ពិធី​ករ​៣​រូប មាន​មោទនភាព​ចំពោះ​​ក្រុម​កម្ពុជា​ម្សិលមិញ តែ​បារម្ភ​​ជើង​​ទី​២

  • 2015-03-13 20:18:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ករ​៣​រូប ក៏​បាន​បង្ហាញ​មោទនភាព​ផង​ដែរ ចំពោះ​លទ្ធផល​​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​​បាន​​យក​ឈ្នះ ក្រុម​ម៉ាកាវ ៣-០ សម្រាប់​វគ្គ​ជម្រុះ​បឋម នៃ​ពាន​រង្វាន់​​បាល់ទាត់​ពិភព​​លោក​ប្រចាំ​ទ្វីប​អាស៊ី​កាល​ពី​ម្សិលមិញ​នេះ។

 

 

ពិធី​ករ និង​ជា​តារា​សម្ដែង ជា វណ្ណារិទ្ធ បាន​និយាយ​ថា សប្បាយ​ចិត្ត​ ព្រោះ​ឃើញ​ក្រុម​កម្ពុជា​ធ្វើ​បាន​ល្អ​ដូច្នេះ ហើយ​នេះ​ជា​ព្រឹត្តិការណ៍​ដ៏​កម្រ​មួយ។ តែ​ពិធី​ករ​រូប​នេះ​និយាយ​ថា ៖" ខ្ញុំ​គ្រាន់​តែ​បារម្ភ​ចំពោះ​ការ​ប្រកួត​ជើង​ទី​២​ប៉ុណ្ណោះ ព្រោះ​នៅ​លើ​ទឹក​ដី​គេ​ផង និង​ខ្វះ​ការ​លើក​ទឹក​ចិត្ត​ផង"។

 

តារា​រូប​នេះ​បន្ត​ថា ការ​ប្រកួត​នៅ​ថ្ងៃ​ទី​១៧​ខាង​មុខ​នេះ ម៉ាកាវ អាច​នឹង​ដាក់​សម្ពាធ​លើ​ក្រុម​កម្ពុជា​ ហើយ​ពូក​គេ​អាច​នឹង​គាប​ខ្សែ​បម្រើ​ប្រយុទ្ធឆ្នើម​ ចាន់ វឌ្ឍនាកា និង​កីឡា​ករ​ផ្សេង​ទៀត ព្រោះ​ក្រុម​ម៉ាកាវ​បាន​ដឹង​សមត្ថភាព​កម្ពុជា​ខ្លះ​ហើយ។

 

ស្រដៀង​គ្នា​នេះ​ដែរ វីជេ រតនា បាន​និយាយ​ថា បាន​ចំណាយ​ពេល​តាម​ដាន​ការ​ប្រកួត​ម្សិលមិញ​នេះ​តាំង​ពី​ដើម​រហូត​ដល់​ចប់ និង​ហ៊ោកញ្ជ្រៀវ​រហូត​ស្អក​ក​។ ទន្ទឹម​នឹង​មោទនភាព​ពិធី​ករ​រូប​នេះ​និយាយ​ថា ៖" ខ្ញុំ​កំពុង​​បារម្ភ​ខ្លាច​គេ​ស៊ី​វិញ ប្រហែល​ជា​គេ​បាន​ត្រៀម​ខ្លួន​ល្អ​ជាង​នេះ​ហើយ​មើល​ទៅ។ យ៉ាង​ណា នៅ​តែ​សង្ឃឹម​លើ​កីឡាករ​ខ្មែរ​យើង"។

 

ងាក​មក​ពិធី​ការិនី​ស្រស់​ស្អាត សុខ សុម៉ាវត្តី ឯ​ណេះ​វិញ ក៏​បាន​សរសេរ​នៅ​លើ Instagram របស់​ខ្លួន​ថា ៖" អបអរ​សាទរ​កម្ពុជា...អ្នក​ធ្វើ​បាន​ល្អ​នៅ​នាទី​ចុង​ក្រោយ។ នៅ​ទៅ​លេង​ទឹក​ដី​គេ​វិញ...សង្ឃឹម​ថា ឈ្នះៗ"៕

 

 

 

ការ​ប្រកួត​នៅ​ស្តាត​ចាស់​ម្សិល​មិញ ក្រុម​កម្ពុជា​មិន​អាច​ទម្លាញ​សំណាញ់​ទី​របស់​ក្រុម​​ម៉ាកាវ​​បាន​ទេ​សម្រាប់​៤៥​នាទី​ដំបូង ប៉ុន្តែ​អាច​ទម្លាយ​សំណាញ់​ទី​របស់​​ភ្ញៀវ​​បាន​នៅ​តង់​ទី​២​ដោយ​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា រក​បាន​២​គ្រាប់ និង ​ឃួន ឡាបូរ៉ាវី​ រក​បាន​១​គ្រាប់​ដែល​ជួយ​ឲ្យ​កម្ពុជា​ឈ្នះ​ម៉ាកាវ​៣-០។ កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជើង​ទី​២​នៅ​លើ​ទឹក​ដី​ម៉ាកាវ​វិញ​នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា​ខាង​មុខ​នេះ៕

អាន​អត្ថបទ៖ ក្រុម DJ នៅ​ភ្នំពេញ​ បង្កើត​កម្មវិធី​ជួបជុំ ​រឹត​ចំណង​សាមគ្គីភាព

អាន​អត្ថបទ៖ ខួប​កូន​សោះ កាតុ អញ្ជើញ​សុទ្ធតែ​តារា​ល្បីៗ​ច្រើន​​អស់ទាស់

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី