ស្រឡាញ់​គ្នា​ និង នាំ​គ្នា​ទៅ​ចុះ​សំបុត្រ​ការ បែរ​ឪពុក-ម្ដាយ​ ខាង​ស្រី​ប្ដឹង​ដាក់​គុក មាន​អី​ចឹង​ដែរ !

  • 2015-02-03 12:00:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ក្ដី​ក្ដាំ​​កើត​ឡើង​ជា​រឿយ​ៗ អំពី​បុរស​នារី​គ្រប់​អាយុ​ពេញ​ការ​ដែល​ស្រឡាញ់​គ្នា រួច​នាំ​គ្នា​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នៅ​ឃុំ​ ឫ ​សង្កាត់។ តើ​ឃុំ​សង្កាត់​អាច​ធ្វើ​បាន​ទេ បើ​គ្មាន​វត្តមាន​អាណាព្យាបាល​ទាំង​សង​ខាង? ម្យ៉ាង​ទៀត គេ​តែង​ឃើញ​ថា ក្រោយ​ពី​បុរស​នារី​ពេញ​អាយុ​ការ ស្ម័គ្រចិត្ត​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ខ្លួន​ឯង ត្រូវ​ឪពុកម្ដាយ​ខាង​ស្រី​ប្ដឹង​ភាគី​បុរស​ឲ្យ​សង​សំណង ឫ​ដាក់​ពន្ធនាគារ​ទៅវិញ​។ តើ​ករណី នេះ​យ៉ាង​ណា​ដែរ?

 

ឆ្លើយ​តប​នឹង​សំណួរ​នេះ លោក​សាស្ត្រាចារ្យ​ច្បាប់ ឥន យឿន  នឹង​បកស្រាយ​​ជូន​មិត្ត​យុវវ័យ​ តាម​រយៈ​គេហទំព័រ Sabay។

 

រូបសម្ដែង​

 

Sabay ៖ លោក​សាស្ត្រាចារ្យ ​បន្ទាប់​ពី​រៀប​ពិធី​ការ​តាម​បែប​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ហើយ តើ​ច្បាប់​ទុក​ពេល​ឲ្យ​បុរស ​និង ​នារី​ប៉ុន្មាន​ថ្ងៃ​ដើម្បី​ទៅចុះ​សំបុត្រអាពាហ៍ពិពាហ៍​នៅ​ឃុំ ​ឫ សង្កាត់​នោះ?

 

សាស្ត្រាចារ្យ ៖ តាម​ក្រម​រដ្ឋប្បវេណី កំណត់​ពេល​ ១ ​សប្ដាហ៍​ ដើម្បី​ឲ្យ​សាមី​ខ្លួន​ទៅ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​តាម​ច្បាប់ ក្រោយ​ពី​ពួកគេ​​បាន​រៀប​ចំ​ពិធី​មង្គល​តាម​ប្រពៃណី។ ក្នុង​ដំណាក់​កាល​នេះ សាមីខ្លួន​គ្រាន់​តែ​នាំ​សាក្សី​ ដែល​មាន​អាយុ​គ្រប់ការ (នីតិជន ១៨ ឆ្នាំ)​ ចំនួន​ ២​ នាក់​​​ទៅ​ចំពោះ​មុខ​មន្ត្រី​ឃុំ​សង្កាត់​ជា​ការ​ស្រេច​។ គេ​នឹង​ចេញ​សំបុត្រ​អាពាហ៍ពិពាហ៍​​ ១ ច្បាប់​ឲ្យ​យើង ហើយ​យើង​អាច​សុំ​គាត់​ច្រើន​ច្បាប់​ទុក​ប្រើប្រាស់​បាន​។

 

Sabay៖ ចុះ​ក្នុង​ករណី​ដែល​បុរស​នារី​មាន​វ័យ​គ្រប់​ការ​ស្ម័គ្រ​ស្មោះ​ស្រឡាញ់​គ្នា តែ​ឪពុក-ម្ដាយ​មិន​ឯកភាព តើ​ពួកគេ​អាច​ទៅ​សុំ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​បាន​ឫ​យ៉ាងណា?

 

សាស្ត្រាចារ្យ ៖  តាមច្បាប់! ​អ្នក​ទាំង​ពីរ​មាន​សិទ្ធិ​សុំ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​បាន ប៉ុន្តែ​ត្រូវ​គោរព​លក្ខខណ្ឌ​ដូច​ការ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ដែល​ឪពុក-ម្ដាយ​ យល់​ព្រម​ដែរ។ ពោល គឺ​ បុរស​-នារី​ត្រូវ​សុំ​លិខិត​បញ្ជាក់​ពី​ឃុំ​សង្កាត់​ដែល​ពួកគេ​រស់​នៅ ដើម្បី​បញ្ជាក់​ថា អ្នក​ទាំងពីរ​នៅ​លីវ (កំលោះ ក្រមុំ ពោះម៉ាយ ឫ មេម៉ាយ)​។ បន្ទាប់មក ឃុំ​-សង្កាត់​នឹង​ចេញ​ប័ណ្ណ​ប្រកាស​អាពាហ៍ពិពាហ៍​មួយ​ច្បាប់​ឲ្យ​ពួកគេ ដែល​បិត​នៅ​ឃុំ-សង្កាត់ ដែល​ពួកគេ​សុំ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ និង​បិត​នៅ​ឃុំ​សង្កាត់​ សាមី​ខ្លួន​ទាំងពីរ។ ការ​បិត​នេះ ដើម្បី​ឲ្យ​អ្នក​ពាក់ព័ន្ធ​ជំទាស់។ ប្រសិន​បើ​គ្មាន​ការ​ជំទាស់​ទេ ឃុំ​-សង្កាត់ នឹង​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ឲ្យ​ពួកគេ​ហើយ។

 

Sabay៖ សូម​កាត់​លោក​សាស្ត្រា​បន្តិច! ចុះ​បើ​ឪពុក​-ម្ដាយ​ ខាង​ណា​មួយ​ប្ដឹង​ជំទាស់ តើ​ពួកគេ​មិន​អាច​ចុះ​សំបុត្រ អាពាហ៍ពិពាហ៍ បាន​ដដែល ឫ យ៉ាង​ណា​លោក?

 

សាស្ត្រាចារ្យ ៖ អត់ៗ បានទេ! ព្រោះ​កាលណា​ពួកគេ​មាន​នីតិភាព (គ្រប់ការ-អាយុ ១៨ ឆ្នាំ) គឺ​មាន​សិទ្ធិ​សម្រេច​ក្នុង​ការ​រៀប​អាពាហ៍ពិពាហ៍ ដោយ​គ្មាន​ការ​យល់​ព្រម​ពី​អាណាព្យាបាល  ឫ​ឪពុក-ម្ដាយ​បាន​ ឲ្យ​តែ​អ្នក​ទាំង​ពីរ​ស្ម័គ្រស្មោះ​រួមរស់​នៅ​ជាមួយគ្នា ការ​ជំទាស់​របស់​ឪពុក-ម្ដាយ​គ្មាន​ប្រសិទ្ធភាព​ទេ គឺ​ គាត់​គ្មាន​សិទ្ធិ​ប្ដឹង​ជំទាស់​ឡើយ។

 

Sabay ៖ ជា​សង្កេត​របស់​លោក តើ​កន្លង​ទៅ​ធ្លាប់​មាន​ឃុំ​សង្កាត់​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ឲ្យ​បុរស-នារី ដែល​ឪពុក​-ម្ដាយ​មិន​ឯកភាព ដោយ​មិន​តម្រូវ​ឲ្យ​មាន​លិខិត​បញ្ជាក់​នៅ​លីវ​ពី​ឃុំសង្កាត់​របស់​ភាគី​ខាង​ប្រុស និង ភាគី​ខាង​ស្រី​ទេ? បើ​ដូច្នេះ តើ​ឃុំ​សង្កាត់​ត្រូវ​ប្រឈម​ដូច​ម្ដេច​ចំពោះ​មុខ​ច្បាប់?

 

សាស្ត្រាចារ្យ ៖ មិន​អត់​ទេ! ចំពោះ​ឃុំ-សង្កាត់ ដែល​ធ្វើ​ដូច្នេះ គាត់​នឹង​ប្រឈម​ករណី ២ យ៉ាង។ ទី១ ប្រសិន​បើ​កើត​ចេញ​ពី​ចេតនា ពោល​គឺ​​ដឹង​ច្បាប់​ហើយ តែ​បែរ​ធ្វើ​រំលង​នីតិ​វិធី​ គប់​គិត​ជាមួយ​បុរស-នារី​ដែល​មក​សុំ​នោះ មន្ត្រី​រូបនេះ​នឹង​មាន​ទោស​ព្រហ្មទណ្ឌ​តាម​កំណត់​ច្បាប់។ ទី២ ប្រសិនបើ មន្ត្រី​រូប​នោះ អចេតនា​​ដោយ​ពុំ​បាន​ដឹង​ច្បាប់​ថា ត្រូវ​ធ្វើ​តាម​នីតិ​វិធី​ដូច​ខាង​លើ​ទេ ថ្នាក់​លើ​អាច​គ្រាន់តែ​ដាក់​ទណ្ឌកម្ម​ពិន័យ​រដ្ឋបាល​តែ​ប៉ុណ្ណោះ ពុំ​មាន​ទោស​ព្រហ្ម​ទណ្ឌ​ទេ។

 

Sabay ៖ គេ​សង្កេត​ឃើញ​ថា ពេល​មាន​រឿង​ដូច​ខាង​លើនេះ ឪពុក-ម្ដាយ​ខាង​ស្រី​តែង​ប្ដឹង​ភាគី​ខាង​ប្រុស​ឲ្យ​សង​សំណង ឫ ដាក់​គុក​ច្រវ៉ាក់​ក៏​មាន។ តើ​ភាគី​បុរស គួរ​ធ្វើ​របៀប​ណា ដើម្បី​បញ្ចៀស​បញ្ហា​ការ​ប្ដឹងផ្ដល់​នេះ​លោក​សាស្ត្រាចារ្យ?

 

សាស្ត្រាចារ្យ ៖ ដូច​ខ្ញុំ​បាន​លើក​ឡើង​ខាង​លើ​អីចឹង! ត្រូវ​ធ្វើ​តាម​នីតិ​វិធី​ដែល​ច្បាប់​តម្រូវ។ ពោល​គឺ ខាង​ប្រុស​-ខាង​ស្រី ត្រូវ​ទៅ​បញ្ជាក់​លិខិត​នៅ​លីវ​ពី​ឃុំសង្កាត់​ដែល​ខ្លួន​រស់​នៅ យក​ទៅ​ឲ្យ​ឃុំ-សង្កាត់​ដែល​សាមី​ខ្លួន​សុំ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍។

 

ពេល​បាន​ប័ណ្ណ​ប្រកាស​អាពាហ៍ពិពាហ៍​ពីឃុំ​សង្កាត់​រួច​ហើយ យក​ទៅ​បិត​ផ្សព្វផ្សាយ​ទាំង​ខាង​ស្រី​ទាំង​ខាង​ប្រុស​ទៅ ដើម្បី​ឲ្យ​គេ​ប្ដឹង​ជំទាស់​ក្នុង​រយ:ពេល ១០ ថ្ងៃ​មុន​នឹង​ចុះ​សំបុត្រ​អាពាហ៍ពាហ៍…គ្មាន​ច្បាប់​ចែង​ឲ្យ​ឪពុក-ម្ដាយ​ប្ដឹង​ជំទាស់​ចំពោះ​កូន​ដែល​គ្រប់​អាយុ​រៀបការ​ សុំ​ចុះ​សំបុត្រ​ការ​នោះទេ។ ធ្វើ​អី​ចឹង គ្មាន​បុគ្គល​ណា​មួយ​អាច​ប្ដឹង ពី​រឿង​ពង្រត់​កូន​គេ…។

 

Sabay៖ សំណួរ​ចុង​ក្រោយ​លោក! នៅ​ពេល​ដែល​ឪពុក-ម្ដាយ ខាង​ស្រី​ប្ដឹង​ឲ្យ​ចាប់​ខាង​ប្រុស នគរបាល ឫ សមត្ថកិច្ច​ផ្សេង​ទៀត តែងតែ​ផ្អែក​តាម​បណ្ដឹង​ រួច​ចាប់​ខ្លួន​ខាង​ប្រុស​ឲ្យ​ទទួល​ខុស​ត្រូវ​។ តើ​រឿង​នេះ នគរបាល​ធ្វើ​ត្រឹមត្រូវ​ ឫ យ៉ាងណា តាម​ទស្សន:​ច្បាប់​នោះ​បាទ?

 

សាស្ត្រាចារ្យ ៖ ខ្ញុំ​ឃើញ​ករណី​ហ្នឹង​ជា​ញឹកញាប់ ហើយ​កើត​ឡើង​ចំពោះ​អ្នក​មាន​នីតិភាព​ទៅ​ទៀត ដែល​ត្រូវ​រង​បណ្ដឹង​ថា ពង្រត់​កូន​គេ​ខុស​ច្បាប់ ចាប់​រំលោភ…ដែល​នៅ​ពេល​មាន​ករណី​ប្រុស​ប្រកែក​ស្រី​ប្រកាន់​ជាដើម​នោះ។ ក្នុង​ច្បាប់​បច្ចុប្បន្ន ក៏​ដូចជា​ច្បាប់​មុនៗ​ដែរ គ្មាន​គោលការណ៍​ណា ដែល​ថា​មនុស្ស​ពេញ​វ័យ​គ្រប់ការ ហើយ​ស្រឡាញ់​គ្នា រួមរស់​នៅ​ជាមួយ​គ្នា បែរ​ជាត្រូវ​គេ​ចោទ​ពី​រឿង​ចាប់​ពង្រត់ ឫ រំលោភ​​នោះ​ទេ​។ ការ​ព្រមព្រៀង​គ្នា​របស់​នីតិជន ពុំមែន​ជា​គោលការណ៍​ចាប់​ពង្រត់​ទេ ឫ​រំលោភ​នោះ​ទេ គឺជា ការ​ស្ម័គ្រចិត្ត ដែល​គ្មាន​ទោស​ពៃ។ តើ​នគរបាល​មាន​ភស្តុតាង​អ្វី? សំអាង​ច្បាប់ ឫ ​គោលការណ៍​ណា ដែល​ទៅ​ចាប់​គេ​នោះ?

 

ហេតុ​អ្វី​បាន​ជា​ការ​ព្រមព្រៀង​រួមរស់​នៅ​ជាមួយ​គេ​ពីរ​ បី​ដង​ហើយ ចុង​ក្រោយ​បែរ​ថា គេ​ចាប់​រំលោភ​ទៅ​វិញ​នោះ? ជា​ទស្សន​:ខ្ញុំ នគរបាល​គួរ​ពិចារណា​ផ្លូវ​ច្បាប់​ឲ្យ​ច្បាស់​លាស់​ជាមុន​សិន មុន​នឹង​ចាប់​ខ្លួន​គេ ព្រោះ​វា​ប៉ះ​ដល់​កិត្តិយស​បុគ្គល ប៉ះ​ពាល់​គោលការណ៍​ព្រមព្រៀង​នាំ​ឲ្យ​គ្មាន​ទោស ពិសេស​សិទ្ធិ​សេរីភាព​របស់​បុគ្គល។ កុំ​ចេះ​តែ​ចាប់!

 

Sabay ៖ បាទ សូម​អរគុណ​លោក​សាស្ត្រាចារ្យ!

 

សាស្ត្រាចារ្យ ៖ បាទ សូម​អរគុណ!

 

លោក ឥន យឿន ជា​សាស្ត្រាចារ្យ​ច្បាប់​តាម​សកលវិទ្យាល័យ ​និង​ ជា​អ្នក​និពន្ធ​សៀវភៅ​ច្បាប់​ជាច្រើន​ទៀត។ ក្រៅពី​នេះ លោក​ក៏​ជា​សមាជិក​នៃ​ឧត្ដម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ របស់​រដ្ឋាភិបាល៕

 

សូមចុចអាន៖ ឪពុក-ម្ដាយ បើក​បុក​កូន​ស្លាប់​ មាន​ទោស​ព្រហ្មទណ្ឌ​ ឬអត់?

សូមចុចអាន៖ តម្លៃ​ផាក​ពិន័យ​ថ្មី​ នៃ​​ច្បាប់​ចរាចរណ៍​ដែល​អ្នក​គួរ​ដឹង

សូមចុចអាន៖ ​អាត្រាក់ ឬ គោយន្ដ​ច្នៃ​ ជា​ឡាន​ចត​គ្មាន​ភ្លើង​ពេល​យប់ ​យាន​ជំនិះ​ផ្សេង​​បុក​ មួយ​ណា​ខុស?

 

 

អត្ថបទ​៖ ទូច សុវណ្ណរិទ្ធិ