រឿង៨​យ៉ាង បុគ្គលិក​ជោគជ័យ​មិន​គួរ​និយាយ​នៅ​កន្លែង​ការងារ

  • 2015-03-16 17:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លែង​ការងារ​មួយ​អាច​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ឥត​អាក់ លុះ​ត្រា​តែ​បុគ្គលិក​ទាំង​អស់​ចេះ​យោគយល់​ ពិភាក្សា​គ្នា និង​ជឿជាក់​គ្នា​ទៅ​វិញ​ទៅ​មក។ ទោះ​បែប​នេះ​ក្ដី មិន​មែន​គ្រប់​រឿង​ទាំង​អស់​សុទ្ធតែ​ត្រូវ​លើក​យក​មក​និយាយ​នោះ​ទេ មាន​បញ្ហា​មួយ​ចំនួន​ក៏​មិន​ត្រូវ​លាត​ត្រដាង​ដែរ។ ធ្វើ​បែប​នេះ ដើម្បី​កុំ​ឲ្យ​អ្នក​ផ្សេង​ទៀត​អាក់​អន់​ស្រពន់​ចិត្ត ឬ​រឿង​ខ្លះ​ដែល​និយាយ​ចេញ​មក​អាច​ប៉ះ​បាល់​ដល់​សកម្មភាព​ការងារ​របស់​អ្នក។ ខាង​ក្រោម​នេះ គឺ​ជា​រឿង ៨​យ៉ាង លោក​អ្នក​ មិន​គួរ​លើក​ឡើង​នៅ​កន្លែង​ការងារ៖

 

​១. ធុញ​ថប់​នឹង​ការងារ

 

បុគ្គលិក​ល្អ​គួរ​បញ្ចេញ​កម្លាំង​ធ្វើ​ការងារ​អស់​ពី​សមត្ថភាព ហើយ​បើ​ទោះ​ពេល​ខ្លះ​មាន​អារម្មណ៍​ថា​ធុញ​ថប់ ឬ​ស្អប់​ការងារ ក៏​មិន​ត្រូវ​រៀបរាប់​ចេញ​មក​ក្រៅ​មុខ​បុគ្គលិក​ផ្សេង​ទៀត​ដែរ។ ធ្វើ​បែប​នេះ មាន​ន័យ​ថា​អ្នក​កំពុង​​មាន​គំនិត​អវិជ្ជមាន​លើ​ការងារ​ដែល​ខ្លួន​ធ្វើ និង​អូស​អ្នក​ដទៃ​ឲ្យ​មាន​គំនិត​ធុញ​ថប់​ដូច​អ្នក។ មួយ​វិញ​ទៀត បើ​ពាក្យ​ទាំង​អស់​នេះ​ឮ​ទៅ​ដល់​មេ​កើយ អ្នក​នឹង​ក្លាយ​ជា​​មុខ​សញ្ញា​អាក្រក់​ជា​មិន​ខាន។

 

២. និយាយ​ដើម​បុគ្គលិក​ផ្សេង​ថា​អសមត្ថភាព

 

ជា​ធម្មតា កន្លែង​ការងារ​មួយ ប្រាកដ​ជា​មាន​ទាំង​បុគ្គលិក​ប្រកប​ដោយ​សមត្ថភាព​ខ្ពស់ និង​បុគ្គលិក​អសមត្ថភាព​ខ្លះ​ជាក់​ជា​មិន​ខាន។ បុគ្គលិក​មួយ​ចំនួន​បាន​និយាយ​ដើម​គេ​ថា​ខ្សោយ​នៅ​ពី​ក្រោយ​ខ្នង ដើម្បី​ឲ្យ​បុគ្គលិក​ផ្សេង​ទៀត​សរសើរ​សមត្ថភាព​ខ្លួន ប៉ុន្តែ​ថ្ងៃ​ណា​មួយ​វា​នឹង​បង្ក​ផល​អវិជ្ជមាន​ដល់​គេ​​វិញ ព្រោះ​បុគ្គលិក​ផ្សេង​ទៀត​អាច​និយាយ​ដើម​គេ​បាន​ដូច​គ្នា។ បើ​មិន​បាន​ជួយ​អ្វី​គេ​ទេ កុំ​និយាយ​បង្អាប់​គេ​ពី​ក្រោយ​ខ្នង ហើយ​ត្រូវ​ចាំ​ថា​​បុគ្គលិក​ល្អ​ប្រើ​សមត្ថភាព​ខ្លួន​ឯង​ដើម្បី​ឈាន​ឡើង មិន​មែន​ជាន់​ពន្លិច​អ្នក​ដទៃ​ឡើយ។

 

៣. ប្រាក់​ខែ

 

 

និយាយ​រឿង​ប្រាក់​ខែ​ជាមួយ​អ្នក​ផ្សេង​ក្រៅ​កន្លែង​ការងារ​ជា​រឿង​មិន​សមរម្យ​ទៅ​ហើយ កុំ​ថា​ឡើយ​ជា​មួយ​បុគ្គលិក​រួម​ការងារ។ បង្ហាញ​ពី​ទំហំ​ប្រាក់​ខែ​អ្នក​ប្រាប់​បុគ្គលិក​ផ្សេង នឹង​នាំ​ឲ្យ​មាន​ការ​ប្រៀបធៀប បង្កើត​បាន​ជា​ភាព​ច្រណែន ហើយ​គុណភាព​ការងារ​ប្រាកដ​ជា​ធ្លាក់​ចុះ​មិន​ខាន។

 

៤. ជំនឿ​សាសនា និង​នយោបាយ

 

​​​​​​មនុស្ស​ភាគ​ច្រើន​រស់​ជាមួយ​ជំនឿ ទាំង​សាសនា និង​នយោបាយ ដែល​ជា​ប្រធាន​ក្ដៅ​គគុក​វែក​ញែក​រក​ចាញ់​ឈ្នះ​មិន​ឃើញ។ មិន​ថា​អ្នក​ដាក់​ជំនឿ​លើ​សាសនា​ណា ឬ​ប្រកាន់​យក​នយោបាយ​បក្ស​ណា មិន​គួរ​លាត​ត្រដាង​នៅ​កន្លែង​ការងារ​ឡើយ ព្រោះ​អាច​បង្ក​ជា​ការ​មើល​មុខ​គ្នា​មិន​ត្រង់។ មួយ​វិញ​ទៀត ប្រសិន​បើ​រឿង​នេះ​ត្រូវ​បាន​ទម្លាយ បុគ្គលិក​មួយ​ចំនួន​ដែល​ជឿជាក់​ស៊ប់​ផ្ទុយ​នឹង​អ្នក អាច​ចាត់​ទុក​អ្នក​ជា​សត្រូវ៕

 

៥. ប្រវត្តិ​មិន​ល្អ​ពេល​នៅ​រៀន

 

 

អតីតកាល​របស់​មនុស្ស​ម្នាក់ អាច​បញ្ជាក់​ពី​ចរិត​លក្ខណៈ​របស់​គេ។ បើ​ទោះ​ពេល​នេះ​អ្នក​ប្រែ​ជា​ល្អ ក៏​មនុស្ស​ភាគ​ច្រើន​មិន​ដាក់​ជំនឿ​លើ​អ្នក​ខ្លាំង​ដែរ។ ធ្លាប់​ដើរ​លេង​គេច​សាលា ផឹក​ស្រា​សប្បាយ ប្រើ​គ្រឿង​ញៀន ឬ​វាយ​តប់​គ្នា​ជាដើម មិន​គួរ​ទម្លាយ​ប្រាប់​បុគ្គលិក​ដទៃ​ឡើយ ព្រោះ​វា​អាច​មាន​ផល​អវិជ្ជមាន​ចំពោះ​អ្នក។ ម្យ៉ាង​វិញ​ទៀត បើ​ដឹង​ថា​អ្នក​ធ្លាប់​មាន​ប្រវត្តិ​អាក្រក់ គេ​ប្រាកដ​ជា​មិន​សូវ​គោរព​តាម​ការ​ដឹក​នាំ​របស់​អ្នក​ឡើយ។

 

៦. បង្ហាញ​អំនួត

 

ទោះ​ខ្លួន​ពូកែ​យ៉ាងណា ក៏​មិន​ត្រូវ​និយាយ​អួត​អាង​នៅ​មុខ​បុគ្គលិក​ដទៃ​ដែរ ព្រោះ​មាន​​អំនួត​បែប​នេះ​អាច​ធ្វើ​ឲ្យ​គេ​ស្អប់​បាន​គ្រប់​ពេល​វេលា។ អ្នក​មាន​សមត្ថភាព​ប៉ុនណា បុគ្គលិក​ដទៃ​ប្រាកដ​ជា​មើល​ឃើញ ហើយ​អ្វី​ដែល​ត្រូវ​ធ្វើ​នោះ គឺ​ប្រើ​សមត្ថភាព​របស់​អ្នក​បំពេញ​ការងារ និង​ជួយ​បុគ្គលិក​ដទៃ​ទើប​ជា​ការ​ល្អ។

 

៧. និយាយ​លេង​សើច​ច្រើន

 

ជា​ការ​ពិត​ណាស់ នៅ​កន្លែង​ការងារ​គួរ​បង្កើត​បរិយាកាស​រីករាយ​ខ្លះ ប៉ុន្តែ​ជួនកាល​បើ​ធ្វើ​ឡើង​ជ្រុល​ពេក វា​អាច​ក្លាយ​ជា​ការ​រំខាន​ដល់​អ្នក​ដទៃ។ ពេល​ខ្លះ​ការ​លេង​សើច​នោះ ប៉ះ​ពាល់​ដល់​ជីវិត​ពិត​របស់​អ្នក​ដទៃ ដែល​នឹង​បង្កើត​ជា​ការ​ថ្នាំង​ថ្នាក់​ណា​មួយ។

 

៨. ប្រាប់​គ្រប់​គ្នា​ថា​កំពុង​ស្វែង​រក​ការងារ​ថ្មី

 

 

នៅ​ពេល​អ្នក​ប្រាប់​បុគ្គលិក​ផ្សេង​ថា​កំពុង​ស្វែង​រក​ការងារ និង​មាន​គម្រោង​ចាកចេញ វា​ប្រៀប​ដូច​ជា​អ្នក​បញ្ចប់​ឱកាស​ខ្លួន​ឯង​ដែរ។ គ្រប់​គ្នា​នឹង​យល់​ថា​អ្នក​រង់ចាំ​តែ​ពេល​ចាក​ចេញ និង​គ្មាន​ចិត្ត​ធ្វើ​ការងារ​ឡើយ ដែល​អាច​ប៉ះ​ពាល់​ដល់​ការ​ឡើង​តួនាទី ឬ​ការ​ទទួល​បាន​ប្រយោជន៍​ផ្សេង​ៗ​ក្នុង​កន្លែង​ការងារ។ ពេល​ខ្លះ​ការ​តាម​ប្រមាញ់​ការងារ​ថ្មី​របស់​អ្នក​អាច​បរាជ័យ ដែល​តម្រូវ​ឲ្យ​អ្នក​ត្រូវ​ធ្វើការ​នៅ​កន្លែង​ដដែល។ ដូច​នេះ យល់​ល្អ​ចាំ​រក​ការងារ​ថ្មី​នោះ​បាន ចាំ​លាត​ត្រដាង​ប្រាប់​អ្នក​រាល់​គ្នា។ ​

 

ចុចអាន៖ រឿង​រ៉ាវ​ ៤ ​យ៉ាង​មិន​គួរ​និយាយ​ពេល​ទើប​ចាប់​ផ្ដើម​ការងារ​ថ្មី

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ businessinsider