ខ្លាច​ប៉ូលិស ​ជាង​ខ្លាច​ច្បាប់​ចរាចរណ៍?

  • 2015-03-10 16:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បើកបរ​យានយន្ត​ ជា​ពិសេស​យុវវ័យ មួយ​ចំនួន​បាន​ធ្វើដំណើរ​ ដោយ​បំពាន​ច្បាប់ មិន​គោរព​ផ្លាក​សញ្ញា​ហាម​បត់ ជិះ​ហួស​ភ្លើង​ស្តុប​ក្រហម​ បត់​ស្ដាំ​ ជិះ​បញ្ច្រាស់​ផ្លូវ​ឯកទិស​​ ជិះ​កិន​លើ​គំនូស ជាដើម ​។ ប៉ុន្តែ​អ្វី​ដែល​គេ​សង្កេត​ឃើញ​ នៅ​ពេល​មាន​ប៉ូលិស​ចរាចរ​​ឈរ​ជើង​ នៅ​តាម​​គោល​ដៅ​នានា​ មិន​សូវ​មាន​អ្នក​ហ៊ាន​បំពាន​ទេ ​ដែល​អ្នក​​ទាំង​​នោះ​​​បង្ហាញ​ថា ពួកគេ​មិន​សូវ​ខ្លាច​ច្បាប់​ចរាចរណ៍​ទេ​ តែ​បែ​រ​ជា​ខ្លាច​ប៉ូលិស​ចរាចរ​​ជាង​ទៅ​វិញ​។   ស្រប ​នឹង​គំនិត​ខាង​លើ​ យុវជន ចាន់ សុខឡេង និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ បាន​ឲ្យ​ដឹង​ថា ​តាម​ការ​សង្កេត​របស់​​ខ្លួន​ ភាគច្រើន​យុវវ័យ​​​ស្របារ​ៗ​គាត់​ មិន​សូវ​គោរព​ច្បាប់​ចរាចរណ៍​ទេ​ ដូចជា​ការ​ពាក់​មួក​ជា​ដើម​ ព្រោះ​ខ្លាច​ខូច​ភ្លឺ​សក់​​ ​តែ​បើ​​កាលណា​ឃើញ​ប៉ូលិស​​ភ្លាម​ ​អាង​ជិះ​បត់​ក្រោយ​វិញ​ភ្លាម​ ដែល​ទាំង​​ទង្វើរ​នេះ​ ​បាន​បង្ក​ឲ្យ​ប៉ះ​ពាល់​ដល់​ដទៃ។ សុខឡេង បាន​និយាយ​​បន្ថែម​ទៀត​​ថា “​​​​អ្នក​ខ្លះ​​មិន​​ពាក់​មួក​នោះ​ទេ ​ពេល​ឃើញ​ប៉ូលិស​ ជិះ​​រត់​គេច​​…​​​”។

 

  មិនមែន​តែ​​​​​​យុវជន​ទេ​​ ដែល​ជិះ​បំពាន​ សូម្បី​​តែ​យុវតី​ ក៏​មាន​ដែរ​​។ នេះ​​ជា​ការ​លើក​ឡើង​​របស់​ កញ្ញា​ សែន​ស្រស់​ អាយុ ២០​ឆ្នាំ​ និស្សិត​នៃ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង។ ​​​កញ្ញា​បាន​ ​​ឲ្យ​ដឹង​​​ទៀត​ថា ​ខ្លួន​ក៏​ធ្លាប់​ជិះ​បំពាន​​ដែរ​ ​ មូល​ហេតុ​ដោយសារតែ​ប្រញាប់​ពេក​ ​​ឈប់​មិន​ទាន់​។ សម្រាប់​​ហេតុផល​នៃ ​ការ​មិន​គោរព​ច្បាប់​បែប​នេះ​ កញ្ញា​ប្រាប់​ពី​មូល​ហេតុ​ថា​ ​​​​​ហ៊ាន​​ធ្វើ​​បែប​នេះ​ ក៏​ព្រោះ​តែ​​គ្មាន​ប៉ូលិស​​​នៅ​ឈរ​ជើង​ដែរ​ បើ​មាន​ប៉ូលិស​ កញ្ញា​ មិន​ហ៊ាន​នោះ​ទេ​។   ការ​បំពាន​ច្បាប់​បែប​នេះ​ សម្រាប់​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ជាមួយ​យុវវ័យ​លោក​ ម៉ាក់ ចំរើន ​ប្រធាន​សមាគម​យុវជន​ខ្មែរ​ បាន​ឲ្យដឹង​ថា​ មាន​ហេតុផល​ជា​ច្រើន​ដែល​នាំ​ឲ្យ​​យុវវ័យ​​បំពាន​​ច្បាស់​ចរាចរណ៍ ដូច​ជា​ ដោយ​សារ​តែ​ ​មិន​ចេះ​ច្បាប់ ​​ខ្វះ​​ក្រមសីលធម៌​​ជា​ដើម​។ លោក​ បាន​បន្ថែម​ទៀត​​ថា​ ​​នៅ​កម្ពុជា​ ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​យានយន្ត​មិនទាន់​តឹង​រ៉ឹង​នៅ​ឡើយ​​ ​ហើយ​​ការ​អនុវត្តន៍​របស់​មន្ត្រី​ប៉ូលិស​ចរាចរ​មិន​ស្មើគ្នា​ ដូចជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ឬ​អំណាច ប្រើ​រថយន្ត​ទំនើប​ ជិះ​ខុស​ហើយ ​តែ​ពួកគាត់​មិន​ចាប់​ទេ ហើយ​អ្នក​ក្រ​ប្រើ​ឡាន​សាមញ្ញ​ទើប​គាត់​ចាប់​ទាំង​នេះ​ជា​បញ្ហា​សង្គម។   ចំពោះ ​រូប​លោក​ផ្ទាល់​ លោក​ចង់​ឲ្យ​​យុវជន​ទាំង​អស់ ​គួរ​តែ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ពី​ផ្លាក​សញ្ញា​ទាំង​អស់ហើយ​ចូលរួម​ អនុវត្តន៍​ ដោយ​គោរព​​ចំពោះ​ប៉ូលិស​ និង​ផ្លាក​សញ្ញា​ទាំង​នោះ​ ​កុំ​​គោរព​ច្បាប់​តែ​នៅ​ពេល​ឃើញ​ប៉ូលិស​ឲ្យ​សោះ។   លោក​វរសេនីយ៍ ចេវ ហាក់​ នាយក​រង​ការិយាល័យ​ចរាចរ​ជើង​គោក ​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​​ផង​ដែរថា​ ​​ជា​ការ​ពិត​ណាស់ បើសិនជា​ផ្លូវ​ប្រសព្វ​បំបែក​ជា​បួន ​មាន​ប៉ូលិស​ឈរ​នៅ​ជិត​នោះ​វិញ​ អ្នក​បើកបរ​មិន​ហ៊ាន​បំពាន​ទេ តែ​បើ​សិន​ជា​អត់​មាន​វិញ​ គឺ​ពួកគាត់​ចេះ​តែ​រុល​ៗ​ ហួស​គំនូស​អ្នក​ដើរ​ក៏​មាន​ដែរ​។ ​លោក​ បន្ត​ថា​ មាន​អ្នក​ខ្លះ​ទៀត​ ភ្លើង​ក្រហម​ហើយ​នៅ​តែ​ជិះ​កាត់​ទៀត​ សមត្ថកិច្ច​បាន​ចែក​ទ្រូង​ផ្លូវ​ហើយ​ក៏​ពួក​គាត់​នៅ​តែ​បំពាន​បើក​បញ្ច្រាស​ ចូល​ទៅ​ក្នុង​ចំណែក​ផ្លូវ​ម្ខាង​ទៀត​ រូបភាព​ទាំង​នេះ​វា​បាន​ស្ដែង​ចេញ​មក​នូវ​ឥរិយាបថ​របស់​​អ្នក​បើកបរ​ ។   លោក ​បាន​បន្ត​ថា ​សមត្ថកិច្ច​បាន​កំពុង​ដោះស្រាយ​ដោយ​ការ​ផាក​ពិន័យ​ និង​អប់រំ​ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​​ ដោយ​មូលហេតុ​ថា ​ពួកគាត់​មិន​ចេះ​ច្បាប់ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ផង​ដែរ​ ភាគច្រើន​អ្នក​រស់​នៅ​ទី​ក្រុង​ភ្នំពេញ​សុទ្ធតែ​មាន​ការ​ចេះ​ដឹង​ពី​ច្បាប់​ ចរាចរ​ណ៍​ បាន​ច្រើន​តាម​រយៈ​ផ្សព្វផ្សាយ​អប់រំ​ផ្សេង​ៗ​ ជា​ពិសេស​ មុន​ពេល​​​ប្រឡង​យក​ប័ណ្ណ​បើក​បរ​​ ពួកគាត់​ត្រូវ​តែ​រៀន​ច្បាប់​ចរាចរ​ណ៍​ជាមុន​សិន ដូច្នេះ​មិនមែន​គាត់​មិន​ដឹង​ទេ គឺ​គាត់​បំពាន​តែ​ម្ដង​។   លោក​ បាន​បន្ត​ថា​ ការបំពាន​ច្បាប់​មាន​តិចតួច​ណាស់​​​គឺ​ប្រមាណ​​តែ ១៣​ភាគរយ​ប៉ុណ្ណោះ​ ភាគ​ច្រើន​ជា​យុវជន ​និង​អ្នក​រត់​ម៉ូតូ​​ឌុប​តែ​ម្ដង ​​​។ លោក​បាន​បន្ថែម​ទៀត​ថា​ ​ពួកគេ​តែងតែ​បើក​ដោយ​បំពាន​ច្បាប់​បែប​នេះ​។ លោក​បញ្ជាក់ “រូបភាព​នៃ​ការ​បំពាន​បែប​នេះ ​​​បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ ​កិត្តិនាម​ប្រទេស​កម្ពុជា​ ដែល​ជា​ប្រទេស​មាន​វប្បធម៌​ល្អ​ផូរផង់​ ដូច្នេះ​មាន​តែ​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​ត្រូវ​គោរព​​​ច្បាប់​ចរាចរណ៍ ​ ឲ្យ​បាន​ត្រឹម​ត្រូវ​ ដើម្បី​លើក​កិត្តិយស​ប្រទេស​យើង​​​”៕​   អត្ថបទ៖ កង ចាន់​បញ្ញា
អត្ថបទពេញនិយម
អត្ថបទថ្មី