រឿងរ៉ាវ ៤ យ៉ាងមិនគួរនិយាយពេលទើបចាប់ផ្ដើមការងារថ្មី
- 2015-03-13 16:57:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវ ៤ យ៉ាងមិនគួរនិយាយពេលទើបចាប់ផ្ដើមការងារថ្មី
ចន្លោះមិនឃើញ
នៅពេលចាប់ផ្ដើមការងារនៅកន្លែងថ្មី ប្រៀបដូចជាត្រូវចូលក្នុងសង្គមថ្មីមួយ ដែលត្រូវកសាងទំនាក់ទំនងជាមួយបុគ្គលិកថ្មីផងដែរ។ ពេលខ្លះការនិយាយជួយឲ្យមានការប្រាស្រ័យល្អ តែជួនកាលវាបែរជាមិនបានជួយឲ្យអ្នកល្អប្រសើរទេ តែថែមទាំងធ្វើឲ្យអ្នករឹតយ៉ាប់កាន់តែខ្លាំងហើយពិបាកសម្របខ្លួនជាងមុនទៀត។
អ្នកបណ្ដុះបណ្ដាលផ្នែកជំនាញការងារ និង សិក្សានៅអង្គការស្នាមញញឹមថ្មី អ្នកស្រី ឡេង សុជាតា បានផ្ដល់ជាមតិយោបល់សំខាន់ៗតាមរយៈ Sabay អំពីចំណុចដែលមិនគប្បីនិយាយនៅពេលផ្លាស់ប្ដូរទៅកន្លែងការងារថ្មីដូចខាងក្រោម៖
រូបតំណាង
និយាយដើមឬការសំងាត់របស់ក្រុមហ៊ុន
មនុស្សដែលធ្វើការជាមួយគ្នាតែងចង់ដឹងពីគ្នាបន្តិចបន្តួចពិសេសរឿងអតីតកាល និង ដំណើរដើមហេតុដែលជំរុញឲ្យផ្លាស់ប្ដូរការងារ។ តែបុគ្គលិកឆ្លាតមិនគួរនិយាយដើមរឿងមិនល្អរបស់មេ ឬការសំងាត់ផ្សេងៗរបស់អតីតក្រុមហ៊ុនឡើយ។ វាមិនបានធ្វើឲ្យគេចូលចិត្តបុគ្គលិកបែបនេះទេ ផ្ទុយទៅវិញធ្វើឲ្យគេគិតអាក្រក់លើអ្នកទៅវិញ។
បើកបង្ហាញឲ្យបុគ្គលិកឯទៀតដឹងគ្រប់យ៉ាង
បើគិតថា ការនិយាយរឿងគ្រប់យ៉ាងពាក់ព័ន្ធនឹងជីវិត សូម្បីតែទម្លាប់អាក្រក់និងរឿងអាម៉ាស់ផ្សេងៗរបស់ខ្លួនឲ្យគេស្ដាប់ដោយសង្ឃឹមថា ទង្វើបែបនេះនឹងបង្កើតមិត្តបាន ព្រោះគិតថានឹងធ្វើឲ្យគេយល់ថាអ្នកជាមនុស្សត្រង់ទៅត្រង់មក ឥតលាក់លៀម គួរឲ្យរាប់អាន បើបែបហ្នឹងអ្នកគិតខុសហើយ។
ធ្វើខ្លួនមិនសមនឹងអ្វីដែលនិយាយ
នៅកន្លែងថ្មី គេមិនដឹងថា ពីមុនអ្នកជាអ្នកណា អស្ចារ្យប៉ុណ្ណា មកពីណា ដូច្នេះ អារម្មណ៍ និង ការសំដែងចេញពីក្រសែភ្នែកដែលគេសម្លឹងមក គឺស្ថិតនៅកណ្ដាល។ បើអ្នកធ្វើឬកសេដ្ឋីជ្រុលពេកអាចនឹងត្រូវគេស្អប់ ធ្វើខ្លួនសាមញ្ញៗជ្រុលពេកគេថា អ្នកធ្វើខ្លួនមិនសមនឹងអ្វីដែលនិយាយ ដោយគេអាចគិតថា ម្នាក់ហ្នឹងកុហកទេដឹង អត់ឃើញមានអ្វីល្អដូចសំដីសោះ។
រូបតំណាង
និយាយច្រើនហួសហេតុ
ពាក្យសំដីឆ្លុះបញ្ចាំងឲ្យឃើញពីចរិតមនុស្ស។ បើអ្នកជាមនុស្សពូកែនិយាយ អ្នកនឹងត្រូវគេចាប់បានត្រង់ចំណុចនោះ។ កំឡុងពេលដែលកំពុងនិយាយ មនុស្សមួយចំនួនអាចនឹងកំពុងមើលនិងគិតស្វែងយល់ពីអ្នក។ អ្នកខ្លះអាចគិតថា ម្នាក់នេះចរិតបែបនេះតើ ឬអ្វីផ្សេងៗ។ ស៊ូនៅស្ងាត់ និយាយតាមការគួរ ហើយទុកឲ្យអ្នកឯទៀតមកស្រមៃដោយខ្លួនឯងថា អ្នកប្រហែលល្អបែបនេះបែបនោះវិញ ប្រសើរជាង។
អ្នកបណ្ដុះបណ្ដាលដដែលនេះបានបន្ថែមថា ការនិយាយការពិតពាក់ព័ន្ធនឹងខ្លួនទាល់តែអស់គ្មានសល់ ចាត់ទុកថា ជាការនិយាយដែលគ្មានប្រយោជន៍ ព្រោះនិយាយទៅមានតែធ្វើឲ្យពិបាកសម្របខ្លួនប៉ុណ្ណោះ៕
សូមអាន៖ ៨ចំណុច កុំដាក់ជាដាច់ខាតពេលសរសេរCV
អត្ថបទ៖ លឹម សុនា