នូ ស៊ឹប រាងកាយ​ទ្រុឌទ្រោម ក្រោយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍

  • 2015-01-30 22:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ជើងចាស់ ​លោក នូ ស៊ឹប បាន​រៀបរាប់​ប្រាប់ ​Sabay នៅ​ព្រឹក​នេះ​ថា ដៃជើង​របស់​លោក​នៅ​មិន​ទាន់​កម្រើក​បាន​ទេ បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​តាម​បណ្ដោយ​ផ្លូវ ម៉ៅសេងទុង កាលពី​ពេល​​ថ្មីៗ​នេះ។

 

លោក នូ ស៊ឹប កំពុង​រៀបរាប់​រឿងរ៉ាវ​របស់​គាត់ នៅ​ក្នុង​បន្ទប់​ជួល​តូច​មួយ​រស់​នៅ​ជាមួយ​ក្មួយ​ប្រុស

 

លោក​បន្ត​ថា ​មិន​បាន​ទៅ​រក​ការ​ព្យាបាល​ពី​មន្ទីរ​ពេទ្យ​ណា​មួយ​ឡើយ ដោយ​គ្រាន់​តែ​ឲ្យ​ក្មួយៗ រស់​នៅ​ជាមួយ ទិញ​ថ្នាំ​យក​មក​ព្យាបាល​ខ្លួន​ឯង​ ដោយ​ពី​មុន​លោក​ធ្លាប់​ចេះ​វិជ្ជា​ពេទ្យ​ដែរ។ ម្យ៉ាង​ទៀត មិន​សូវ​មាន​ថវិកា​គ្រប់​គ្រាន់​ក្នុង​ការ​ព្យាបាល​នោះ​ទេ ព្រោះ​អាជីព​ចម្រៀង​កន្លង​បាន​ត្រឹម​មួយ​ទប់ទល់​ជីវភាព​ប្រចាំ​ថ្ងៃ​។

 

“ ដល់​ពេល​ជួប​គ្រោះ​ថ្នាក់​អីចឹង​ទៅ ឥឡូវ​កាន់​តែ​យ៉ាប់​ហើយ ព្រោះ​គេ​ហៅ​ខ្ញុំ​ទៅ​ច្រៀង​ក៏​មិន​បាន​ទៅ​ដែរ ឃើញ​ស្រាប់​ហើយ បើ​ដេក​ដួល​អញ្ចឹង!”។ លោក នូ ស៊ឹប បញ្ជាក់​យ៉ាង​ដូច្នេះ។

 

អ្នក​សិល្បៈ​​ជើង​ចាស់​រូប​នេះ​ រំលឹក​ថា លោក​មិន​បាន​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ពី​ភាគី​ម្ខាង​ទៀត​នោះ​ទេ ទោះ​បី​ជា​លោក​មាន​របួស​រលាត់​ដៃ​ជើង និង​ ប៉ះ​ទង្គិច​រហូត​គ្រាំគ្រា​កម្រើក​មិន​រួច ហើយ​ម៉ូតូ​ម៉ាក ​Fino ដែល​ខ្ចី​ពី​ក្មួយ​ប្រុស​ជិះ ត្រូវ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​ក៏​ដោយ។ ដោយ​សារ​លោក​ជា​សិល្បករ ទើប​មិន​ចង់​ឲ្យ​មាន​រឿងរ៉ាវ​វែង​ឆ្ងាយ ស្រប​ពេល​ដែល​ឃើញ​ភាគី​ម្ខាង​ទៀត ក៏​មាន​របួស​ធ្ងន់​ដូច​គ្នា​ដែរ។

 

លោក នូ ស៊ឹប កំពុង​រៀបរាប់​រឿងរ៉ាវ​របស់​គាត់ នៅ​ក្នុង​បន្ទប់​ជួល​តូច​មួយ

 

ទោះ​បី​ជា​យ៉ាង​ណា លោក​សង្ឃឹម​ថា របួស​នឹង​ឆាប់​ជា​សះស្បើយ ហើយ​អាច​ធ្វើ​ចលនា​ងាយ​ស្រួល​បាន​ដូច​ពី​មុន​ក្នុង​ពេល​ឆាប់ៗ​នេះ។ ប្រសិន​បើ​អូស​បន្លាយ​ពេល​វេលា​យូរ​ពេក អាច​មាន​ផល​ប៉ះពាល់​ដល់​ជីវភាព​របស់​លោក​យ៉ាង​ខ្លាំង ព្រោះ​ត្រូវ​ចំណាយ​លុយ​កាក់​ជា​ប្រចាំ តែ​គ្មាន​ចំណូល​មក​វិញ។ ហើយ​បើ​ផ្អែក​លើ​ប្រាក់​របប​សោធន​និវត្តន៍​នោះ មិន​អាច​គ្រប់គ្រាន់​នោះ​ទេ សម្រាប់​ការ​ចំណាយ​រាល់​ប្រចាំ​ថ្ងៃ។

 

លោក នូ ស៊ឹប មាន​វ័យ​ ​៦៧ ​ឆ្នាំ​ និង​ មាន​ប្រភព​ពី​ខេត្ត​កំពង់ធំ ហើយ​មាន​ទេពកោសល្យ​សិល្បៈ​តាំង​ពី​កំណើត​ដោយ​អាច​ច្រៀង​បាន​ទាំង​​បទ​សម័យ, បុរាណ ដូចជា ​យីកេ, បាសាក់ និង ​មហោរី​ ជា​ដើម។ ប៉ុន្តែ​សព្វ​ថ្ងៃ​ លោក នូ ស៊ឹប បាន​ត្រឹម​ច្រៀង​តាម​ភោជនីយដ្ឋាន​ពេល​រាត្រី ដើម្បី​បាន​កម្រៃ​ខ្លះ​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ។ ហើយ​ការ​ព្យាបាល​របួស​នៅ​ពេល​នេះ គឺ​មាន​ជំនួយ​ឧបត្ថម្ភ​ខ្លះ ពី​សប្បុរសជន​តិចតួច។ ប្រសិន​បើ​សប្បុរសជន​ចង់​ចូលរួម​ចំណែក​ជួយ​អ្នក​សិល្បៈ​រូប​នេះ​សូម​ទាក់ទង​ដោយ​ផ្ទាល់​ទៅ​កាន់​លេខ​ទូរសព្ទ​របស់​លោក ០១២ ៩៥៨ ០៥៤

 

 

 

អាន​អត្ថបទ៖ "កូន​មាស​ម្ដាយ" តាំង​ចិត្ត​មុះមុត

អាន​អត្ថបទ៖ កន្លះ​ខែ​ទៀត សារ៉ាយ សក្ខណា ឃើញ​មុខ​កូន​ស្រី​ដូច​ប្រាថ្នា

 

 

អត្ថបទ៖ សំ ជំនាញ