យុវជន​​ឆ្នើម​ជាង ១០០០ នាក់​ ចូល​រួម​​ដណ្ដើម​ពាន​ ពី​ក្រសួង​វប្បធម៌​

  • 2015-02-23 19:21:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ឆ្នើម​ជាង ១០០០ នាក់  សុទ្ធសឹងតែ​ជា​សិស្ស​ និស្សិត ​មក​ពី​វិទ្យាល័យ និង សាកលវិទ្យាល័យ ទាំង ២៥ ខេត្ត រាជធានី បាន​ចូល​រួម​បើក​​មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស ដើម្បី​​ប្រលងដណ្ដើម​ពាន​ពី​ក្រសួង​វប្បធម៌ ​និង​​ វិចិត្រសិល្បៈ ដែល​កម្មវិធី​នេះ ​ធ្វើ​នៅ​សាលសន្និសីទ​ចតុម្មុ​ខ ព្រឹកមិញ។

 

 

 

រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង ​​វិចិត្រ​សិល្បៈ​ ឯកឧត្ដម ឃឹម សារិទ្ធ បាន​ឲ្យ​ដឹង​ថា កម្មវិធី​នេះ ​ធ្វើ​ឡើង​ដើម្បី​ប្រមូល​ផ្ដុំ​យុវជន​ខ្មែរ​ជា​សិស្ស ​និង ​​និស្សិត​ទូទាំង​ប្រទេស​ឲ្យ​ទទួល​បាន​ការ​ហ្វឹកហ្វឺន​​ ពី​ការ​សម្ដែង​សិល្បៈ​ និង ​​យល់​ដឹង​ពី​តម្លៃ​​នៃ​វប្បធម៌​ជាតិ ហើយ​ចូល​រួម​ ថែ​រក្សា អភិវឌ្ឍ ឲ្យ​​កាន់​តែ​ប្រសើរ។ ជា​មួយ​គ្នា​នោះ​ដែរ កម្មវិធី​នេះ​​ ធ្វើ​​​ឡើង​ដើម្បី​​ស្វាគមន៍​ទិវា​វប្បធម៌​ជាតិ ៣ មីនា លើក​ទី ១៧ ឆ្នាំ ២០១៥ ខាង​មុខ​នេះ។

 

​​រដ្ឋលេខាធិការ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស​នេះ ចាប់​​​ផ្ដើម​ពី​ថ្ងៃ ២៣ ខែ កុម្ភៈ រហូតដល់ ៣ មីនា ឆ្នាំ ២០១៥ ដោយ​នៅ​ក្នុង​នោះ​មាន​ក្រុម​​សិស្ស​-និស្សិត ​​ឆ្នើម ដែល​បាន​ចម្រាញ់​ចេញ​មក​មក​ពី​វិទ្យាល័យ និង សាកលវិទ្យាល័យ ទាំង ២៥ ខេត្ត រាជធានី ទូទាំង​ប្រទេស​បានជាង ១០០០ នាក់​ចូល​រួម ហើយ​ត្រូវ​បាន​ចែក​ចេញ​ជា ៣៧ ក្រុម។

 

ឯកឧត្ដម​បានមាន​ប្រសាសន៍​​ថា មាន​តែ​​ផ្នែកសិល្បៈ​របាំ និង ឈុត​ល្ខោន​អប់រំ​ ប៉ុណ្ណោះ ​ចូល​​រួម​ដោយ​​បាន​បែង​ចែក​ជា ​២ ដាច់​ពី​គ្នា គឺ​ក្រុម​យុវជន​ថ្នាក់​មធ្យម​សិក្សា ​និង​ក្រុម​យុវជន​ថ្នាក់​ឧបត្ថម្ភ​សិក្សា។ សម្រាប់​ក្រុម​យុវជន​ថ្នាក់​មធ្យម​សិក្សា​ ដែល​អញ្ជើញ​មក វិទ្យាល័យ ​២៥ ខេត្ត រាជធានី មាន ​៥០ ស្នាដៃ និង​​ក្រុម​យុវជន​ថ្នាក់​ឧបត្ថម្ភ​សិក្សា ដែល​មក​ពី ១២ សាកលវិទ្យាល័យ​​ទូទាំង​ប្រទេស មាន​ ២២ ស្នាដៃ។ នៅ​មិន​ទាន់​ដឹង​ថា​រង្វាន់​ពី​ការ​ប្រកួត​កម្មវិធី​ខាង​លើ អ្នក​ដែល​ទទួល​បាន​ជយលាភី​ទទួល​បាន​អ្វី​ខ្លះ​ឡើយ ។

 

 

 

 

លោក​ជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួង​វប្បធម៌​ និង ​​វិចិត្រសិល្បៈ បាន​លើក​ឡើង​ថា កម្មវិធី​នេះ មិន​​មែន​សំខាន់​សំដៅ​លើ​តែ​ពាន​រង្វាន់​នោះ​​ឡើយ បំណង​ធំ​របស់​​​ក្រសួង​វប្បធម៌​ និង​​ វិចិត្រ​សិល្បៈ គឺ​ចង់​សាប​ព្រោះ​ប្រពៃណី​ជាតិ​ឲ្យ​បាន​ជ្រាបចូល​ទូលំទូលាយ​ទៅ​ដល់​​ស្រទាប់​យុវជន​ខ្មែរ ព្រោះ​ថា​ភារកិច្ច​​យុវជន ​គឺ​ជា​អ្នក​បន្តវេន​ និង​ទ្រទ្រង់​កេរ្តិ៍តំណែល  វប្បធម៌​ជាតិ។

 

រដ្ឋមន្ត្រី​​សង្ឃឹម​យ៉ាង​មុត​មាំ​ថា កម្មវិធី​នេះ​ និង​​ដើរ​ទៅ​យ៉ាង​រលូន  ក្រោម​ការ​យក​ចិត្ត​​ទុកដាក់​ពី​គណៈកម្មការ​រៀបចំ  និង​មាន​ការ​​ផ្ដល់​ពិន្ទុ យ៉ាង​សុក្រឹត​ពី​គណៈមេប្រយោគ​ទាំង​អស់។

 

 

 

 

មហោស្រព​សិល្បៈ​យុវជន​ទូទាំង​ប្រទេស នឹ​ង​​ត្រូវ​បញ្ចប់ នៅ​ថ្ងៃទី​៣ មីនា ឆ្នាំ​២០១៥ ខាង​មុខ​នេះ ដោយ​ថ្ងៃ​បិទ​បញ្ចប់នេះ គឺ​ចំ​ថ្ងៃ ទិវា​វប្បធម៌​ជាតិ ៣ មីនា លើក​ទី ១៧ ​តែ​ម្ដង។ នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​នឹង​អញ្ជើញ​ចូល​រួម​បិទ​កម្មវិធី​នេះ៕

 

 

អានអត្ថបទ៖ តារា​ចម្រៀង វណ្ណា ស័ក្ត៖ ២ ​ឆ្នាំ​ហើយ ឃើញ​ខ្មោច​បង​នៅ​នឹង​ភ្នែក​រហូត អាន​អត្ថបទ៖ វិល​ចូល​សិល្បៈ​វិញ វ៉ាង ស្រីណូ បើក​ជំនួញ​តាម​អនឡាញ អាន​អត្ថបទ៖ មើល​វីដេអូ​នេះ​ហើយ ធានា​ថា​សើច​បិទមាត់​មិន​ជិត​ហ្មង់

អត្ថបទ៖ ខុត សីហា