​ ទី២៥​ ខែ​មករា​ខាង​មុខ​នេះ។

 

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​សម្រាប់​ការ​លើក​ឡើង​របស់ Henry ខាង​លើ​នេះ?​

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត

ប្រភព៖ DailyMail