យុវវ័យបង្ហើបរឿងរ៉ាវប្លែកៗមួយចំនួនពីការប្រើប្រាស់បណ្ដាញសង្គម
- 2015-03-26 16:42:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវវ័យបង្ហើបរឿងរ៉ាវប្លែកៗមួយចំនួនពីការប្រើប្រាស់បណ្ដាញសង្គម
ចន្លោះមិនឃើញ
ប្រព័ន្ធបច្ចេកវិទ្យា កាន់តែទំនើប ភាពងាយស្រួល និងការពេញនិយមប្រើប្រាស់បានកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែរឿងរ៉ាវប្លែកៗក៏បានកើតឡើងច្រើនដែរ។ តើរឿងប្លែកៗ ទាំងអស់នោះមានអ្វីខ្លះ?
កញ្ញាសោភ័ណ្ឌ និស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងរូបនេះបានប្រាប់Sabay ថា "កាលមុនធ្លាប់មានមិត្តភក្តិពីរនាក់! គេសង្សារគ្នា! ដល់ពេលគេបែកគ្នា ខាងប្រុសគេបង្ហោះរូបផ្ដេសផ្ដាសរបស់ខាងស្រី ហើយTag ឱ្យខ្ញុំ ខ្ញុំក៏លុបចោលភ្លាម! ''។ សោភ័ណក៏បានឱ្យដឹងថា មូលហេតុដែលកញ្ញាលុបចោលព្រោះខ្លាច អ្នកដទៃយល់ច្រឡំថានាងពាក់ព័ន្ធនឹងរឿងអស់ទាំងនេះ។
កន្លងមកការផ្ញើររូបថតអាសអាភាស ផ្ញើរ Link មេរោគការTag រូប ផ្សព្វផ្សាយផលិតផលផ្លូវភេទកាន់តែកើតមានឡើងលើយុវជនមួយចំនួន។ ជាក់ស្ដែង លោកគង់ ដារ៉ាវុធ និស្សិតឆ្នាំទីពីរនៃសាកលវិទ្យាស្ថានភាសាបរទេស (IFL) បានឱ្យSabayដឹងថា រឿងទាំងនេះលោកធ្លាប់ជួបប្រទះអស់ហើយ។ ឆ្លើយតបនឹងសំណួរ ថាតើគួរធ្វើយ៉ាងណាពេលជួបបញ្ហាបែបនេះ? និស្សិតអក្សរសាស្រ្ដអង់គ្លេសរូបនេះបានលើកឡើងថា '' ខ្ញុំនឹងលុប Post នោះចេញពីTimeline របស់ខ្ញុំ ឬក៏ block ម្នាក់នោះចោលតែ ម្តង....ព្រោះការបង្ហោះរូបគឺបង្ហាញពីចរិតរបស់មនុស្ស! ធម្មតាមុននឹងគេសម្រេចចិត្តadd ឬ confirm គេនឹងចូលមើលTimeline របស់យើង ហើយគេនឹងវាយតម្លៃយើង''។ ដារ៉ាវុធក៏បានបញ្ជាក់ទៀតដែរថា ការប្រើប្រាស់បណ្ដាញសង្គមមានទាំង គុណសម្បត្តិ និងគុណវិបត្តិ! និយាយរឿងគុណសម្បត្តិវិញមានច្រើនដូចជាមានភាពឆាប់រហ័សក្នុងការទំនាក់ទំនងជាមួយមិត្តភក្ដិ! តែក៏មានគុណវិបត្តិដែរគឺ អាចនឹងត្រូវគេhack account ផ្ញើររូបអាសអាភាស ឬ ក៏យករូបរបស់យើងទៅកាត់តផ្ដេសផ្ដាសក៏ថាបានដូចនេះមុននឹងសម្រេចចិត្តConfirmឬaddអ្នកណាម្នាក់ ត្រូវមើលព័ត៌មានទាក់ទងនឹងគេសិន''។
កញ្ញាលីហេង បុគ្គលិកលក់គ្រឿងសម្អាងម្នាក់បានប្រាប់ Sabay ថា កញ្ញា ជួបប្រទះរឿងបែបនេះម្ដងកាលពីឆ្នាំ២០១៤ ដែលកញ្ញាបានប្រើប្រាស់បណ្ដាញសង្គម WeChat ។ កញ្ញាបានរៀបរាប់ថា ''កាលហ្នឹងអត់ដឹងលេងម៉េចផង! ចេះតែដាក់រូបណាស្អាតៗក៏មានប្រុសមា្នក់ជនជាតិខ្មែរដូចគ្នាទេ! ផ្ញើរសារមកសួរនាំរាក់ទាក់ធម្មតា!ដល់យូរៗទៅ ក៏សួរខ្ញុំថា ចាប់អារម្មណ៍ Via Sex អត់? ខ្ញុំក៏ថាអីគេអាហ្នឹង? គេថាគេចង់ឃើញខ្លួនខ្ញុំស្រាត ឱ្យថតរូបផ្ញើរឱ្យគេមក គេនឹងផ្ញើរមកវិញ! ខ្ញុំក៏មិនឆ្លើយតបដែរ មួយសន្ទុះក្រោយម៉ោ គេផ្ញើររូបនេះ...ផស់គេម៉ោ! ខ្ញុំក៏ប្រញាប់ចេញមកវិញហើយ Uninstall កម្មវិធីហ្នឹងចោលទៅ! ស្បថឈប់លេងអាហ្នឹង!''។
ទាំងនេះគឺជាបទពិសោធន៍ នៃការប្រឈមក្នុងការប្រើប្រាស់បណ្ដាញសង្គមដែលយុវវ័យយើងបានធ្វើ ការចែករំលែក ព្រោះថាកន្លងមកការប្រើប្រាស់បណ្ដាញសង្គម តែងតែមានរឿងមិនល្អកើតឡើងទាក់ទងនឹងកិត្តិយស ឬជួនកាលអាចត្រូវគេចាប់ជំរិតក៏ថាបាន។ ការប្រើប្រាស់បណ្ដាញ សង្គមគឺមានការកើនឡើងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះសម្រាប់ ប្រទេសកម្ពុជា ដែលអ្នកប្រើប្រាស់ភាគច្រើនគឺជាយុវវ័យ៕
អត្ថបទ៖ គង់ ច័ន្ទវ៉ាន់ណេង