មិន​ឃើញ​មិន​ជឿ! ទីក្រុង​កម្សាន្ត​​មាន​បឹង​កណ្ដាល​វាល​ខ្សាច់

  • 2015-02-26 16:16:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ចំ​កណ្ដាល​វាល​ខ្សាច់ ដែល​ជា​កន្លែង​ក្ដៅ​បំផុត​មួយ​នៅ​លើ​ពិភពលោក បែរ​ជា​មាន​ទីក្រុង​រមណីយដ្ឋាន​កម្សាន្ត ​​មាន​ដើម​ឈើ​ពោរពេញ​ដោយ​ស្លឹក​ខៀវ​ស្រងាត់ ព្រម​ទាំង​បឹង​មួយ​យ៉ាង​ធំ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។

 

ទីក្រុង​ដ៏​អស្ចារ្យ​នេះ ឈ្មោះ​ថា Huacachina មាន​ទីតាំង​នៅ​លើ​វាល​ខ្សាច់​មួយ ភាគ​និរតី​ប្រទេស​ប៉េរូ ដែល​មាន​ចម្ងាយ​ត្រឹម ៤​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ទីក្រុង Ica ។ អ្នក​ទេសចរ អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ ដើម្បី​ងូត​ទឹក​លេង មើល​ថ្ងៃ​លិច ព្រម​ទាំង​​ទស្សនា​លំនៅឋាន​ទាំង ៩៦​កន្លែង ដែល​បើក​អាជីវកម្ម​ខ្នាត​តូច ដើម្បី​បម្រើ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ។

នៅ​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៤០ ទីក្រុង​និម្មិត​នេះ គឺ​ជា​កន្លែង​ពេញ​និយម​សម្រាប់​អ្នក​មាន ​មក​ងូត​ទឹក​លំហែ​កាយ​លេង ព្រោះ​ពួក​គេ​គិត​ថា​ទឹក​នេះ​អាច​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​គេ​ទុក​ចោល​អស់​មួយ​រយៈ។ យ៉ាង​ណា​មិញ បន្ទាប់​ពី​មាន​យុទ្ធនាការ​ផ្សព្វផ្សាយ​សាជាថ្មី ទីក្រុង​នេះ​ចាប់​ផ្ដើម​ទទួល​បាន​ប្រជាប្រិយភាព​ម្ដង​ទៀត ហើយ​អ្នក​រស់នៅ​ក្នុង​តំបន់​ក៏​ប្រកប​មុខ​ជំនួញ​ដោយ​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍។

​ ​​​

ដោយសារ​តែ​អ្នក​រស់​នៅ​ក្នុង​ទីក្រុង សាងសង់​អណ្ដូង​ដើម្បី​ទាញ​យក​ទឹក​ពី​ក្រោម​ដី បូក​រួម​ទាំង​រំហួត​ទឹក​ដែល​កើត​ឡើង​ពី​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ផង ធ្វើ​ឲ្យ​កម្រិត​ទឹក​បឹង​ស្រក​ចុះ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន។ ដើម្បី​ដោះ​ស្រាយ​ស្ថានការណ៍​នេះ ​បឹង​ត្រូវ​គេ​បំពេញ​បន្ថែម​ឡើង​វិញ ដោយ​ទឹក​ដែល​យក​មក​ពី​ទីក្រុង Ica។ ទីក្រុង​ដ៏​អស្ចារ្យ Huacachina ត្រូវ​អះអាង​ថា​ជា​តំបន់​មរតក​វប្បធម៌​របស់​ប្រទេស ដោយ​វិទ្យាស្ថាន​វប្បធម៌​ជាតិ៕

 

ចុចអាន៖ ចំណាត់​ថ្នាក់​​​​ជា​ទីក្រុង​ស្អាត​ជាង​គេ​របស់​កម្ពុជា​ បាន​លើ​ក្រុង​​៤​ និង​ខណ្ឌ​​មួយ​

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail