ម៉ុង​សាយ​​កំពុង​បង្ហាញ​ខ្លួន​​នៅ​តាម​​​​ហាង​ និង​ក្រុមហ៊ុន​ធំ​ៗ ក្នុង​រាជ​ធានី​​ភ្នំពេញ​

  • 2015-02-18 15:20:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ឱកាស​​បុណ្យ​ចូល​ចិន​​​មក​ដល់​ យើង​សង្កេត​ឃើញ​​​​​​នៅ​តាម​ហាង​ និង​​ក្រុម​ហ៊ុន​ធំ​​ៗ​មួយ​​ចំនួន​បាន​ អនុញ្ញាត​ឲ្យ​​ម៉ុង​សាយ ​​នៃ​​សមាគម​ចិន​​ លោត​ សម្ដែង​​ ក្នុង​គោល​បំណង​បណ្ដេញ​នូវ​ឧបទ្រព​ចង្រៃ ក៏​ដូច​ជា​នាំ​លាភ​សំណាង​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ផង​ដែរ។ ​នៅ​ព្រឹក​នេះ ​ម៉ុង​សាយ​នឹង​​បន្ត​ទៅ​សម្តែង​នៅ​​មុខ​ព្រះបរមរាជវាំង និង​មុខ​​ស្ថាន​ទូត​ចិន​។​​

 

ការ​លោត​ម៉ុង​សាយ ឬ​ដែល​ជនជាតិ​ចិន​​ហៅ​ថា «​សៃ​ជឺប៊ូ» នោះ​ រាប់​​ទុក​ថា​ ជា​ល្បែង​កម្សាន្ត​​មួយ​​​ប្រភេទ​ដែល​ជា​និមិត្តរូប​ប្រចាំ​​ ថ្ងៃ​ចូល​ឆ្នាំ​ចិន​តែ​ម្តង​ ជា​ពិសេស​ គឺ​ជន​ជាតិ​ចិន​​នៅ​ភាគ​ខាង​ជើង ​និង​ភាគ​ខាង​​ត្បូង​​​ដែល​ចូលចិត្ត​លេង​ម៉ុង​សាយ​​នេះ នៅ​ថ្ងៃ​ដែល​​មាន​​ពិធី​ដង្ហែ​អ្នក​តា ឬ​​ពិធី​បន់​ស្រន់​សុំ​ទឹក​ភ្លៀង​ជា​ដើម​​។

 

ចំពោះ​ប្រវត្តិ​​ដែល​ជន​ជាតិ​ចិន​ ចាំ​បាច់​ត្រូវ​លោត​ម៉ុង​សាយ​​ក្នុង​ថ្ងៃ​ចូលឆ្នាំ​នោះ​ មានការ​កត់​ត្រា​ទុក​នៅ​ក្នុង​កំណត់​ហេតុ​ របស់​រាជវង្ស​​​​ភាគ​ខាង​ជើង ​និង​ភាគ​ខាងត្បូង​ នៅ​ចន្លោះ ​ព.ស​. ៨៥០ – ព.ស.​១១៣២ បាន​សរសេរ​ថា អ្នក​ភូមិ​បាន​យក​ក្បាល​​តោ​មក​ពាក់​ ហើយ​លោត​​ញញាក់​ញញ័រ​ដើម្បី​ដេញ​ខ្មោច​ព្រាយ​បិសាច ដែល​អ្នក​ភូមិ​នាំ​គ្នា​ជឿ​ថា នឹង​ចេញ​មក​ស៊ី​មនុស្ស​ប្រុស​និង​សត្វ​ចិញ្ចឹម​នៅ​ក្នុង​ភូមិ​​ ទើប​ធ្វើ​ឲ្យ​មាន​ជំនឿ​ថា បើ​ពាក់​ក្បាល​តោ​លោត​កញ្ឆេង​ហើយ ​នឹង​អាច​ដេញ​ខ្មោច​ព្រាយ​បិសាច​បាន​ ហើយ​ក៏​នាំ​គ្នា​ប្រតិបត្តិ​តាម​ជា​ទំនៀម​ទម្លាប់​​​ប្រពៃ​ណី​បន្សល់​ទុក​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។

 

​ការ​លោត​ម៉ុង​សាយ​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ គឺ ​តែង​​មាន​​បុរស​មួយ​ក្រុម​​រូប​រាង​មាំ​មួន ​​ដើរ​លោត​ម៉ុង​សាយ ​​​ដើម្បី​សុំ​លុយ​​បរិច្ចាគពី​អ្នក​ភូមិ​ ​ដោយ​ក្នុង​នោះ​​មាន​​បែង​ចែក​ជា​ ក្រុមលេងភ្លេងកំដរ​ ​ក្រុមពាក់​ក្បាល​តោ ​ស្លៀក​​ឈុត​តោ​ និង​មនុស្ស​ពាក់​មុខ​តាប៉ិ​ញញឹម​​កាន់ផ្លិត​។ បន្ទាប់​មក​ក៏​នាំ​គ្នា​​ដើរ​តាមដង​ផ្លូវ​នានា​​ក្នុង​ភូមិ​ស្រុក​​។ លុះ​អ្នក​ភូមិ​បាន​ឮ​សំឡេង​ស្គរ​ នឹង​​នាំ​គ្នា​ចេញ​មក​ដោយ​យក​ស្រោមសំបុត្រ​​អាំង​ប៉ាវ​​ ទៅ​​ចង​នៅ​លើ​បង្គោល​ឈើ​ខ្ពស់​ៗ​​ ដើម្បី​ឲ្យ​ក្រុម​អ្នក​លោត​ម៉ុង​សាយ​​ឡើង​ទៅយក​ ដែល​នេះ​គឺ​​​ជា​ទំនៀម​ទម្លាប់​មួយ​​ដ៏​សែន​រីក​រាយ​ និង​គួរ​ឲ្យ​រំភើប​ជាទីបំផុត​។

 

​ខាង​ក្រោម​នេះ​​គឺ​ជា​សកម្មភាព​​សម្តែង​ដ៏​រស់​រវ៉ើក ​នៅ​​សណ្ឋាគារ​កាំបូឌីយ៉ា​ណា កាល​ពី​ម្សិល​មិញ​៖

 

 

អត្ថបទ៖មៃ សុខលីម