តារា​ចម្រៀង ៤​ ដួង ​ប្រកាន់​ទស្សនៈ​សុខ​ចិត្ត​ស្លាប់ ​មិន​ច្រៀង​បទ​ចម្លង​ពី​បរទេស

  • 2015-03-17 17:02:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ ៤ ​ដួង​ស្ថិត​ក្នុង​ទ្រនំ​ផ្សេង​គ្នា ប៉ុន្តែ ​ប្រកាន់​ទស្សនៈ​ដូច​គ្នា​ថា ​សុខចិត្ត​ស្លាប់​ពី​ច្រៀង​ចម្រៀង​ ដែល​ចម្លង​ពី​បរទេស។ តារា​ចម្រៀង​ទាំង ៤​ដួង​ចូល​ចិត្ត​ការ​តែង​និពន្ធ​ដោយ​ខ្លួន​ឯង​មាន​ដូច​ជា សួន ពិសិដ្ឋ ញឹម ចំរើន ឌីជេ ក្ដឹប និង Jimmy kiss។

 

សួន ពិសិដ្ឋ ជា​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា ក៏ប៉ុន្តែ​តារា​រូប​នេះ​ បាន​វិវត្តន៍​ខ្លួន​ក្លាយ​ជា​តារា​ចម្រៀង​មួយ​ទៀត​បន្ទាប់​ពី​បោះ​ជំហាន​មក​​កាន់​ផលិតកម្ម រស្មី​ហង្ស​មាស។ ម្ចាស់​ជយលាភី កម្មវិធី​អាណាចក្រ​តារា​ពីរ​ឆ្នាំ​ជាប់​គ្នា​ប្រាប់ Sabay កាល​ពី​ពេល​កន្លង​ទៅ​ថា ទោះ​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ លោក​មិន​ចម្លង​ស្នាដៃ​ពី​បរទេស ឬ​ពី​នរណា​ម្នាក់​​ឡើយ​គឺ​ខិតខំ​បង្កើត​អ្វី​ជា​ស្នាដៃ​កូន​ខ្មែរ​ពិតៗ។

 

អតីត​អ្នក​និពន្ធ​ក្នុង​ផលិតកម្ម Rock បន្ត​ថា ​ទោះ​ជា​បទ​ចម្រៀង​ដែល​លោក​និពន្ធ រួម​នឹង​ច្រៀង​ជា​ការ​និពន្ធ​ថ្មី​ផ្ទាល់​ដៃ មិន​សូវ​ទទួល​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន​ក្ដី លោក​នៅ​តែ​បន្ត​ជា​និច្ច ហើយ​ថ្ងៃ​ណា​មួយ​ទស្សនិកជន​នឹង​យល់​ងាក​មក​គាំទ្រ​ស្នាដៃ​បង្កើត​ថ្មី​ជា​របស់​ខ្មែរ។

 

 

 

Jimmy Kiss ជា​តារា​ចម្រៀង​កំពុង​ស្ថិត​ក្នុង​ដួង​ចិត្ត​ប្រិយមិត្ត និង​ មិត្តៗ​យុវវ័យ ដោយ​សារ​តែ​លោក​ចូល​ចិត្ត​ការ​តាក់តែង​បទ​ចម្រៀង​ថ្មី​ខ្លួន​ឯង​មិន​ចម្លង​ពី​បរទេស។ បើ​ទោះ​ទស្សនិកជន​ខ្មែរ​មួយ​ចំនួន​ឱ្យ​តម្លៃ​លើ​បទ​ចម្រៀង​បរទេស ក៏ប៉ុន្តែ​ម្ចាស់​បទ Baby I'm Sorry អះអាង​ចម្រៀង Original មិន​សាបសូន្យ​ទេ គឺ​មាន​មហាជន​ខ្មែរ​នៅ​តែ​ឱ្យ​តម្លៃ​ការ​បង្កើត​ថ្មី​ដោយ​កូន​ខ្មែរ​ដដែល។

 

សារុន កល្យាណ ហៅ Jimmy Kiss បន្ត​ថា​ការ​តាំង​ចិត្ត​ខ្ពស់​ សុខ​ចិត្ត​ស្លាប់​មិន​ចម្លង​ស្នាដៃ​ពី​បរទេស ដោយ​ខិត​ខំ​បង្កើត​អ្វី​ជា​របស់​ខ្លួន​ឯង ធ្វើ​ឱ្យ​ទស្សនិកជន​ជា​ច្រើន​ងាក​មក​ចាប់​អារម្មណ៍ ឱ្យ​តម្លៃ​ និង​គាំទ្រ​ការ​បង្កើត​ថ្មី។

 

 

ញឹម ចំរើន ទើប​តែ​រក​ឃើញ​ទ្រនំ​ថ្មី​គឺ​ផលិតកម្ម Legend Tiger ក្រោយ​​ចាក​ចេញ​ពី​ផលិតកម្ម Rock កាល​ពី​ឆ្នាំ​២០១១។ ការ​បាត់​មុខ​ជា​យូរ​ឆ្នាំ​ពី​ពិភព​សិល្បៈ ដោយ​សារ​តែ​លោក​ចង់​ស្វែង​រក​ផលិតកម្ម​ណា​ដែល​តាក់​តែង​បទ​ចម្រៀង​ថ្មី​ដោយ​ខ្លួន​ឯង​មិន​ចម្លង​ពី​បរទេស។

 

ម្ចាស់​បទ"មិន​ប្រកាស​សង្គ្រាម​ទេ​អូន" លើក​ឡើង​ថា​ផលិតកម្ម​ជា​ច្រើន​ទាក់ទង​​ទៅ​ច្រៀង​ក្រោយ​ចេញ​ពី Rock ​តែ​លោក​មិន​ទទួល​ព្រោះ​តែ​ផលិតកម្ម​ភាគ​ច្រើន​គឺ​ចម្លង​ស្នាដៃ​ពី​បរទេស។ លោក​ថា​ប្រសិន​បើ​ខ្លួន​ច្រៀង​ឱ្យ​ផលិតកម្ម​ដែល​ចម្លង​ពី​បរទេស គឺ​ក្បត់​ឧត្ដមគតិ​ខ្លួន​ឯង ដូច្នេះ​ហើយ​ទើប​លោក​​រង់​ចាំ​ផលិតកម្ម​ធ្វើ​បទ​ថ្មី​មិន​យក​លំនាំ​តាម​នរណា​ម្នាក់។

 

 

ឌីជេ ក្ដឹប តារា​ចម្រៀង​រ៉េប​ឈាន​មុខ​ម្នាក់​នៅ​ក្នុង​ប្រទេស កម្ពុជា។ លោក​បាន​សន្យា​នឹង​ខ្លួន​ឯង ឪពុក​ម្ដាយ និង​ មិត្តភ័ក្ដិ​ថា ​នឹង​ធ្វើ​បទ​ចម្រៀង​ថ្មី​​រហូត​លុះ​ដល់​ដង្ហើម​ចុង​ក្រោយ។ ពោល​មិន​ចម្លង​ស្នាដៃ​ពី​បរទេស ឬ​ពី​នរណា​ម្នាក់​ទេ។

 

តារា​ចម្រៀង​រូប​នេះ​ត្រៀម​នឹង​ចេញ​បទ​ចម្រៀង​ជា​ការ​និពន្ធ​ថ្មី​សុទ្ធ​ជាង ១០​បទ​ជា​មួយ​ មាស សុខ​សោភា ក្នុង​ផលិតកម្ម Camtrax Music ដែល​លោក​ទើប​បង្កើត​ថ្មី​ដោយ​ខ្លួន​ឯង។ តាម​រយៈ​ការ​បង្កើត​ចម្រៀង​ថ្មី​ដោយ​ខ្លួន​ឯង ក្ដឹប មាន​ក្ដី​រំពឹង​ខ្ពស់​ថា​នឹង​ទទួល​ការ​ចាប់​អារម្មណ៍​​ច្រើន​ពី​ទស្សនិកជន​ពេល​ចេញ​លក់​លើ​ទីផ្សារ។

 

  ក្រៅ​តែ​ពី​តារា​ចម្រៀង​ទាំង​បួន​ដូង​នេះ ក៏​នៅ​មាន​អ្នក​និពន្ធ និង​តារា​ចម្រៀង​ផ្សេង​ទៀត​ខិត​ខំ​បង្កើត​ស្នាដៃ​ផ្ទាល់​ខ្លួន​ផង​ដែរ។ ជា​ពិសេស​មួយ​រយៈ​ចុង​ក្រោយ ផលិតកម្ម​នានា​បាន​ពង្រឹង​ការ​ផលិត​ស្នាដៃ​ថ្មី​ច្រើន ក្នុង​ន័យ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ទស្សនិកជន៕

 

 

អានអត្ថបទបន្ត៖ តារា​ថៃ​បង្ហោះ​វីដេអូ​ជេរ​អ្នក​ទេសចរ​ចិន ក្លាយ​ជា​ប្រធាន​បទ​

អានអត្ថបទបន្ត៖ ស្រី​ស្អាត ស៊ឹម សិរីរ័ត្នមុនី បាន​ត្រឹម​តួ​ធំ​ឆ្នាស់ឆ្នើម

អានអត្ថបទបន្ត៖ Arnold ​​​ជិះកង់​អត់​ពាក់​មួក​នៅ​​អូស្ត្រាលី ​ប៉ូលិស​រវល់​រំភើប​ភ្លេច​ផាក

 

 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទថ្មី