ផលិតកម្ម​ បុប្ផា ថត​ MV ជាង ៨០ បទ​ ត្រៀម​លក់​រដូវ​ចូល​ឆ្នាំ

  • 2015-01-21 17:55:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​បទ​ចម្រៀង​ចំនួន ៨០ បទ ក្នុង​នោះ​មាន បទ​ថ្មី​​ជាង ៥០ បទ ត្រូវ​បាន​ផលិតកម្ម​​ បុប្ផា ថត​​វីដេអូ​ខារ៉ាអូខេ​ កាល​ពី​ម្សិល​មិញ ដើម្បី​ត្រៀម​ចេញ​លក់​ក្នុង​រដូវ​ចូល​ឆ្នាំ​ខាង​មុខ​នេះ។

 

http://youtu.be/FPbgOlV9Fp0

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ លោក ឡោ កុសល អ្នក​ដឹក​នាំ​ក្នុង​ការ​ថត​នេះ បទ​ចម្រៀង​​ទាំង ៨០ បទ​ នេះ នឹង​ត្រូវ​ចែក​ចេញ​ជា ​៤ វ៉ុល ដែល​សុទ្ធសឹងតែ​ជា​បទ​​តម្រូវ​រដូវ​ចូល​ឆ្នាំ​​ប្រពៃណី​ខ្មែរ មាន​ដូច​ជា រាំវង់ រាំក្បាច់ សាន់វ៉ាន់ ឡាំលាវ កន្ទ្រឹម ជា​ដើម។  ផលិតកម្ម​បុប្ផា បាន​ប្រើ​ពេល​​តែ ​១ ថ្ងៃ ​ប៉ុណ្ណោះ ​ក្នុង​ការ​ថត​បទ​ចម្រៀង​ទាំង​អស់​នេះ  ដែល​ចាប់​ផ្ដើម​តាំង​តែ​ពី​ម៉ោង ៨ ព្រឹក  រហូត ដល់​ម៉ោង ៤ ទាប​ភ្លឺ ​​ក្នុង​ទី​អារាម​មួយ​ នៅ​សង្កាត់ ស្ទឹង​មាន​ជ័យ។

 

ការ​ថត​បទ​ចម្រៀង​ច្រើន​ប្រើ​ពេល​តែ​១ថ្ងៃ មិន​មែន​ជា​រឿង​ថ្មី​ឡើយ ជា​រៀង​រាល់​ឆ្នាំ​ផលិតកម្ម​បុប្ផា ក៏​ដូច​ជា ​ផលិតកម្ម​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត ក៏​ធ្វើ​របៀប​នេះ​ដូច​គ្នា។ លោក ឡោ កុសល បាន​លើក​ឡើង​ថា តារា​សម្ដែង ក៏​ដូច​ជា តារា​ចម្រៀង​មិន​សូវ​មាន​ពេល​​គ្រប់គ្រាន់​ឲ្យ​ឡើយ ទម្រាំ​ណាត់​បាន​មក​ថត ក្រុម​ការងារ​របស់​លោក​បាន​ប្រើ​ពេល​ជាង ​១ ខែ ដើម្បី​អញ្ជើញ​មក​ចូល​រួម។

 

លោក កុសល បាន​ឲ្យ​ដឹង​ទៀត​ថា ទាំង​តារា​ចម្រៀង​ក៏​ដូច​ជា​តារា​សម្ដែង​​​រាំ​អម​ឆាក មាន​រហូត​ដល់​ទៅ​​ជិត ១០០ នាក់ ត្រូវ​បាន​ផលិតកម្ម​របស់​លោក​អញ្ជើញ​មក។

 

ផលិតកម្ម​បុប្ផា ជា​ផលិតកម្ម​មួយ​ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ផលិតកម្ម​ខ្មែរ​នៅ​ក្រៅ​ប្រទេស ដែល​មាន កញ្ញា ឡោ បុប្ផា ជា​ចាងហ្វាង ។ កន្លង​មក​មាន​ផលិតកម្ម​ខ្មែរ​ក្នុង​ស្រុក និង ​ក្រៅ​ស្រុក​ច្រើន​ណាស់​បង្កើត​ឡើង ប៉ុន្តែ​ក្រោយ​មក​ក៏​បិទទ្វារ​​ទៅ​វិញ ដោយសារតែ​ការ​ផលិត​គ្មាន​​គុណភាព និង មាន​ការ​លូច​ចម្លង​​ច្រើន។

 

លោក បាន​បញ្ជាក់​ថា  មូលហេតុ​ដែល​នាំ​ឲ្យ​ផលិតកម្ម​មួយ​បិត​ទ្វា​ក៏​ព្រោះតែ​បទ​ចម្រៀង​ដែល​ផលិត​ហើយ ត្រូវ​បាន​ជន​ខិលខូច​ចម្លង​យក​ទៅ​លក់​បន្ត ហើយ​ដាក់​លក់ ក្នុង​តម្លៃ​ថោក។  អ្នក​ដឹង​នាំ​សម្ដែង​រូប​នេះ​បាន​លើក​ឡើង​ថា កុំ​ថា​ឡើយ​នៅ​ក្នុង​ស្រុក សូម្បី​តែ​នៅ​អាមេរិក​ក៏ មានCD Copy ដែរ ដោយ​ជន​ខិល​ខូច​ទាំង​នោះ យក​ទៅ​លក់​តាម​ផ្ទះ​បង​ប្អូន​ខ្មែរ​តែ​ម្ដង ដោយ​​គេ​លក់​តែ​១​បន្ទះ គឺ​ពី​១-២ ដុល្លារ ប៉ុណ្ណោះ ខណៈ​ដែល CD Original មាន​តម្លៃ​ដល់​ទៅ ៥ ដុល្លារ​ក្នុង​មួយ​បន្ទះ។  ជា​មួយ​គ្នា​នោះ​ដែរ YouTube ក៏​ជា​ចំណុច​ដែល​នាំ​ឲ្យ​ផលិតកម្ម​ក្ស័យ​ធន​ដែរ ព្រោះ​អ្នក​ទិញ​បាន​យក​ទៅ​ចម្លង​ចូល ដូច​នេះ​អតិថិជន​ដែល​ធ្លាប់​ទិញ លែង​ទិញ បែរ​ជា​ចាំ​មើល តាម YouTubeទៅ​វិញ។

 

ទោះ​បែប​នេះ​ក្ដី ដើម្បី​សិល្បៈ ទំនៀមទម្លាប់​​ប្រពៃណី​ខ្មែរ ផលិតកម្ម​បុប្ផា នៅ​តែ​​មាន​ឆន្ទៈ បន្ត​​ការងារ​របស់​ខ្លួន  រហូត​ដល់​ដំណាក់​កាល​ចុង​ក្រោយ។ ក្នុង​នោះ​ដែរ លោក​សូម​សំណូមពរ អតិជន​ទាំង​អស់ មេត្តា​ជួយ ទិញ CD Original  របស់​​ផលិតកម្ម​បុប្ផា ដើម្បី​ឲ្យ​ផលិតកម្ម​ចាស់​វស្សា​មួយ​នេះ អាច​ឈរ​ជើង​បម្រើ​អារម្មណ៍​ទស្សនិកជន​បន្ត​ទៀត ៕

 

សូមទស្សនា​រូបភាព​ តារាប្រុស-ស្រី ចាស់ និង ថ្មី ដែល​បាន​ចូលរួម​ថត​ MV ឲ្យ​ផលិត​កម្ម បុប្ផា កាល​ពី​ម្សិលមិញ​នេះ។

 

សូមចុចអាន៖ គ្រឹះ​​ដ៏​​រឹង​មាំ ​​៦ យ៉ាង ព្រាប សុវត្ថិ នៅ​តែ​​មាន​​ប្រជាប្រិយភាព​​ខ្ពស់​​ពី​​មហាជន

សូមចុចអាន៖ លទ្ធផល​ជំរុញ​ការ​ផលិត​ភាពយន្ត​ចេញ​ហើយ ក្រោយ​សម្ដេច ហ៊ុន សែន ដាក់​បញ្ជា!

សូមចុចអាន៖ តន្ត្រី​យុវជន​សប្បុរសធម៌​អង្គាស​ថវិកា​សម្រាប់​ទិញ​សម្ភារៈ​​សិក្សា​ដល់​កុមារ​ក្រីក្រ​

 

 

អត្ថបទ៖ ខុត សីហា

អត្ថបទពេញនិយម