ប៉ែន ចំរ៉ុង ចង់​បាន​ប្រពន្ធ​ឆ្លាត ហើយ​មាន ប៉ុន្តែ...

  • 2015-03-10 21:21:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ែន ចំរ៉ុង បាន​បង្ហើប​ឱ្យ ​Sabay កាល​ពី​ពេល​ថ្មី​នេះ​ថា នារី​ដែល​ខ្លួន​ប្រាថ្នា ​ជា​ភរិយា​នោះ គឺ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ទ្រព្យ​សម្បត្តិ មាន​ចំណេះ ហើយ​ឆ្លាត​វាងវៃ​នៅ​ក្នុង​ការ​រក​ស៊ី​ទៀត​ផង។

 

 

តារា​សម្ដែង​រូប​នេះ​ បាន​បន្ត​ថា ព្រោះ​ខ្លួន​ជា​អ្នក​សិល្បៈ​ទៅ​ហើយ ប្រសិន​បើ​បាន​ភរិយា​ជា​អ្នក​រក​ស៊ី​កាន់​តែ​ប្រសើរ។ ចំរ៉ុង និយាយ​ថា៖" បើ​មាន​ចំណេះ និង​ ឆ្លាត​ហើយ​នោះ គឺ​យើង​អាច​ជួយ​រក​ស៊ី​គ្នា​បាន​សន្សំ​លុយ​កាក់​ទ្រព្យ​សម្បត្តិ​អញ្ចឹង​ទៅ"។ តួ​ក្រមិចក្រមើម​ខាង​លើ​បន្ថែម​ថា ជា​ដំបូង​នេះ​រូប​គេ​មិន​មាន​គម្រោង​រៀប​ការ​ជាមួយ​អ្នក​សិល្បៈ​ដូច​គ្នា​នោះ​ទេ និង​មិន​មែន​ជា​ការ​រើសអើង​នោះ​ដែរ។

 

ពិធី​ករ​វ័យ ​៣៣ ​ឆ្នាំ ​រូប​នេះ​បាន​អះអាង​ថា កាល​លើក​ឡើង​នេះ​ដោយ​ផ្អែក​លើ​និស្ស័យ និង​ការ​សម្រេច​ចិត្ត​ប៉ុណ្ណោះ ព្រោះ​មនុស្ស​ម្នាក់ៗ​មាន​គោលការណ៍​ផ្សេង​គ្នា ហើយ​មាន​ជម្រើស​រៀង​ខ្លួន​ផង​ដែរ នៅ​ក្នុង​ការ​ជ្រើសរើស​ដៃគូ​ជីវិត​សម្រាប់​អនាគត​យូរ​អង្វែង​។

 

 

ទោះ​បី​ជា​យ៉ាង​ណា ប៉ែន ចំរ៉ុង បញ្ជាក់​ថា គ្រប់​យ៉ាង​គ្រាន់​តែ​ជា​គម្រោង​ប៉ុណ្ណោះ ខណៈ​កំពុង​សម្លឹង​រក​នារី ដែល​មាន​លក្ខណៈ សម្បត្តិ​គ្រប់​គ្រាន់​តាម​ការ​ចង់​បាន​របស់​ខ្លួន។ លោក​ថា៖ "ចិត្ត​ចេះ​តែ​ចង់​បាន​ហើយ តែ​ខ្លាច​តែ​គេ​មិន​ស្រលាញ់​យើង​ជា​អ្នក​សិល្បៈ​អញ្ចឹង"។ តារា​រូប​នេះ​បន្ត​ថា នៅ​មិន​​ទាន់​អស់​សង្ឃឹម​នោះ​ទេ ខណៈ​ការងារ​សិល្បៈ​ក៏​មមាញឹក។

 

កាល​ពី​ពេល​ថ្មី​នេះ ប៉ែន ចំរ៉ុង ទើប​ចាប់​ផ្ដើម​អាជីព​ថ្មី​មួយ​គួរ​ឱ្យ​ភ្ញាក់​ផ្អើល គឺ​ដើរ​កាត់​សក់​តាម​រោង​ការ​បន្ថែម​ទៀត​ក្រៅ​ពី​អាជីព​ពិធី​ករ និង​តារា​សម្ដែង​ដែល​មាន​ស្រាប់។ ទោះ​បី​ជា​មិន​ទាន់​មាន​មូលដ្ឋាន​ជ្រៅជ្រះ​ក្នុង​ផ្លូវ​ប្រពៃណី​យ៉ាង​ណា​ក្ដី ប៉ុន្តែ​មាន​ការ​កត់​សម្គាល់​ឃើញ​ថា បច្ចុប្បន្ន​មិន​សូវ​មាន​អ្នក​សិល្បៈ​វ័យ​ក្មេង​ណា​ចង់​ចាប់​អាជីព​នេះ​ឡើយ ធ្វើ​ឱ្យ​មាន​ការ​ខ្វះ​ខាត​ធនធាន​ផ្នែក​នេះ៕

 

អានអត្ថបទ៖ កែវ នីតា ប្រាថ្នា​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​ ប៉ុន្តែ​ថា គ្មាន​សែស្រឡាយ​​ដូច​គេ

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី