ចំណុច​តូច​ៗ​​គូស្នេហ៍​មើល​រំលង​និង​​តែង​ធ្វើ​ខុស​ពេល​​ផ្ដើម​មាន​ស្នេហា​

  • 2014-10-07 16:08:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា​​ប្រៀប​ដូច​ជា​អណ្ដាត ​និង​ធ្មេញ​ លៃ​អី​គង់​នឹង​ប៉ះ​គ្នា។​​ គូ​ស្នេហ៍​ខ្លះ​ ស្រលាញ់​គ្នា​សុខ​ៗ​ ក៏​ឈ្លោះ​គ្នា។ ​នេះ​មក​ពី​មិន​បាន​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ​និង​​​តែង​តែ​មើល​ងាយ​​​បញ្ហា​តិច​តួច​ជុំវិញ​ខ្លួន​ ដោយ​​ចេះ​តែ​បណ្ដែត​បណ្ដោយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​រហូត​ឈាន​ដល់​ដំណាក់កាល ​ចុង​ក្រោយ​ គឺ​​បែក​គ្នា​។

 

តើ​អ្វី​ខ្លះ​ទៅ​​​​ ដែល​គូស្នេហ៍​មួយ​ចំនួន​តែង​តែ​មើល​ស្រាល​ថា​វា​មិន​អី ​គ្រាន់​ជា​រឿង​តូច​តាច​​ តែ​ធាតុ​ពិត​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សម្ព័ន្ធ​ស្នេហា​?

 

មិន​ពេញ​ចិត្ត ​មិន​និយាយ​ ចង់​ឲ្យ​គេ​ដឹង​ដោយ​ខ្លួន​ឯង​ ​ សម្រាប់​លោក​ សុខ មង្គល អតីត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ជំនាញ​គណិតវិទ្យា បាន​និយាយ​ថា​ នារី​ខ្លះ​មិន​ពេញ​ចិត្ត​អ្វី​មួយ​ គឺគិត​តែ​ពី​​អង្គុយ​ខឹង​ងរ​ មិន​ព្រម​ប្រាប់​ថា​​ខឹង​រឿង​អ្វី​ ​ចង់​ឲ្យ​សង្សារ​ដឹង​​ថា​ខ្លួន​កំពុង​តែ​គិត​អ្វី​​។ ហើយ​បើ​គេ​ដឹង​ គឺ​មាន​ន័យ​ថា​​គេ​យល់​ចិត្ត​ និង​យក​ចិត្ត​ទុក​ដាក់​មក​លើ​​ខ្លួន​។ គិត​បែប​នេះ​គឺ​យ៉ាប់​ហើយ ​ប្រុស​ៗ​មិន​មែន​ជា​ទេវតា​ ឬ​គ្រូទាយ​ អ្នកណា​គិត​អ្វី​ក៏​ដឹង​ អ្នកណា​សួរ​អ្វី​ក៏​ឃើញ​នោះ​ទេ​។ បើ​ដឹង​អ្វី​បាន​ដោយ​ខ្លួន​ឯង​ទាំង​អស់​អញ្ចឹង​ ទៅ​ដាក់​កំប៉ុង​ជើង​ធូប​ទាយ​រក​លុយ​ក្លាយ​ជា​អ្នក​មាន​ហើយ​។

មង្គល ​បន្ត​ថា៖ “​យើង​មិន​មែន​គ្រាន់​តែ​សម្រប​ខ្លួន​រក​គេ​ ឬ​គិត​តែ​ទាម​ទារ​ឲ្យ​គេ​សម្រប​ខ្លួន​តាម​យើង​នោះ​ឡើយ គឺ​ទាំង​ប្រុស​ស្រី​ត្រូវ​ចេះ​សម្រប​ខ្លួន​រក​គ្នា​ ស្វែង​យល់​ពី​ភាព​ខុស​ប្លែក​រវាង​គ្នា​ តែ​ប៉ុណ្ណឹង​ស្នេហា​ក៏​ល្អ​ទៅ​ហើយ”។ ពេល​ឈ្លោះ​គ្នា​ តែង​តែ​រាល​ដាល​សុំ​ចែក​ផ្លូវ ​ និស្សិត ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ កញ្ញា​ ឡុង សោភ័ណ ប្រាប់​ថា​ រឿង​តូច​ប៉ុន​ឈើ​ចាក់​ធ្មេញ​ តែ​អ្នក​ខ្លះ​ធ្វើ​ឲ្យ​វា​ក្លាយ​ទៅ​ជា​រឿង​ធំ​បាន។​ ឈ្លោះ​គ្នា​ដោយ​រឿង​តូច​តាច​​មិន​​បញ្ចប់​​រឿង​នោះ​ទេ​ បែរ​ជា​​​រាល​​ដាល​ទៅ​ដល់​រឿង​ផ្សេង​ទៀត។ ជួន​កាល​ឈ្លោះ​គ្នា​រឿង​ទៅ​ញ៉ាំ​អី​ និយាយ​ទៅ​និយាយ​មក​រាល​ដាល​ទៅ​ដល់​សង្សារ​ចាស់​។ ពេល​ខឹង​ខ្លាំង​ធ្វើ​អ្វី​គេ​មិន​បាន​ ក៏​សុំ​ចែក​ផ្លូវ​គ្នា​។

 

កញ្ញាបន្ថែម ​ថា​៖ “គូ​ស្នេហ៍​ខ្លះ​និយាយ​​សុំ​ចែក​ផ្លូវ​គ្នា​ឡើង​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​​ ទាំង​មិន​បាន​​ពិចារណា​ ​ព្រោះ​គ្រាន់​តែ​ចង់​ធ្វើ​បាប​ឲ្យ​ម្ខាង​ទៀត​គិត​ថា​ ខ្លួន​គាត់​​ខុស​។ នៅ​ពេល​អ្នកណា​ម្នាក់​និយាយ​សុំ​បែក​គ្នា​ ម្ខាង​ទៀត​នឹង​តប​ស្នង​តាម​សេចក្ដី​ត្រូវ​ការ​នោះ​​ ទោះ​គេនៅ​ស្រលាញ់​ក្ដី​​។ បាត់​សង្សារ​មិន​បញ្ហា ​តែ​បាត់​បង់​កិត្តិយស ​វា​គឺ​ជា​រឿង​ធំ​”។

 

(រូប​តំណាង)

មិន​ខ្វល់ មិន​លួង​លោម​ មិន​ចេះ​មើល​ថែ​ទាំ ​ ​ ចំពោះ​​កញ្ញា​ ខេមរៈ ​បុស្បា អាយុ​២៤​ឆ្នាំ អតីត​និស្សិត​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ ជំនាញ​អក្សរ​សាស្ត្រ​អង់គ្លេស​ បញ្ចេញ​ទស្សនៈ​ទាក់​ទង​នឹង​រឿង​នេះ​ថា​ បុរស​ខ្លះ​មិន​ហ៊ាន​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ទាំ​មិត្ត​ស្រី​ខ្លួន​​ទេ​ ព្រោះ​គិត​ថា​លួង​ច្រើន ​ ខ្វល់​ច្រើន​នឹង​បាន​ចិត្ត។ បុស្បា និយាយ​បញ្ជាក់​​ថា​៖ “ការ​​ដែល​បុរស​គិត​បែប​នេះ​គឺ​ខុស​ធ្ងន់​ជា​ទី​បំផុត​។ ស្នេហា​ប្រៀប​ដូចជា​​ទូរសព្ទ​អញ្ចឹង​ វា​ក៏​ចេះ​អស់​ថ្ម​ដែរ​ ហើយ​នៅ​ពេល​វា​ជិត​អស់​ វា​តែង​លោត​សញ្ញា​ប្រាប់​ឲ្យ​បញ្ចូល​​វា​។ មិន​ខុស​គ្នា​អី​នឹង​គូ​សង្សារ​ទេ​ បើ​អ្នក​គិត​ថា​ការ​ខ្វល់ខ្វាយ​ពី​គ្នា​ជា​ការ​ខុស​ គឺ​អ្នក​នោះ​ហើយ​ដែល​ខុស ​ព្រោះ​មនុស្ស​ស្រលាញ់​គ្នា​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​សួរ​នាំ​គ្នា​ទៅ​វិញ ​ទៅ​មក​ ទើប​ស្នេហា​ផ្អែម​ល្ហែម​ទៅ​រួច​។ នារី​ត្រូវ​ការ​ណាស់​ការ​យក​ចិត្ត​មើល​ថែ​សូរ​នាំ​ បើ​ពេល​នាង​មាន​ទុក្ខ​មិន​ដែល​ឃើញ​មុខ​សង្សារ​​នៅ​ក្បែរ​ ឬ​នាង​មាន​បញ្ហា​បាក់​ទឹក​ចិត្ត​ត្រូវ​ការ​លួង​លោម​ពី​មនុស្ស​ដែល​នាង​ ស្រលាញ់​ផ្ដល់​កម្លាំង​ចិត្ត ​តែ​បែរ​ជា​មិន​អើពើ​នឹង​នាង​ទៅ​វិញ​។ នៅ​ពេល​នោះ​មិន​យូរ​មិន​ឆាប់ ​ស្នេហា​នឹង​ផុត​រលត់​ទៅ​ដោយ​ឯក​ឯង​”។

 

ប៉ិន​យំ​ ប៉ិន​ឡូឡា​ ប៉ិន​ប្រច័ណ្ឌ ​ នៅ ​ពេល​ស្រលាញ់​គ្នា​បាន​មួយ​រយៈ​ ស្ត្រី​នឹង​ចាប់​ផ្ដើម​ប្រច័ណ្ឌ​ ជួន​កាល​កើត​ឡើង​ដោយ​មិន​ដឹង​ខ្លួន​ ខ្លាច​គេ​មាន​ថ្មី​ ខ្លាច​គេ​ឈប់​ស្រលាញ់​ ដែល​នេះ​ជា​អ្វី​បាន​លើក​ឡើង​ដោយ​យុវជន​ ណុប ខន អ្នក​សម្រប​សម្រួល​នៃ​អង្គការ​សុខភាព​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ខន​ ថ្លែង​ថា៖​ “នារី​ខ្លះ​មិន​ទាន់​ទាំង​ដឹង​ច្បាស់​ថា​សង្សារ​ខ្លួន​លួច​មាន​ថ្មី​ ឬ ​អត់​ផង  ក៏​ឡូឡា​ចោទ​ប្រកាន់​ធ្វើ​តាម​ចិត្ត​គ្មាន​ហេតុ​ផល​។ មាន​បុរស​ជា​ច្រើន​សុខ​ចិត្ត​ជ្រើស​ផ្លូវ​បែក​គ្នា​។ មូល​ហេតុ​មក​ពី​គេ​មិន​អាច​ទ្រាំ​ទ្រ​បាន​ នៅ​ពេល​ដែល​នារី​ជា​គូ​ស្នេហ៍​មិន​ផ្ដល់​តម្លៃ​ទុក​ចិត្ត​ដល់​រូប​គេ​។  នារី​ដែល​ចាត់​ទុក​ខ្លួន​ឯង​ជា​ម្ចាស់​ក្សត្រី​ ធានា​ថា​មិន​ដល់​មួយ​ឆ្នាំ​ទេ ​សង្សារ​ប្រាកដ​ជា​រត់​ចោល​មិន​ខាន​”៕

 

ចុច ត្រង់​នេះ! ដើម្បី​ចូល​ទៅ​បណ្ដុំ​អត្ថបទ​តិច​និក​​ពិសេសៗ​សម្រាប់​ស្នេហារក្រុម​យុវវ័យ

៦​យ៉ាង​ដែល​ស្រីៗ​គិត ពេល​ឃើញ​ប្រុសៗ​ដំបូង

បច្ចេកទេស​ឲ្យ​ស្រី​ៗ​បាក់​ស្រលាញ់​​​ទោះ​​​មិន​សង្ហា

 

អត្ថបទ៖ សុ​នា​

អត្ថបទពេញនិយម