ចំណាត់​ថ្នាក់​​​​ជា​ទីក្រុង​ស្អាត​ជាង​គេ​របស់​កម្ពុជា​ បាន​លើ​ក្រុង​​៤​ និង​ខណ្ឌ​​មួយ​

  • 2015-02-24 23:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណាត់​ថ្នាក់​​​​ជា​ទីក្រុង​ស្អាត​ជាង​គេ​របស់​ប្រទេស​កម្ពុជានៅ​ឆ្នាំ​២០១៥ នេះ​ ត្រូវ​បាន​​គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត​បាន​ផ្តល់​ទៅ​ក្រុង​ចំនួន៤ និង​ខណ្ឌ​​មួយ​​​។​​ ការ​ប្រកាស​​ដែល​ត្រូវ​បាន​​ធ្វើ​​ឡើង​ដោយ​​ សម្តេច​ ហ៊ុន សែន កាល​​ពី​​ព្រឹក​មិញ​​ ក្នុង​ទិវា​ទីក្រុង​ស្អាត​ ក្រោម​ប្រធាន​បទ​ "ជោគជ័យ​ទីក្រុង​ស្អាត​ ជោគជ័យ​ទេសចរណ៍​” នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ គឺ​បាន​​​​ ផ្អែក​លើ​កត្តា​បរិស្ថាន​ អនាម័យ ​សណ្តាប់​ធ្នាប់ ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ដែល​អាច​ផ្តល់​នូវ​ភាព​កក់​ក្តៅ ​និង​មជ្ឈដ្ឋាន​រស់​នៅ​ល្អ​ប្រសើរ​សម្រាប់​ប្រជាជន ​និង​ភ្ញៀវ​ទេសចរ។

 

(ទិដ្ឋភាព​ សាលា​ខេត្ត​បាត់​ដំបង)

​គណៈកម្មាធិការ​នេះ​ ​បាន​ប្រើ​ផ្ការំដួល​សម្រាប់​សម្គាល់​ចំណាត់ថ្នាក់​ទីក្រុង​​ស្អាត ក្នុង​​នោះ​មាន​​ ​ក្រុង​បាត់ដំបង ក្រុង​សៀម​រាប ខណ្ឌ​ដូនពេញ​ (រាជ​ធានី​​ភ្នំពេញ) ក្រុង​កំពត​  ​និង​ ​​ក្រុង​កែប ​ទទួល​បាន​​​ផ្កា​រំដួល​៣​ទង​។ ​

 

ផ្កា​រំដួល​២​ ទង ​មាន​១០​ក្រុង​ ​និង​២​ខណ្ឌ​ ​គឺ​ក្រុង​កំពង់ចាម​ ក្រុង​ពោធិ៍សាត់​ ​ក្រុង​កំពង់​ឆ្នាំង ​ក្រុង ​ស្ទឹងសែន​ ​ក្រុង​ព្រៃវែង​ ​ក្រុង​ដូន​កែវ ​ក្រុង​ព្រះសីហនុ ​ក្រុង​តាខ្មៅ​ ក្រុង​សេរី​សោភណ្ឌ ​ក្រុង​ក្រចេះ​ ខណ្ឌ​ចំការមន​ ​និង​ខណ្ឌ​ទួលគោក​។ ​

 

ផ្កា​រំដួល​១​ទង​ ​មាន​១១​ក្រុង​ និង​៦​ខណ្ឌ​ ​គឺ​ក្រុង​បាលុង ​ក្រុង​ប៉ៃលិន ​ក្រុង​សំរោង​ ក្រុង​ប៉ោយប៉ែត ​ក្រុង​ខេមរភូមិន្ទ ​ក្រុង​ព្រះវិហារ​ ក្រុង​សែន​មនោរម្យ ​ក្រុង​ស្វាយ​រៀង​ ​ក្រុង​ស្ទឹងត្រែង​ ​ក្រុង​ច្បារមន​ ក្រុង​បាវិត ​ខណ្ឌ​៧​មករា ​ដង្កោ​ ខណ្ឌ​សែន​សុខ​ ​ខណ្ឌមានជ័យ​ ​ខណ្ឌពោធិ៍សែន​​ជ័យ ​និង​ខណ្ឌឫស្សីកែវ​។​

 

រាជ​រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​២៧ ខែ​​កុម្ភៈ​ ជា​រៀង​រាល់​ឆ្នាំ ​ដើម្បី​ប្រារព្ធ​ទិវា​ជាតិ​ទីក្រុង​ស្អាត (​តាម​រយៈ​អនុក្រឹត្យ​លេខ ១៦៣ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​០១ ​តុលា​២០១២)​។ ​

 

ឆ្នាំ២០១៥​នេះ ​សម្តេច​ ហ៊ុន សែន​ បាន​ប្រកាស​​ឲ្យ​ផ្នែក​ពាក់​ព័ន្ធ​ ​ត្រូវបន្ត​ធ្វើ​ការគ្រប់គ្រង​សំណល់​រឹង ការ​គ្រប់​គ្រង​​ថង់​ប្លាស្ទិក ​សំណល់​រាវ ​ការពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍ ​ការផ្តល់​សេវាកម្ម​សាធារណៈ ការកែលំអ​អនាម័យ សណ្ដាប់ធ្នាប់ សោ​ភ័​ណ្ឌ​ភាព និង​ការបង្កើត​សង្កាត់​គំរូ​នៅក្នុង​ក្រុង។ ​ភ្ញៀវទេសចរ​អន្តរជាតិ​កើនឡើង​ដល់​បួន​លាន​ប្រាំ​សែន​នាក់​ ក្នុង​ឆ្នាំ២០១៤​ ​ខណៈ​ ​ឆ្នាំ ​២០២០ ​កម្ពុជា​រំពឹង​ទទួល​ភ្ញៀវ​​អន្តរជាតិ​ប្រមាណ​ជាង ​៧,៥ ​លាន​នាក់ ​៕

 

អត្ថបទ៖មៃ សុខលីម