អ្នក​ភូមិ​ម្តុំ​វត្ត​ទឹក​ថ្លា​​ ល្បី​​ហោរា​វ័យក្មេង​​ទាយ​ឆុត​​!

  • 2015-03-30 16:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ទស្សន៍ទាយ ភាគ​ច្រើន​​ជា​មនុស្ស​ចាស់​ ឬ មនុស្ស​វ័យ​កណ្ដាល តែ​ចម្លែក​អី​លោក​គ្រូ​ទាយ​ម្នាក់​នេះ អាយុ​ទើប​តែ ៦ ​ឆ្នាំ​​សោះ​ ចេះ​ទាយ​គន់​គូ​ប្រមើល​មើល មិន​ចាញ់​គ្រូ​ទាយ​ដែល​មាន​វ័យ​ចំណាស់​ឡើយ។

 

ហោរ​វ័យ​ក្មេង​រូប​នេះ​ មាន​ឈ្មោះ​ថា​ សុខ​ ហេង​សម្បត្តិ​ មាន​អាយុ​ទើប​តែ​ ៦ ​ឆ្នាំ ​ប៉ុណ្ណោះ។  អ្នក​​ស្រី ​វ៉ា ​ចាន់​នឿន ត្រូវ​ជា​ម្ដាយ​របស់​គ្រូ​ហោរ​វ័យ​ក្មេង​បានប្រាប់​ Sabay ​ថា កាល​បង​ស្រី​ចាប់​មាន​កំណើត​ សម្បត្តិ ​គាត់​បាន​យល់​សុបិន្ដថា ​មាន​គេ​ឱ្យ​ត្បូង​ពេជ្រ​ពណ៌​ខៀវ ប៉ុន​មេ​ជើង បន្ទាប់​មក​បង​ស្រី​ក៏​ចាប់​បាត់​រដូវ ​នឹង​បាន​ទៅ​មន្ទីរពេទ្យ ពិនិត្យ​សុខ​ភាព ក៏​ដឹង​ថា​មាន​គភ៌។ ​អ្នក​ស្រី​ថា ពេល​សម្បត្តិ​មាន​អាយុ​ ៤ ឆ្នាំ ​កុមារ​រូប​នេះ​ក៏​ចាប់​ផ្ដើម​ដឹង​រឿង​រ៉ាវ​​ផ្សេងៗ ដែល​​នឹង​កើត​ឡើង​ក្នុង​ពេល​អនាគត​។​

 

''កាល​ខ្ញុំ​នៅ​ធ្វើ​ចម្ការ​នៅ​រតនគិរី​ មាន​យាយ​ម្នាក់​ ​កូន​គាត់​ហ្នឹង​​ត្រូវ​ គេ​ចាប់​ឃុំ! កូន​ខ្ញុំ​ក៏​ទៅ​ប្រាប់​យាយ​ហ្នឹង​ថា​កុំ​ភ័យ​កូន​យាយ​ឯង​ពីរ​បី​ថ្ងៃ​​​ទៀត​ចេញ​មក​វិញ​ហើយ! ស្រាប់​តែ​បី​ថ្ងៃ​ក្រោយ​កូន​យាយ​ហ្នឹង​ចេញ​មក​​វិញ​មែន!​ តាំង​ពី​ពេល​ហ្នឹង​មក ទើប​ដឹង​ថា​កូន​ខ្លួន​ឯង​ចេះ​ទាយ''។ អ្នកស្រី វ៉ា​ចាន់នឿន និយាយ។

 

 

ម្ដាយ​ហោរាវ័យ​ក្មេង​​​​ឱ្យ​ដឹង​ ទៀត​ថា​ ​ចាប់​តាំង​ពី​ពេល​នោះ​មក​ក៏​មាន​គេ​ឯង​មក​រក​សម្បត្តិ​ដើម្បី​​ទាយ​ឱ្យ ហើយ​ពេល​ទាយ​ឱ្យ​គេ​ម្ដង​​ៗ​​ សម្បត្តិ មិន​ដែល​ឱ្យ​ម្ដាយ​ នៅ​មើល​ទេ បើ​ឃើញ​ម្ដាយ​នៅ​ឈរ​​មើល​ ហោរវ័យ​ក្មេង​រូប​នេះ​នឹង​ចង្អុល​មុខ​ម្ដាយ​ហើយ​ដេញ​ចេញ​ភ្លាម។

 

​អ្នក​ស្រី​តេង​រី ​ដែល​​បាន​​​រក​គ្រូទាយ​វ័យក្មេង​រូប​នេះ​ ដើម្បី​ចង់​ដឹង​​​លទ្ធផល​កូន​ប្រុស​​ដែល​ទើប​តែ​ប្រឡង​ បាក់​ឌុប​លើក​ទី​ពីរ ​រួច​កាល​ពី​ចុង​ឆ្នាំ​២០១៤​​​ បាន​ប្រាប់​ Sabay ​ថា​ ​អ្នក​​ភូមិ​ល្បី​លោក​គ្រូ​ក្មេង​ពូកែ​ ទើប​អ្នក​ស្រី​ស្កាត់​ទៅ​រក​​។ អ្នក​​ស្រី​ថា​ ​​​ការ​ទស្សន៍ទាយ​​ប្រាប់​ថា​​កូន​អ្នក​ស្រី​ធ្លាក់​ ទី​បំផុត​​ធ្លាក់​មែន​។​ ''គ្រូ​ទាយ​ហ្នឹង​វា​ថា​ ជាប់!​ខ្ញុំ​ក៏​សួរ​បញ្ជាក់​ ជាប់​មែន​អី? គ្រូ​ក្មេង​ក៏​ថា​ជាប់​មែន តែ​ដល់​​​កូន​ហ្នឹង​ស្រី​បាន​ជាប់! ក្រោយ​មក​កូន​ខ្ញុំ​ធ្លាក់​មែន! ព្រោះ​កូន​គាត់​ប្រុស ​''។​

 

ទន្ទឹម​គ្នា​នេះ​ កញ្ញា សេន គឹម​វែង ជា​អ្នក​រស់​នៅ​ក្បែរ​ផ្ទះ​ហោរ​​វ័យ​ក្មេង​ បាន​ឱ្យ​ដឹង​ថា '' ខ្ញុំ​ក៏​ធ្លាប់​ទៅ​ទាយ​ដែរ​បង! គឺ​ខ្ញុំ​សួរ​ពី​រឿង​ប្រឡង​អាហារូបករណ៍​ទៅ​រៀន​​នៅ​ថៃ ថា​ជាប់​អត់? គ្រូ​ទាយ​ហ្នឹង​ថា​អត់​ជាប់​ទេ! ខ្ញុំ​ថា​ម៉េច​ចឹង?​ កូន​ហ្នឹង​ថា​ ចែ​ឯង​រៀន​អត់​សូវ​ចេះ​ផង!​ (សើច) ការ​ពិត​ទៅ! ខ្ញុំ​ធ្លាក់​មែន​ព្រោះ​ខ្ញុំ​អត់​ទៅ​ប្រឡង​ផង!​''។​ ​

 

ក្នុង​នាម​ជា​ម្ដាយ​មួយ​រូប​ បង​ស្រី​ចាន់​នឿន​ មិន​បាន​ហាម​ឃាត់​កូន​មិន​ឱ្យ​ទស្សន៍ទាយ​ ឬ ក៏​មាន​បំណង​ចង់​អូស​ទាញ​កូន​ ឱ្យ​ចេញ​ផុត​ពី​រឿង​អបិយ​ជំនឿ​ទាំង​នេះ​ទេ ផ្ទុយ​ទៅ​វិញ​បង​ស្រី​ចង់​ទិញ​បាយ​សី​ តាម​ការ​​ស្នើ​របស់​កូន​ ប៉ុន្តែ​ដោយ​សារ​ពុំ​​មាន​ថវិកា​​គ្រប់​គ្រាន់​ទើប​មិន​ទាន់​បាន​រៀប​ចំ​ជា​ អាសនៈ​ឱ្យ​លោក​គ្រូ​ហោរ​វ័យ​ក្មេង​។   ក្រៅ​ពី​ទស្សន៍ទាយ​ហោរ​ក្មេង​រូប​នេះ​ក៏​ចេះ​ស្រោច​ទឹក​លើក​រាសី​ដែរ ហើយ​សព្វ​ថ្ងៃ កុមារ​សុខ​ ហេង​សម្បត្តិ​ រស់នៅ​ជា​មួយ​ឪពុក​ម្ដាយ​ និង​បង​ប្រុស​ នៅ​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ចុង​ថ្នល់​ខាង​លិច​ សង្កាត់​ទឹកថ្លា ​ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ។​ ដើម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ប្រិយមិត្ត​ទស្សនា​វីដេអូ​ខាង​ក្រោម​​និង​ពិចារណា​លើ​រឿង​នេះ​ទាំង​អស់​គ្នា៕

 

 

(លោក​គ្រូ​ក្មេង​ មុន​ទាយ​ពាក់​វ៉ែនតា​)

 

ទស្សនា​វីដេអូ៖

 

អត្ថបទ៖ គង់ ​ច័ន្ទវ៉ាន់​ណេង

អត្ថបទពេញនិយម