ខាត់ សុឃីម និយាយ​អ្វី​ខ្លះ​ពី​ការ​ស្លៀកពាក់​បែប​សិច​ស៊ី​ក្នុង​ MV​​ ក្រៅ​ប្រទេស?

  • 2015-02-20 18:53:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាត់ សុឃីម បាន​និយាយ​ថា រាល់​ការ​ថត​ MV​ ឱ្យ​ផលិតកម្ម​ក្រៅ​ស្រុក ទាល់​តែ​ស្លៀកពាក់​មាន​លក្ខណៈ​ប្លែក​បន្តិច​ទើប​បាន ព្រោះ​មិន​ងាយ​បាន​បង្ហាញ​​មុខ​នោះ​ទេ ខណៈ​ផលិតកម្ម​មួយ​ចំនួន​បាន​បិទ​ទ្វារ​ទៅ​វិញ។

 

 

គណៈកម្មការ The Cambodia's Got Talent រូប​នេះ​បាន​ប្រាប់​ Sabay ថា ម្យ៉ាង​ទៀត​ការ​ស្លៀកពាក់​ដូច្នេះ​ក៏​ជា​ចំណង់ចំណូលចិត្ត​ផ្ទាល់​ខ្លួន​ផង​ដែរ។ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា តារា​ចម្រៀង​ខាង​លើ​បាន​អះអាង​ថា មិន​អាច​ជ្រុល​ហួសហេតុ​ពេក​ទេ ព្រោះ​មាន​ប្ដី និង​មាន​កូន​រួច​ហើយ ស្រប​ពេល​ដែល​វ័យ​ក៏​កាន់​តែ​ជ្រេ​ និងវិវត្តន៍​ទៅ​មុខ។

 

ខាត់ សុឃីម និយាយ​ថា៖" ជួន​កាល​បង​ប្អូន​ខ្មែរ​យើង នៅ​ក្រៅ​ប្រទេស​ហ្នឹង ក៏​ពូក​គាត់​ចង់​ឃើញ​យើង​ដែរ អញ្ចឹង​ក៏​មាន​អ្វី​ប្លែក​ខ្លះ​ទៅ ប៉ុន្តែ​ក៏​មិន​ជ្រុល​ពេក​ទេ"។ ខាត់ សុឃីម បន្ត​ទៀត​ថា យ៉ាង​ណា​ក៏​ត្រូវ​ស្វែង​យល់​ពី​ភាព​ជាក់​ស្ដែង ឬ​ការ​និយម​ស្លៀកពាក់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ​ដែរ ទើប​ការ​ស្លៀកពាក់​មិន​ឆ្គង​ពី​គេ។

 

សិល្ប​ការិនី​រូប​នេះ បាន​បន្ថែមទៀត​ថា ប្រសិន​បើ​មាន​វ័យ​កាន់​តែ​ចាស់ ទាល់​តែ​ចេះ​តុបតែង​ខ្លួន​ខ្លះ​ទើប​បាន ហើយ​អ្នក​សិល្បៈ​គួរ​តែ​ដឹង​ពី​បញ្ហា​នេះ ប៉ុន្តែ​ក្នុង​ក្របខ័ណ្ឌ​សិល្បៈ​ប៉ុណ្ណោះ។ ធម្មតា​អាជីព​សិល្បៈ រស់​បាន​ដោយ​សារ​ប្រជាប្រិយភាព​នៃ​ការ​គាំទ្រ ពី​ទស្សនិកជន​ទូទៅ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

 

ជាមួយ​គ្នា​នោះ សិល្ប​ការិនី​ស្ទើរ​គ្រប់​ទម្រង់​ដដែល​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា  បច្ចុប្បន្ន​ផលិតកម្ម​ក្រៅ​ស្រុក​មួយ​ចំនួន​ត្រូវ​បាន​បិទ​ទ្វា​ទៅ​វិញ ដោយ​សារ​តែ​ក្ស័យ​ទុន ព្រោះ​មិន​អាច​រក​ប្រាក់​ចំណេញ​បាន​ពី​ការ​ផលិត​​ MV ​ហើយ​នាំ​ចេញ​ទៅ​លក់​នៅ​បណ្ដា​ប្រទេស​ទាំង​នោះ។ នេះ​ក៏​ជា​មូលហេតុ ដែល​ធ្វើ​ឱ្យ​តារា​ខ្មែរ​បាត់​បង់​ឱកាស និង​ប្រាក់​ចំណូល​ផង​ដែរ។  

ខាត់ សុឃីម បញ្ជាក់​ថា៖ " ជួន​កាល​បណ្ដាល​មក​ពី​ខ្វះ​ការ​បង្កើត​ថ្មី ព្រោះ​ភាគ​ច្រើន​ផលិតកម្ម​បាន​យក​បទ​ចម្រៀង​ពី​ដើម​មក​ថត​ឡើង​វិញ​ប៉ុណ្ណោះ ដែល​យើង​ដឹង​ហើយ ភាព​ដដែល​ជា​សត្រូវ​របស់​ទស្សនិកជន"៕

 

អាន​អត្ថបទ៖ ឆន សុវណ្ណរាជ​ថា ​ការ​សេង​ហាង​កាត់​​ដេរ មិន​ពាក់​ព័ន្ធ​ជន​ឆបោក​ទេ

អា​ន​អត្ថបទ៖ តារា​ខ្មែរ​ ៦ នាក់ គ្រោង​ចេញ​ទៅ​ច្រៀង​​នៅ​អាមេរិក

អានអត្ថបទ៖ អ្នក​ដឹក​នាំ​រឿង ដែល​មាន​ប្រវត្តិ​ហុត​ទឹក​គុយទាវ​សល់​ពី​គេ ជឿជាក់​លើ​ស្នាដៃ​ទី៣

 

 

អត្ថបទ៖ សំ ជំនាញ