ប៉ែន ចំរុង ជ្រើសរើស​​យក​តែ​ ១ ក្នុង​ចំណោម ៥

  • 2015-03-26 18:21:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំពុង​ឡើង​កូដ​ ប៉ែន ចំរុង ជ្រើសរើស​យក​តែ​រឿង ​១ ​ប៉ុណ្ណោះ ក្នុង​ចំណោម​ខ្សែ​ភាពយន្ត ៥​​ មក​ទាក់ទង​ឱ្យ​ថត។ ខ្សែ​ភាពយន្ត​ធ្វើ​ឱ្យ​​លោក​សម្រេចចិត្ត​​គឺ​រឿង "ខ្មោច​ថត​កុន" របស់​ផលិតកម្ម​ មហាហង្ស ​ទើប​ក្រុង​ពាលី​ព្រឹកមិញ។

 

​​​តារា​សម្ដែង​ និង ពិធីករ រូប​នេះ ​បាន​លើក​ឡើង​ថា៖ "និយាយ​ទៅ​នរណា​មក​មុន ខ្ញុំ​កុងត្រា​ថត​ឱ្យ​មុន​ មិន​រើស​ផលិតកម្ម​ទេ។ មិន​ក្រោម​ ៥​ ផលិតកម្ម​ទេ​ទាក់ទង​ខ្ញុំ​ដំណាល​គ្នា តែ​ខ្ញុំ​សម្រេចចិត្ត​ថត​រឿង "ខ្មោច​ថត​កុន"។

 

ប៉ែន ចំរុង និង​ ភិន សុដាលីស តួឯក​ក្នុង​រឿង ខ្មោចថតកុន ធ្វើ​ពិធី​ក្រុងពាលីព្រឹកមិញ

 

ប៉ែន ចំរុង មិន​បង្ហើប​ពី​​ឈ្មោះ​ផលិតកម្ម ៤ ​ផ្សេង​ទៀត​ មក​ទាក់ទង​ថត​​ទេ ក៏ប៉ុន្តែ​ប្រការ​នាំ​ឱ្យ​លោក​សម្រេចចិត្ត​ថត​ឱ្យ​ខ្សែ​ភាពយន្ត​ខាង​លើ ដោយសារ​មើល​ឃើញ​សាច់​រឿង​ទាំង​មូល​មាន​លក្ខណៈ​ប្លែក​ខុស​ពី​រឿង​ដទៃៗ​ផ្សេង​ទៀត​ធ្លាប់​សម្ដែង​ពី​មុន។ ប្លែក​ត្រង់​ថា​ លោក​នឹង​ត្រូវ​ប្រើ​ចរិត​តួអង្គ បី​ផ្សេង​គ្នា​ក្នុង​សាច់​រឿង​តែ​មួយ។

 

តាម​រយៈ​ការ​​សម្ដែង​​ចរិត​តួអង្គ​ប្លែក និង​​ សាច់​រឿង​គួរ​ឱ្យ​ទាក់ទាញ​ម្ចាស់​ជយលាភី​ពាន​ពីរ​ម្នាក់​ឯង​ក្នុង​កម្មវិធី អាណាចក្រ​តារា​កាល​ពី​ឆ្នាំ​ ២០១៣​ កន្លង​ទៅ​ ជឿ​ជាក់​ថា ​នឹង​អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​បាន​ច្រើន​ពី​ទស្សនិកជន​នៅ​ពេល​ដាក់​បញ្ចាំង​លើ​ទីផ្សារ។

 

ដោយ​ឡែក​​ការ​សម្ដែង​ជា​មួយ​ដៃគូ​ស្រី ភិន សុដាលីស និង​ តារា​ផ្សេងៗ​ទៀត​ពិធីករ​របស់​ស្ថានីយ​ទូរទស្សន៍ អាស៊ីអាគ្នេយ៍​រូប​នេះ អះអាង​ថា ​មិន​មាន​អ្វី​ចោទ​ជា​បញ្ហា​ទេ ព្រោះ​ធ្លាប់​សម្ដែង​រួម​គ្នា​រួច​ទៅ​ហើយ។ ម្យ៉ាង​ទៀត​តារា​ម្នាក់ៗ សុទ្ធសឹងតែ​ជា​អ្នក​មាន​បទ​ពិសោធន៍​រៀងៗ​ខ្លួន។

 

ទាក់ទង​នឹង​ខ្សែ​ភាពយន្ត​ដែល ប៉ែន ចំរុង សម្រេច​ជ្រើសរើស​យក​តែ ​១ ក្នុង​ចំណោម ៥ គឺ​រឿង "ខ្មោច​ថត​កុន" ចាងហ្វាង​ផលិតកម្ម មហាហង្ស និង ​ជា​អ្នក​និពន្ធ​​លោក អ៊ិន សុភិន បាន​លើក​ឡើង​ថា​ ខ្សែ​ភាពយន្ត​នេះ​គឺ​សម្រិតសម្រាំង​ជា​ខ្លាំង​ដើម្បី​បំពេញ​តម្រូវការ​ទស្សនិកជន។

 

លោក អ៊ិន សុភិន បញ្ជាក់​ថា៖"ខ្ញុំ​ធានា​ថា​រឿង​នេះ​ប្លែក​ជាង​រឿង​មុនៗ​ឆ្ងាយ ជា​ពិសេស​រឿង អា​​ព្រឿង​ងាប់​ហើយ។ ខ្មោច​ថត​កុន គឺ​ប្លែក​ទាំង​សាច់​រឿង និង​តួអង្គ​ស្ទើរតែ​ទាំង​អស់"។

 

ចាងហ្វាង​ផលិតកម្ម មហាហង្ស បន្ត​ថា​ ដោយ​ប្រើ​ដើម​ទុន​ចន្លោះ​ពី ៦​ម៉ឺន​ទៅ ៨​ម៉ឺន​ដុល្លារ ខ្សែ​ភាពយន្ត​ខាង​លើ​អាច​នឹង​នាំ​ទៅ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​ថែម​ទៀត បន្ទាប់​ពី​ថត​ចប់ ដាក់​បញ្ចាំង​រួច​រាល់​ក្នុង​ទីផ្សារ កម្ពុជា។

 

ក្នុង​ឆ្នាំ ​២០១៥ ប៉ែន ចំរុង ថត​បាន​ខ្សែ​ភាពយន្ត ៥​រឿង​មក​ហើយ។ ដោយ​ឡែក​សម្រាប់​រឿង ខ្មោច​ថត​កុន លោក​នឹង​ត្រូវ​សម្ដែង​ជា​តួឯក​​ជា​​មួយ ភិន សុដាលីស ម្ដង​ទៀត​បន្ទាប់​ធ្លាប់​ចាប់​ដៃ​គ្នា​ម្ដង​ក្នុង​រឿង អា​ព្រឿង​ងាប់​ហើយ កាល​ពី​ពេល​ថ្មីៗ៕

 

អានអត្ថបទបន្ត៖ អីយ៉ា…អេ​ឡិច​ ច័ន្ទត្រា ដូរ​ថ្មី​ទៀត​ហើយ!

អានអត្ថបទបន្ត៖ បវរ​កញ្ញា​ជប៉ុន​ស្បែក​ខ្មៅ​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ

អានអត្ថបទបន្ត៖ម្នាក់ៗ​សុទ្ធ​សឹង​តែ​ល្បីល្បាញ​ ក្នុង​វិស័យ​​ភាពយន្ត​ខ្មែរ ដឹង​ថា មាន​កម្ពស់​ប៉ុន្មាន​អត់?

 

អត្ថបទ៖ អ៊ីង សុឡា

អត្ថបទពេញនិយម