ក្មេង​តូច​ក្ដៅ​ខ្លួន គួរ​ធ្វើ​ដូច​ម្ដេច?

  • 2015-03-30 15:58:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជា​ទូ​ទៅ ក្មេង​តូច​ៗ​តែង​គ្រុន​ក្ដៅ​ចៀស​មិន​ផុត​ដែល​ធ្វើ​ឲ្យ​ឪពុកម្ដាយ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង រហូត​មិន​ដឹង​ថា ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​កូន​តូច​ជា​ទី​ស្រលាញ់​មាន​ភាព​ធូរស្បើយ​វិញ ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​​ក្រុម​គ្រូពេទ្យ​ ប្រាប់​ Sabay ឲ្យ​ដឹង​កាល​ពេល​ថ្មីៗ​នេះ។

 

លោកសាស្រ្តាចារ្យ​ គឹម អាង

 

ក្នុង​សិក្ខាសាលា​ ដែល​រៀប​ចំ​ដោយ​ក្រុមហ៊ុន​សា​ណូ​ហ្វី​ប្រចាំ​កម្ពុជា​អំពី “ជំងឺ​ឆ្លងនៅលើ​កុមារ និង​ ការ​គ្រប់​គ្រង​អាការៈ​គ្រុន​ក្ដៅ” លោក​ គឹម អាង សាស្ត្រាចារ្យ​ឯកទេស​រោគ​កុមារ​ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ និង​ ជា​សាស្រ្តាចារ្យ​បង្រៀន​នៅ​សាកលវិទ្យាល័យ​វិទ្យា​សាស្ត្រ​​សុខាភិបាល និង​​ ជា​​អនុ​ប្រធាន​សមាគម​គ្រូ​ពេទ្យ​កុមារ​កម្ពុជា​ផង​ដែរ​ បក​ស្រាយ​ថា នៅ​ពេល​កូន​ក្ដៅ​ខ្លួន ឪពុក​ម្ដាយ​ចៀស​វាង​ដណ្ដប់​​កូន​ហួស​ហេតុ​ ដោយ​យក​​ភួយ​ក្រាស់​ៗ ឬ​អាវ​រងា តែ​ក៏​មិន​ត្រូវ​ដោះ​អស់​រលីង​ដែរ គឺ​ត្រូវ​មាន​អាវ​យឺត​ស្ដើង និង​ ត្រូវ​មើល​ថា​ កូន​ក្ដៅ​ក្នុង​កម្រិត​ប៉ុន្មាន តិច​តួច ​ឬ​ខ្លាំង។

 

លោក​ សាស្រ្តាចារ្យ បាន​បន្ថែម​ទៀត​ថា បើ​ក្ដៅ​ខ្លាំង​ចាប់​ពី​ ៣៨​ អង្សា ត្រូវ​យក​កន្សែង​ជ្រលក់​​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ មក​ជូត​ខ្លួន​កុមារ​ប្រហែល​ ៤ ទៅ​ ១០​ នាទី។ បន្ទាប់​មក​ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​ក្នុង​បរិមាណ​ត្រឹម​ត្រូវ អាច​ឲ្យ​កូន​ធូរ​ស្រាល​បាន​ខ្លះ​ដែរ រួច​សឹម​បញ្ជូន​កូន​ទៅ​ជួប​គ្រូ​ពេទ្យ។ ហាម​ប្រើ​ទឹក​កក​ឬ​អាល់កុល​មក​ជូត​ខ្លួន​កូន​ព្រោះ​ធ្វើ​ឲ្យ​កុមារ​ពិបាក​ទ្រាំ​ទ្រ និង​ ជួន​កាល​ការ​ប្រើ​ទឹក​កក​នាំ​ឲ្យ​ការ​បញ្ចេញ​កម្ដៅ​ពី​ខ្លួន​កុមារ​ត្រូវ​បាន​រាំង​ស្ទះ​ទៀត​ផង។

 

លោក​ គឹម អាង  បន្ត​ថា ការ​បញ្ជូន​កូន​ទាំង​តក់​ក្រហល់​ភ្លាម​បន្ទាប់​ពី​ដឹង​ថា​ កូន​ក្ដៅ​ខ្លួន​នោះ មិន​មែន​ជា​រឿង​ល្អ​ឡើយ ព្រោះ​ក្មេង​ក្ដៅ​ភ្លាម មិន​ទាន់​ចោទ​ជា​បញ្ហា ​ឬ​សញ្ញា​បន្ទាន់​ឡើយ។ ឪពុក​ម្ដាយ​ខ្លះ គ្រាន់​តែ​ដឹង​ថា ​កូន​ក្ដៅ​ខ្លួន​ភ្លាម ក៏​ទៅ​ជួប​គ្រូពេទ្យ​ទាំង​យប់​កណ្ដាល​អាធ្រាត្រ​ក៏​មាន ដែល​នេះ​មិនមែន​ជា​វិធី​ល្អ​ឡើយ ។ អ្វី​ដែល​ល្អ គឺ​ឪពុក​ម្ដាយ​ត្រូវ​ជូត​ខ្លួន​ឲ្យ​កូន ប្រើ​ថ្នាំ​បញ្ចុះ​កម្ដៅ​ក្នុង​បរិមាណ​សមរម្យ បន្ទាប់​មក​តាម​ដាន​ថា​ តើ​កូន​មាន​អាការៈ​ក្ដៅ​ខ្លួន​ធ្ងន់ធ្ងរ​ឬ​ទេ?។

 

លោក លឹម ភារុន

 

ចំពោះ លោក​វេជ្ជបណ្ឌិត លឹម ភា​រុន អ្នក​គ្រប់គ្រង​ផលិតផល​ឱសថ DOlIPRANE របស់​ក្រុម​ហ៊ុន​សា​ណូ​ហ្វី​ប្រចាំ​កម្ពុជា  មាន​ប្រសាសន៍​ថា ការ​ឲ្យ​កុមារ​ទទួល​បាន​ការ​ថែ​ទាំ ការ​ការពារ និង ​ការ​ព្យាបាល​បាន​ត្រឹម​ត្រូវ​សម​ស្រប​ទៅ​តាម​លក្ខខណ្ឌ​សុខភាព​របស់​ពួក​គេ ធ្វើ​ឲ្យ​ពួក​គេ​មាន​សុខភាព​ល្អ និង ​មិន​ចំណាយ​ថវិកា​ច្រើន។ បន្ទាប់​មក​ត្រូវ​នាំ​កុមារ​មក​ជួប​គ្រូពេទ្យ ដើម្បី​ពិនិត្យ​ឲ្យ​ឃើញ​ថា​កុមារ​មាន​ឈឺ​អ្វី​ពិត​ប្រាកដ តាម​ពេល​វេលា​មួយ​ដ៏​សមស្រប​កុមារ មាតាបិតា និង​ គ្រូពេទ្យ។

 

ដូច្នេះ​ហើយ ក្នុង​នាម​ជា​សាស្ត្រាចារ្យ លោក​ គឹម អាង បាន​ផ្គាំ​ផ្ញើថា ​ការ​យល់​ដឹង​ពី​ការ​គ្រប់​គ្រង​អាការៈ​គ្រុន​ក្ដៅ​របស់​កុមារ​ គឺ​ជា​ ចំណេះដឹង​សំខាន់​ដែល​ឪពុក​ម្ដាយ​ត្រូវ​រៀន​សូត្រ​ដើម្បី​កុំ​ឲ្យ​ក្លាយ​ជា​កិច្ចការ​មួយ ​ដែល​រំខាន​ការងារ​ខ្លួន​ឯង​យ៉ាង​ខ្លាំង កុំ​ឲ្យ​ពី​ការងារ​សាមញ្ញ​ទៅ​ជា​ការ​លំបាក៕

 

សូមទស្សនាវីដេអូខាងក្រោម

 

 

 

សូមអាន ៖ ព្យាបាល​អាការ​ឈឺក្បាល​តាម​វិធី​ងាយៗ ​ដោយ​មិន​​បាច់​លេប​ថ្នាំ

 

អត្ថបទ៖ លឹម សុ​នា

អត្ថបទថ្មី