លោក​ តាន់​ ហ្សង់​-ហ្រ្វង់ស័រ​​៖​ “ មនុស្ស​ម្នាក់​ៗ​ល្អ​បំផុត​​គឺ​ត្រូវ​ចេះ​រើ​បម្រះ​​ខ្លួន​ចេញ​ពីគ្រប់​ដំណាក់​កាល”

  • 2014-10-08 16:40:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្ត​យុវវ័យ​​ភាគ​ច្រើន​ប្រហែល​ជា​ធ្លាប់​​បាន​ស្ដាប់​​​​ហើយ​វិទ្យុបារាំង​អន្តរ​ជាតិ​ RFI ​ផ្សាយ​ជា​ខេមរៈ​​ភាសា​ ​និង​បទ​វិភាគ​ភូមិ​សាស្ត្រ​នយោបាយ​ស៊ី​ជម្រៅ មួយ​ចំនួន ដែល​ត្រូវ​បាន​រៀប​រៀង​ឡើងដោយ​លោក​ តាន់​ ហ្សង់-​ហ្រ្វង់ស័រ​ អតីត​​នាយក​គ្រប់​គ្រង​ការផ្សាយ​ជា​ភាសាបរទេស​ ​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ។ ​ ​លោក​ តាន់​ ហ្សង់​-ហ្រ្វង់ស័រ​​ មាន​ប្រវត្តិ​​ជា​សិស្ស​​ចូល​សាលា​នៅ​អាយុ​ជិត១៤​ឆ្នាំ​​​ ​តែ​​លោក​បាន​ខិត​ខំ​​តស៊ូ​ប្រឹង​ប្រែង​គ្រប់​យ៉ាង​រហូត​​​​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​​ការិយាល័យ​​និពន្ធ​១០​​ភាសា​​​​ នៅ​វិទ្យុបារាំង​អន្តរ​ជាតិ​ ​ RFI។ លោក​មាន​​ទស្សនៈ​ផ្តាំ​ផ្ញើរ​​ទៅ​យុវជន​​​ថា​ មនុស្ស​ម្នាក់​​ៗ ល្អ​បំផុត​​គឺ​ត្រូវ​ចេះ​រើ​បម្រះ​​ខ្លួន​ចេញ​ពីគ្រប់​ដំណាក់​កាល។ ដូច្នេះ​មុន​ទទួល​បាន​ជោគ​ជ័យ​ តើ​លោក​​បាន​ឆ្លង​កាត់​ដំណាក់​ការ​​លំបាក​យ៉ាង​ណា​ខ្លះ?

 

លោក​ តាន់​ ហ្សង់-ហ្រ្វង់ស័រ​ ​កើត​នៅ​​ស្រុក​មោង​ឫស្សី​ខេត្ត​បាត់​ដំបង​ ក្នុង​ឆ្នាំ​១៩៦៦ ​មាន​ឪពុក​ជាថៅ​កែ​​ម៉ាស៊ីន​កិន​ស្រូវ​ និង​ម្ដាយ​ជា​ស្ត្រី​មេផ្ទះ។

 

 

ជីវិត​កុមារ​ភាព​ ក្នុង​របប​ខ្មែរ​ក្រហម

 

ដោយ​សារ​​​ប្រទេស​កម្ពុជា​​ធ្លាក់ក្នុងភ្លើង​សង្គ្រាម​​ស៊ីវិល​ នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០​​​ ពី​កុមារ​ភាព​ លោក​មិន​បាន​រៀន​សូត្រ​​ជាប់​លាប់​នោះ​ទេ​ ព្រោះ​ត្រូវ​ភៀស​​ខ្លួន​ពី​សង្គ្រាម​ ដោយ​ចុះឡើង​​​​​ភ្នំពេញ​បាត់​ដំ​បង​ជា​ញឹក​ញាប់​។ រហូត ​ដល់​ឆ្នាំ​១៩៧៥​ ពេល​ខ្មែរ​ក្រហម​ចូល​ស្រុក​ ក្រុម​គ្រួសារ​​របស់​លោក​ត្រូវ​​​ជម្លៀស​ ទៅ​​​រស់​​នៅ​ ក្នុង​ឃុំ​​ស្វាយ​ជាតិ​ ​ខេត្ត​បាត់​បង​ រហូត​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​ដួល​រលំនៅឆ្នាំ១៩៧៩។ ជីវិត​ជា​កុមារ​ ឆ្លង​កាត់​សម័យ​ខ្មែរ​ក្រហម​ ក៏​មិន​ខុស​ពី​កុមារ​​ខ្មែរដ​​ទៃ​ទៀត​នោះ​ទេ​។លោក​បាន​​​បាត់​បង់​ឪពុក​ជា​ ទី​ស្រលាញ់​​ ​និង​បាន​ឆ្លង​កាត់​ភាព​លំបាក​ ដែល​គ្រប់​គ្នា​មិន​អាច​នឹក​ស្រមៃ​ឃើញ។​​​​

 

​ជីវិត​នៅ​ជំរំ​ភៀស​​ខ្លួន​​​​

ក្រោយ​របប​ខ្មែរ​ក្រហម​ដួល​រលំ​​នៅ​ឆ្នាំ​១៩៧៩​ ក្រុម​គ្រួសារ​​លោក​ ដែល​​​​​មាន​ម្ដាយ​ ជីដូន​ និង​​​​​​​​បង​ប្អូន​បួន​នាក់​ក៏​ភៀស​​ខ្លួន​ទៅ​រស់​នៅ​ជំរំ​ក្នុង​ទឹក​ដី​ ថៃ​។ ​គ្រា​នោះ​ជន​ភៀស​ខ្លួន​ខ្មែរ​ ក៏​ដូច​ជា​ជនភៀស​ខ្លួន​ឥណ្ឌូ​ចិន​ទាំង​មូលដែរ  ច្រើន​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​​ភៀស​ខ្លួន​ទៅ​រស់​នៅ​ប្រទេស​ទី​៣​ រួមមាន​​សហរដ្ឋ​អាមេរិក​ កាណាដា​ អូស្រ្តាលី​ និង​ប្រទេស​បារាំង​ជាដើម​។ ក្រុម ​គ្រួសារ​របស់​លោក​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​យក​ប្រទេស​បារាំង​ ពី​ព្រោះ​មាន​ម្ដាយ​មីង​ម្នាក់​រស់​នៅ​ទីនោះ។​​ ចុង​ឆ្នាំ​១៩៧៩​ ទើប​លោក​មាន​ភ័ព្វ​សំណាង​បាន​ចេញ​ទៅ​រស់​នៅ​​ប្រទេស​បារាំង​​។

 

ជីវិត​តស៊ូ​​នៅ​ស្រុក​បារាំង​

​​​ជីវិត​រស់​នៅ​ស្រុក​បារាំង​ មាន​ការ​លំបាក​ជា​ខ្លាំង​ ព្រោះ​ត្រូវ​ចាប់​ផ្ដើម​​អ្វីៗ​ថ្មី​​​ទាំង​អស់​ ក្នុង​នោះ​រាប់​បញ្ចូល​ ទាំង​ផ្នែក​ភាសា​ ការ​ទំនាក់​ទំនង​ និង​ការ​ធ្វើ​លិខិត​ស្នាម​​។ ប៉ុន្តែ ​ទោះ​ជា​លំបាក​យ៉ាង​ណា​ ក៏​មិន​ស្មើនឹង​​​របប​ខ្មែរ​ក្រហម​នោះ​ទេ។​ ជំនាន់​ខ្មែរ​ក្រហម​​ ត្រូវ​ធ្វើ​ការងារ​ដោយ​បង្ខំ​​ ​គ្មាន​អាហារ​ហូប​ចុក​គ្រប់​គ្រាន់​ និងរស់ក្នុងភាពភ័យខ្លាច។​ ​

ចូល​សាលា​រៀន​នៅ​អាយុ​ជិត ​១៤​ ឆ្នាំ​

 

មក ​ដល់​ប្រទេស​បារាំង​ភ្លាម ​លោក​មាន​បំណង​ប្រាថ្នា​រៀន​សូត្រ​ឲ្យ​​​ខ្ពង់​ខ្ពង់​​ដូច​គេ​ឯង​ ។​ គ្រា​នោះ​ហាក់​បី​ដូច​ពិ​បាក​បន្តិច​សម្រាប់​លោក​​ ក្នុង​ការ​រក​ថ្នាក់​រៀន​​ ព្រោះសូម្បី​​អក្សរ​បារាំង​មួយ​តួ​ក៏​លោក​​មិន​ចេះ​ផង​។ ដូច្នេះ​មិន​ដឹង​ថា​ ចាប់​ផ្តើម​ពី​ចំណុច​ណា​មុន​ទេ។ ប៉ុន្តែ​​ទោះ​ជួប​​បញ្ហា​ស្មុគស្មាញ​យ៉ាង​ណា ​ក៏​នៅ​​​មាន​​ជម្រើស​ពី​រ​​ឲ្យ​លោក​សម្រេច​យក​ដែរ​។ ​ទី​១​ លោក​អាច​​ចូល​រៀន​ ក្នុង​នាម​​​ជា​សិក្ខាកាម​​​នៅ​រោង​ចក្រ​មួយ​ ដើម្បី​ចេះ​​ជំនាញ​បច្ចេកទេស​ ហើយ​​រយៈ​ពេល​៣​ឬ​៤ឆ្នាំ​បន្ទាប់​​ ពោល​គឺ​នៅ​ពេល​លោក​មាន​អាយុ១៨ ​ឆ្នាំ​នឹង​អាច​ចូល​បម្រើ​ការងារ​នៅ​ក្នុង​រោង​ចក្រ​​​នោះ​ដោយ​ស្វ័យ​ ប្រវត្តិ​​។​ ជម្រើស​ទី​២​ លោក​ត្រូវ​បន្ថយ​អាយុ​មក​នៅ​ត្រឹម​១២​ ឆ្នាំ​ ដើម្បី​បាន​ចូល​រៀន​សាលា​បឋមសិក្សា​ជាមួយ​សិស្ស​​ជន​ជាតិ​បារាំង​នៅ​ថ្នាក់​ទី ​៨ (ថ្នាក់​ទី​១ ឬ​២)ដែល​មាន​អាយុ​ ចន្លោះ​ពី​​៨ទៅ៩ ​ឆ្នាំ​ ខណៈ​លោក​មាន​អាយុ​ជិត១៤ឆ្នាំ​​ទៅ​ហើយ។ លោក​បាន​​ម្រេច​​យក​​ជម្រើស​ទី​២​ ព្រោះ​គិត​ថា​ ជីវិត​ឆ្លង​កាត់​របប​ខ្មែរ​ក្រហម​​ជួប​​ការ​​​លំបាក​រួច​ទៅ​​​​ហើយ​ មិន​ចង់​បន្ត​ការ​លំបាក​ ដោយ​​​បញ្ចេញ​កម្លាំង​ច្រើន​ទៀត​​​នោះ​ទេ​។ដូច្នេះ​លោក​ត្រូវ​ តែស្វែង​រក​ចំណេះ​វិជ្ជា​ ដើម្បី​កសាង​​អនាគត​​មួយ​ឲ្យ​បាន​ល្អ​ប្រសើរ​។

 

ចូល​​រៀន​មិន​បាន​ប៉ុន្មាន​ផង​ លោក​អាច​​ក្តាប់​បាន​​ភាសា​បារាំង​បាន​យ៉ាង​ល្អ​។​ហើយ​ជា​បន្ត​បន្ទាប់​​​គ្រូ​​ប្រចាំ​ថ្នាក់​​ បាន​ឲ្យ​លោក​រៀន​ផ្លោះ​​​  រហូត​ដល់​ឆ្នាំ​១៩៨៦​ លោក​បាន​ប្រឡង​ជាប់​​បាក់ឌុប​ជា​ស្ថាពរ​​​។ ខណៈ​សិស្ស​ធម្មតា​​ត្រូវ​ប្រើ​ពេល​រៀន​​១២ឆ្នាំ​ ទើប​អាច​ប្រឡង​បាក់​ឌុប​ ​​ តែ​​លោក​រៀនតែ​​ ៧ឆ្នាំ​ប៉ុណ្ណោះ​​។​​ ​ប៉ុន្តែ​​លោក​មាន​អាយុ​ជិត២២ឆ្នាំ​ ​យុវជន​​​នៅ​បារាំង​​ក្រោយ​ចប់​​បាក់​ឌុប​មាន​អាយុ​ត្រឹម​ ១៧​​​ទៅ​១៨​ ឆ្នាំ​។ ​

ចប់​បាក់​ឌុប​មិន​ដឹង​ធ្វើ​អី​

ក្រោយ​​​​ប្រឡង​បាក់​ឌុប​​ជាប់​​​ លោក​​មាន​អារម្មណ៍​វិល​វល់​ ជា​ខ្លាំង​មិន​ដឹង​ថា​ត្រូវ​រៀន​​អ្វី​បន្ត​​ទៀត​នៅ​មហាវិទ្យាល័យ​​​។ មាន​មិត្តភ័ក្ដិ​ខ្លះ​ ពូកែ​​គណិតវិទ្យា​​ទៅ​រៀន​ផ្នែក​​វិស្វករ​ ​​ចំណែក​លោក​វិញ​មិន​សូវ​ពូកែ​​​គណិតវិទ្យា​​ទេ​។តែ​ចូល​ចិត្ត​ ប្រវត្តិសាស្រ្ត​ ភាសា​​បារាំង​ និង​ទស្សនៈ​វិជ្ជា។ លុះ​​គិត​ចុះ​គិត​ឡើង​ទៅ​​ លោក​ដូច​ជា​​មាន​អារម្មណ៍​​​ចង់​ដឹង​ពី​ដំណើរ​ប្រព្រឹត្តិ​ទៅ ​នៃ​ពិភពលោក ចង់​យល់​ពី​របប​ខ្មែរ​ក្រហម​ ដែល​លោក​​បាន​ឆ្លងកាត់​។​ ហេតុ​អ្វី​បាន​ជា​មាន​របប​ខ្មែរ​ក្រហម?ហេតុ​អ្វី​ បាន​ជា​ខ្មែរ​ក្រហម​សម្លាប់​ពូជ​សាសន៍ឯង​?​ បន្ទាប់​មក​គ្រូ​ មួយ​រួប​​បាន​​ឲ្យ​​យោបល់​ថា​ បើ​​​ចង់​ដឹង​រឿង​រ៉ាវ​ទាំង​អស់​ហ្នឹង​លោក​ត្រូវ​​​ចូល​រៀនវិទ្យាសាស្រ្ត​ នយោបាយ​។ ​ប៉ុន្តែ​ ដើម្បី​បាន​​ចូល​រៀន​នៅ​វិទ្យាស្ថាន​នយោបាយ​(SciencesPo)​ លោក​ត្រូវ​រៀន​ត្រៀម​មួយ​ឆ្នាំសិន ទើប​អាច​​ប្រឡង​ចូល​សាលា​នោះ​បាន។​ ប្រឡង​ ចូលវិទ្យាស្ថាន​នយោបាយ​កាល​នោះ​​ មាន​បេក្ខជន​ជាង២​ពាន់​នាក់​ដាក់​ពាក្យ​ប្រឡង​​ តែ​សាលា​ជ្រើស​រើស​តែ​​ ២០០​ នាក់ប៉ុណ្ណោះ។​ ជា​អ្វី​ដែល​បាន​មក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​លោក​បាន​ប្រឡង​ជាប់​​​ជា​ ស្ថាពរ​ ​នៅវិទ្យាស្ថាន​នយោបាយ។​

 

ចប់វិទ្យាស្ថាន​នយោបាយ​មក​ធ្វើ​ជា​អ្នក​កាសែត​​

 

អាច ​ចាត់​ទុក​ថា​ភាព​ចៃដន្យ​មួយ​ ក្នុង​​ឆាក​ជីវិត​របស់​លោក​​ ព្រោះ​ដំបូង​ឡើយ​ លោក​រៀន​នៅ​​ ​វិទ្យាស្ថាន​នយោបាយ​​មិន​មាន​គោល​បំណង​ក្លាយ​ជា​អ្នក​កាសែត​ ទេ។​លោក​ថា ​ធម្មតា​នៅ​​ប្រទេស​បារាំង​អ្នក​រៀន​នៅ​សាលា​នយោបាយ​ ​ច្រើន​​ក្លាយ​ជា​​មន្រ្តី​រដ្ឋការ​។ដូច្នេះ​ហើយ​បាន​ជា​​ពេល​ចូល​រៀន​ នៅ​សាលា​នយោបាយ​​ភ្លាម​លោក​បាន​ប្តូរ​ឈ្មោះ​ពី​ខ្មែរ​មក​ជា​បារាំង​ ដោយ​​នៅ​រក្សា​ត្រកូល​ដដែល ព្រោះ​មហិច្ឆតា​របស់​លោក​គឺ​ចង់​ក្លាយ​ជា​មន្ត្រី​​ក្រប​ខណ្ឌ​របស់​ រដ្ឋាភិបាល​​បារាំង​។​

 

ជា​អ្នក​ការ​សែត​ខ្មែរ​ ​អត់​សូវចេះ​​​​ខ្មែរ​

 

​នៅ​ឆ្នាំ​១៩៩២​ ក្រោយ​រៀន​ចប់​នៅ​សាកលវិទ្យាល័យ​ ​​​ការិយាល័យ​​និពន្ធ​វិទ្យុ​បារាំង​អន្តរ​ជាតិ​​ជា​ខេមរៈ​ភាសា​បាន​បើក​ល្មម​​​ ព្រោះ​​កាល​នោះ​ ​ប្រទេស​បារាំង​បាន​ដើរ​តួ​នាទី​ជា​ប្រទេស​ដឹកនាំ​និង​រៀបចំ​​ ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ នៅ​ឆ្នាំ​១៩៩១​។​ទើប​រដ្ឋាភិបាល​​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ វិទ្យុ​បារាំង​អន្តរជាតិ​RFI ប្រើ​ប្រាស់ ​រលក​ធាតុ​អាកាស ​FM ​ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​នៅ​ភ្នំពេញ​ និង​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​។

ឆ្នាំ​១៩៩២​ ​លោក​បាន​ជាប់​ការងារ​នៅ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ បន្ទាប់​ពី​មាន​ការ​​ជ្រើស​រើស​​យ៉ាង​តឹង​រឹង​ ។លោក​បាន​បញ្ជាក់​ថា​ កាល​នោះ​ប្រសិន​បើ​លោក​គ្មាន​សញ្ញាប័ត្រ​វិទ្យាសាស្ត្រ​នយោបាយ​ទេ​ ម្ល៉េះ​លោក​ក៏​​មិន​អាច​ជាប់ការងារ​​​នៅ​វិទ្យុ​បារាំង​អន្តរ​ជាតិបាន​ដែរ ព្រោះ​ស្រុក​គេ​ ដើម្បី​ក្លាយ​ជា​អ្នក​ការ​សែត​បាន​លុះ​ត្រា​អ្នក​ហ្នឹង​ឯង​ត្រូវ​មាន​ចំណេះ​ ដឹង​ខ្ពង់​ខ្ពស់​ ត្រូវ​ស្គាល់​ប្រវត្តិសាស្ត្រ​ពិភពលោក​ឲ្យ​បាន​ច្បាស់​លាស់​។ លោក​​មាន​​អារម្មណ៍​ត្រេកអរ​ជា​ខ្លាំង​ ប៉ុន្តែ​​បញ្ហា​ធំ​ត្រង់​ថា​ ​​អត់​សូវ​ចេះ​ភាសា​ខ្មែរ​​ស្ទាត់​​។​​ ប៉ុន្តែ​​សំណាង​ល្អ​ ដែល​លោក​​​មាន​ក្រុម​ការងារ​​​ជួយ​​​ ដែល​ចេះ​​ភាសា​ខ្មែរ​​ស្ទាត់​ជំនាញ​មាន​ដូច​ជា​លោក​ វ៉ាន់ ឌីកាអុន​ ​ដែល​នាំ​ឲ្យ​លោក​​​អាច​​​​ចេះ​សរសេរ​ភាសា​ខ្មែរ ​ក្នុង​​រយៈ​ពេល​ដ៏​ខ្លី​​​។ ​ធ្វើ​ការ​នៅ​វិទ្យុ​​បារាំង​បាន​ មួយ​រយៈ​​​ដឹង​ច្បាស់​ពី​​ចំណូល​ចិត្ត​​ខ្លួន​​ឯង​ ព្រោះ​លោក​ជា​មនុស្ស​ចូល​ចិត្ត​​និយាយ​ និង​​វិភាគ​​រក​ហេតុ​ផល​។​​

ឆ្នាំ​១៩៩៦ លោក​ត្រូវ​បាន​គណៈ​គ្រប់​គ្រង​​វិទ្យុ​​​បារាំង​  RFI បញ្ជូន​មក​ប្រទេស​កម្ពុជា​​ឲ្យ​មក​បង្រៀន​​នៅ​CCI (Cambodia Communication Institute)​ ដែល​មាន​ទីតាំង​នៅក្នុង​ក្រសួង​ព័ត៌មាន។ រហូត​ដល់​ឆ្នាំ​ ១៩៩៩​ វិទ្យុ​អាស៊ី​សេរី​ក៏​បាន​មក​ទាក់​ទង​លោក​ឲ្យ​ធ្វើ​ការងារ​នៅ​​ទី​ក្រុង​ វ៉ាស៊ីនតោន។​ប៉ុន្តែ​បន្ទាប់​ពី​លោក​​ពិចារណា​​បន្តិច​ បាន​បដិសេធ​មិន​​ និង​បន្ត​​ធ្វើ​ការ​នៅ​​វិទ្យុបារាំង ​តែ​ស្ម័ក្រ​​ចិត្ត​​ជួយ​​​បណ្ដុះ​បណ្ដាល​បុគ្គលិក​​​របស់​អាស៊ី​សេរី​រយៈ​ពេល​ មួយ​ឆ្នាំ​នៅ​សហរដ្ឋអាមេរិក​​។

 

​​ក្លាយ​ជា​អ្នក​គ្រប់​គ្រង​​ការិយាល័យ​​និពន្ធ​១០​​ភាសា​​​​ ​ ​​​​​​​​​​​​​​​​​​​​

នៅ ​ឆ្នាំ​២០០៤​​ លោក​​ត្រូវ​បាន​តែង​តាំង​ជា​នាយក​ការិយាល័យ​និពន្ធ​ជា​ភាសា​ខ្មែរ បន្ទាប់​ពី​ឆ្លង​កាត់​បទ​ពិសោធន៍​ធ្វើ​ការងារ​នៅ​វិទ្យុ​បារាំង​​រយៈពេល​ជាង ​១០​ ឆ្នាំ។​រហូត​នៅ​ឆ្នាំ​២០០៧​ លោក​​ត្រូវ ​បាន​តែង​តាំង ជា​នាយក​កិច្ច​ការ​អាស៊ី​ប្រចាំ​នៅ​វិទ្យុ​បារាំង​អន្តរ​ជាតិ ​ដោយ​គ្រប់គ្រង​​ការិយាល័យ​និពន្ធ​៤​ភាសា មាន​ភាសា​ខ្មែរ​ ចិន​ វៀតណាម​និង ឡាវ។​មិន​​ត្រឹម​ប៉ុណ្ណឹង​នៅ​ឆ្នាំ​២០១០​ លោក​ត្រូវ​បាន​តែង​តាំង​ជា​នាយក​គ្រប់​គ្រង​ការ​ផ្សាយ​ជា​ភាសា​បរទេស​ទាំង​ ​មូល​​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិRFI មាន​ទាំង​អស់​ជាង​១០​ភាសា។​ នេះ​ អាច​ចាត់​ទុក​ថា​ជា​មោទនភាព​មួយ​ ​ក្នុង​នាម​កូន​ខ្មែរ​មួយ​រូប​ ដែល​អាច​ឡើង​កាន់​​​តួនាទី​ដ៏​ធំ​បែប​នេះ​ ក្នុង​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្ត​ជាតិ​របស់​ប្រទេស​បារាំង​។

 

សម្លឹង​រក​អ្វី​ផ្សេង​ ក្រៅ​ពី​តួនាទី​ដ៏​ខ្ពស់​​​នៅ​វិទ្យុ​បារាំង​​

“​ខ្ញុំ​ជា​មនុស្ស​ចូល​ចិត្ត​ការ​រើបម្រះ។ ​ អ្វី​មួយ​ពេលដែល​ខ្ញុំប្រឹងប្រែង​ឈោង​ចាប់​វា​ មាន​អារម្មណ៍​ចង់​ធ្វើ​ណាស់​ ប៉ុន្តែ​ពេល​ឈោង​ចាប់​បាន​ហើយ​ ចាប់​ផ្ដើម​អផ្សុក គិត​ចង់​ធ្វើ​អ្វី​ផ្សេង​ទៀត​ ”។​ទាំង​នេះ​គឺ​ជា​ប្រសាសន៍​របស់​លោក តាន់​ ហ្សង់-​ហ្រ្វង់​ស័រ​ ។​ លោក​​គិត​ថា ​តួនាទី​របស់លោក​នៅវិទ្យុបារាំងនឹង​​មិន​អាច​ឡើង​ខ្ពស់​ជាង​នេះ​ទៀត​ទេ​។ ដូច្នេះ​លោក​​តែង​​រិះ​គិត​​ ធ្វើ​អ្វី​បន្ថែម​ទៀត​ ខណៈ​លោក​ទើប​មាន​អាយុ​ជាង​៤០ឆ្នាំ​ផ្លាយ​។​ នៅ​​ឆ្នាំ​២០១១​ ​​គំនិត​ចង់​​ពង្រីក​ម៉ោង​ផ្សាយ​​ជា​ខេមរៈ​ភាសានៅប្រទេសកម្ពុជា​បាន​ផុស​​ឡើង​ ក្នុង​គោល​បំណង​​ប្រមូល​អ្នក​ស្ដាប់​​ខ្មែរ​ឲ្យ​បាន​កាន់​តែច្រើន ខណៈ​លោក​ក៏​មាន​បំណង​ចង់​មក​រស់​នៅ​ស្រុក​ខ្មែរ​វិញ​ដែរ​​​ ព្រោះ​បាន​ឃ្លាត​ឆ្ងាយ​ពី​មាតុ​ប្រទេស​ជាង​៣០​​ឆ្នាំ​ហើយ​​។លោក​បាន​ស្នើ ​ទៅ​ថ្នាក់​ដឹក​នាំ​វិទ្យុ​បារាំង​អន្តរ​ជាតិRFI​​ ឲ្យ​ពង្រីក​ម៉ោង​ផ្សាយ​ជា​ខេមរៈ​ភាសា។ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​។

 

លាឈប់​ពី​ការងារ​​​វិទ្យុ​ មក​​បើក​វិទ្យុ​​ផ្ទាល់​ខ្លួន​នៅ​ស្រុក​ខ្មែរ​​​​​

 

នៅ ​ឆ្នាំ​២០១២​ លោក​ក៏​សម្រេច​លាឈប់​​ពី​មុខ​តំណែង​ដ៏​ខ្ពស់​នៅ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ ដោយ​មាន​​បំណង​មកបើក​វិទ្យុឯកជនមួយ​នៅ​ស្រុក​ខ្មែរ​វិញ​ម្តង​។​ពេល​នោះ​គណៈ​ គ្រប់គ្រង​វិទ្យុ​បារាំង​​បាន​ចោទ​​សួរ​លោក​តើ​អាច​មាន​​​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​វិទ្យុ​បារាំង​ ដែរ​ទេ​?​។ពេល​នោះ​លោក​បាន​ឆ្លើយ​ថា​​​ ចង់​មិន​ចង់​ការ​ប្រកួត​ប្រជែង​ត្រូវ​តែ​មាន​​ ព្រោះ​ជា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដូច​គ្នា។ ​

​​ថ្នាក់​​គ្រប់​ គ្រង​វិទ្យុ​បារាំង​អន្តរ​ជាតិ​បាន​យល់​ស្រប​​ ទៅ​នឹង​គម្រោង​បើក​វិទ្យុ​របស់​លោក​នៅ​ស្រុក​ខ្មែរ​។ប៉ុន្តែ​ត្រូវ​​​ សហការជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​ ស្រប​ពេល​បុគ្គលិក​នៅ​ស្រុក​បារាំង​ មាន​តែ​៤​ទៅ​៥​នាក់​ ប៉ុណ្ណោះ​​មិន​មាន​កម្លាំង​គ្រប់​គ្រាន់ ដោយ​សារ​ដល់​ឆ្នាំ​ដែល​បុគ្គលិក​ចាស់ៗ​ចូល​និវត្តន៍​។ទោះ​យ៉ាង​ណា​​​ការងារ​ដំបូង​​​លោក​​​ត្រូវ​ធ្វើ​​​ការ​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​ កម្ពុជា​ឲ្យ​អនុញ្ញាត​​ពង្រីក​ម៉ោង​ផ្សាយ​ជា​ខេមរៈ​ភាសា​​នៃ​វិទ្យុ​បារាំង​ អន្តរ​ជាតិ​នៅ​លើ​រលក​ធាតុ​អាកាស​FM​។​ ​​​​

​មាន​ទឡ្ហីករណ៍​​ និង​គោល​ជំហរ​ច្បាស់​លាស់​ជា​ច្រើន​ ដែល​លោក​​​បញ្ជាក់​ទៅ​​រាជ​រដ្ឋាភិបាល ជុំវិញ​​ឯករាជ​ភាព​​របស់​​ វិទ្យុ​បារាំង​អន្តរ​ជាតិ​ RFI ​មិន​លំអៀង​ទៅ​រក​គណបក្ស​នយោបាយ​ណាមួយ​នោះ​ ទី​​បំផុត​ ​ក្រសួង​ព័ត៌មាន​បាន​​ផ្ដល់​អាជ្ញាប័ណ្ណ​​ឲ្យ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ ពង្រីក​ម៉ោង​ផ្សាយ​របស់​ខ្លួន​ជា​ខេមរៈ​ភាសា​​​ប្រកប​​ដោយ​ជោគជ័យ​​ តាម​រយៈ​ហ្វ្រេកង​ FM 92 Mhzនៅ​ភ្នំពេញ​​ និងសៀមរាប និង94 Mhz នៅ​បាត់​ដំបង​ កំពង់​ចាម​ និង​ខេត្ត​ព្រះសីហនុ​។ នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា​ ឆ្នាំ​២០១៣​ កន្លង​ទៅ​ថ្មីៗ​នេះ​ វិទ្យុ​បារាំង​អន្តរ​ជាតិ​ ​RFI បាន​​សម្ពោធ​ការ​​ផ្សាយ​ជា​ផ្លូវ​ការ​ ​ដោយ​ប្រែ​ក្លាយ​​ពី​កម្មវិធី​​​មួយ​ម៉ោង​​ជា​ខេមរៈ​ភាសាក្នុងមួយថ្ងៃ​ ​មក​ជា​ស្ថានីយ​វិទ្យុ​មួយ​ ដែល​ដំណើរ​ការ​១៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ​ក្នុង​នោះ​​រួម​មាន​ជាអាទិ៍​កម្មវិធី​​ព័ត៌មាន​​៣​​ម៉ោង(​ម៉ោង​៧​ដល់​ម៉ោង​៨​ព្រឹក​ ​ម៉ោង​១​ដល់​ម៉ោង​២​រសៀល​ និង​ម៉ោង​៧​ដល់​ម៉ោង​៨​យប់​) ​និង​ព័ត៌មាន​ទាន់​ហេតុការណ៍ ​មួយ​ម៉ោង​ម្តង។​

 

បច្ចុប្បន្ន​

លោក​ តាន់​ ហ្សង់-​ហ្រ្វង់ស័រ​ ​មិន​មែន​ជា​អ្នកសារព័ត៌មាន​របស់​វិទ្យុ​បារាំង​អន្តរ​ជាតិ​RFI​ដូច​មុន​នោះ​ ទេ​។​ តែ​លោក​គឺជា​ អគ្គនាយក​ក្រុមហ៊ុន MMA (Media Management Agency)​ ​ដែល​​វិទ្យុ​​បារាំង​អន្តរ​ជាតិRFI​​ ជួល​ឱ្យ​គ្រប់​គ្រង​ការិយាល័យ​ នៃ​វិទ្យុ ​មួយ​នេះ​នៅ​ភ្នំពេញ​​​។ លោក​ថា​ “​ដោយ​សារ​មាន​និស្ស័យ​ជា​អ្នក​ការ​សែត​ ​យើង​នៅ​តែ​ជា​អ្នក​គ្រប់​គ្រង​ម្នាក់​ ដែល​ឲ្យ​តម្លៃ​លើ​វិស័យ​​សារ​ព័ត៌មាន​ដដែល​”។

 

បទ​ពិសោធន៍​ជីវិត

 

មនុស្ស​ម្នាក់​ៗ​ល្អ​បំផុត​​គឺ​ត្រូវ​ចេះ​រើ​បម្រះ​​ខ្លួន​ចេញ​ពីគ្រប់​ដំណាក់​កាល​។បើ​យើង​មិន​រើ​បម្រះ​ខ្លួន​ទេ​ ហើយ​នៅ​ស្ពឹក​មួយ​កន្លែង​​គឺ​យើង​មិន​អាច​លូត​លាស់​ទៅ​មុខ​បាន​ទេ ហើយ​ក៏​មិន​អាច​ស្គាល់ បទ​ពិសោធន៍​ផ្សេង​ទៀត​ នៃ​ជិវិត​បាន​ដែរ​។​ ជីវិត​របស់​មនុស្ស​ម្នាក់​ៗ​​ខ្លី​ណាស់​ បើ​យើង​រៀប​រាប់​ទៅ​មិន​ដែល​មាន១០ឆ្នាំ​ ១០​ដង​នោះ​ទេ​​ ។​ម្ល៉ោះ​​ហើយ​ ក្នុង​មួយ​ជីវិត​របស់​​យើង​ ទី​កន្លែង​មួយ​ដែល​អនុញ្ញាត​​ឲ្យ​យើង​​អាច​បញ្ចេញ​នូវ​ស្នាដៃ​ បង្ហាញ​នូវ​បុគ្គលិក​លក្ខណៈ​ បង្ហាញ​នូវ​តម្លៃ​ពិត​របស់​យើង​ គឺ​ទីកន្លែងការងារ​។​នៅ​ក្នុង​ក្រុម​គ្រួសារ​ផេ្សង​​ យើង​អាច​ជា​ឪពុក​​គំរូ​ ឬ​ស្វាមី​គំរូ​​ តែ​កន្លែង​ការងារ​ផេ្សង​គ្នា​។ ម៉្លោះ​​ហើយ​​ បាន​ជា​មនុស្ស​ម្នាក់​ៗ​ តែង​តែ​ឲ្យ​តម្លៃ​ខ្លាំងដល់​​ការងារ​។​ពេល​ធ្វើ​ការងារ​​ ទើប​​យើង​ស្គាល់​ខ្លួនឯង​​កាន់​តែ​ច្បាស់​។ ម្យ៉ាង​ទៀត​បុគ្គលិក​ លក្ខណៈ​​​ ក៏​ឆ្លុះ​បញ្ចាំង​​ឲ្យ​យើង​ឃើញ​ថា៖​ តើ​នៅ​កន្លែង​ការងារ​ ពេល​យើង​និយាយ​មាន​អ្នក​ស្តាប់​​អត់​?យើង​ចេះ​បញ្ចុះ​បញ្ចូល​គេ​ដែរ​ឬ​ទេ?តើ​គំនិត​ ដែល​យើង​បញ្ចេញ​ទៅ ​គេ​គាំ​ទ្រ​ដែរ​ឬ​ទេ?​ តើ​យើង​ជា​មនុស្ស​ស្វិត​ស្វាញ​ដែរ​ឬ​អត់?​។​ បុគ្គលិក​លក្ខណៈ​នេះ​​ក៏​ជា​ លទ្ធផល​​ បាន​មក​ពី​កត្តា​ច្រើន​ណាស់​ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​​បទ​ពិសោធន៍ក្នុង​ជីវិត​​​ផង​ដែរ​។​​ ​គេ​តែង​និយាយ​ថា​ ​គ្មាន​អ្នក​ណាម្នាក់​អាច​បញ្ចប់​ការ​សិក្សា​បាន​​ទេ​  ព្រោះ​ការ​សិក្សា​ត្រូវ​ធ្វើ​ជា​រៀង​រហូត​ ហើយ​បើ​ងាក​មក​វិស័យ​សារ​ព័ត៌មាន​វិញ វិស័យ​នេះ​ទាម​ទារ​ឲ្យ​យើង​រៀន​ជា​រៀង​​រហូត​ ដែល​​ជា​ចំណុច​មួយ​អាច​ឲ្យ​យើង​ពង្រឹង​ចំណេះ​ដឹង ​និង​មួយ​ទៀត​គឺ​ភាព​វ័យ​ឆ្លាត​របស់​យើង​តែ​ម្ដង។ ​បរាជ័យ​ជា​រឿង​ធម្មតា​ តែ​សំខាន់​ត្រង់​ថា​យើង​អាច​ទាញ​មេរៀន​អ្វីខ្លះពី​ភាព​បរាជ័យ ​ដួល​ហើយ​​ បើ​យើង​ប្រឹង​ប្រែង ​គង់​តែ​ងើប​ឡើង​វិញរួច​ជាដរាប។ ​អ្វីដែល​មិន​សម្លាប់​យើង​ វា​នឹង​​ធ្វើ​ឲ្យយើង​ខ្លាំង​ជាង​មុន​។​

 

ការ​ចង​ចាំ​ក្នុង​ជីវិត​បំផុត

​មនុស្ស​ម្នាក់​ៗត្រូវ​យល់​ដឹង​ពី​​សភាព​ការ​ណ៍នៃ​ប្រទេស ​តំបន់​ ​និង​ពិភពលោក ​ឱ្យបានច្បាស់ ​លាស់ ​​​ ដើម្បី​កុំ​ឲ្យ​​ចាញ់​បោក​ភាព​ច្រំ​​ ដែល​នៃ​ប្រវត្តិសាស្រ្ត។​​ នេះគឺ​ជា​មេរៀន​​ធំ​បំផុត​មួយ​ ដែល​លោក​តាន់​ ហ្សង់-ហ្វ្រង់ស័រ បាន​ទាញ​ពី​ជីវិត​ជាង​៤០​ប្លាយ​ឆ្នាំ​របស់​លោក។​ ​លោក​បាន​លើក​ឡើង​ថា​ ​កាល​ពី​ប្រទេស​កម្ពុជា​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល​ ពោល​គឺ​មុន​ពេល​​ខ្មែរ​ក្រហម​ចូល​កាន់​កាប់​ប្រទេស​ ឪពុក​លោក​គឺ​ជា​អ្នក​ជំនួញ​​ម្នាក់​ មួយ​ថ្ងៃៗ​គិត​តែ​ធ្វើ​ការងារ​​គិត​តែ​ពី​ ​ប្រមូល​ប្រាក់​​ដើម្បី​ក្លាយ​​ជា​អ្នក​មាន​ ដើម្បី​​ទុកទ្រព្យ​​ឲ្យ​កូន​ចៅ​ អត់​ដែល​គិត​ពី​សភាពការណ៍​ នៃ​ប្រទេស​ទេ​។​​ម៉្លោះ​ហើយ​ពេល​ខ្មែរ​ក្រហម​ចូល​ស្រុក​​​អ្វី​ៗ​ទាំង​អស់​ ដែល​ឪពុក​លោក​បាន​ខិតខំរក​ត្រូវ​​បាត់​បង់​អស់​រលីង​។ ​មាន​ន័យ​ថា​ប្រវត្តិ​របស់​ពលរដ្ឋ​ម្នាក់ៗ​នៅ​ ក្នុង​ប្រទេស​និមួយៗ​​នឹង​ត្រូវ​​ កិន​កំ​ទេច​​​​ដោយ​កង់​ប្រវត្តិ​សាស្ត្រ​នៃ​ប្រទេស​នោះ​ជា​មិន​​ខាន​ឡើយ ​បើ​សិន​ជា​ម្នាក់ៗ​ភ្លេច​ខ្លួន​មិន​រវល់​ពី​វាសនា​នៃ​ប្រទេសជាតិ​ ពី​សភាព​ការណ៍​តំបន់​ ​និង​អន្តរជាតិ​។​

 

ផែន​ការ​អនាគត

 

ក្នុង​រយៈ​ ពេល​ ២​ ឬ​៣ ឆ្នាំ​ខាង​មុខ​​ ​លោក​មាន​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​វិទ្យុ​បារាំង​អន្តរ​ជាតិ​ផ្សាយ​ ជា​ខេមរៈ​ភាសា​ ក្លាយ​ជា​វិទ្យុ​គំរូ​មួយ​ ក្នុង​ប្រទេស​កម្ពុជា​ លើ​វិស័យ​ព័ត៌មាន​ ដោយ​មាន​មហិច្ឆតា​ចង់​​​ផ្សាយ​តែ​កម្ម​វិធី​ព័ត៌​មាន ​សុទ្ធសាធ​រយៈ​ពេល​១៤​ ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ តែ​ទោះ​យ៉ាង​ណា​តម្រូវ​ការ​ផ្នែក​ហិរញ្ញ​វត្ថុ ​និង​អ្នក​សារព័ត៌មាន​ ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ​នៅ​ចោទ​ជា​បញ្ហា​នៅ​ឡើយ​។ដូច្នេះ​​ស្ថិត​ ក្នុង​ស្ថាន​ភាព​បច្ចុប្បន្ន​លោក​​​កំពុង​ពង្រឹង​កម្មវិធី​ផ្សាយ​៣​ម៉ោង​ និង​ព័ត៌មាន​ទាន់​ហេតុ​ការណ៍​មួយ​ម៉ោង​ម្ដង ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រិយ​មិត្ត​អ្នក​ស្តាប់​​បាន​ស្គាល់​វិទ្យុ​បារាំង​អន្តរ ​ជាតិ​កាន់​តែ​ច្រើន​ ព្រោះ​កម្មវិធី​ ដែល​ត្រូវ​បាន​រៀប​ចំឡើង​មាន​គោលដៅ​ធំៗ​ពីរ គឺ​ផ្តល់​និង​ពន្យល់​ព័ត៌មាន ​ផ្តល់​និង​ចែល​រំលែក​​ចំណេះ​ដឹង​។

 

បណ្ដាំ​ផ្ញើ​ទៅ​យុវជន​ជំនាន់​ក្រោយ

យុវជន​​​ត្រូវ​បន្ត​​រៀន​សូត្រ​ ដើម្បី​​ចាក​ចេញ​ពី​ភាព​អវិជ្ជា​។​​អ្នក​ប្រាជ្ញ​ម្នាក់ ​គឺ​លោក​Albert Einstein​បាន ​លើក​ឡើង​ថា​​៖ “បន្ទាប់​ពីបាន​រៀន​ចេះ​ដឹង​កាន់​តែ​​ច្រើន​ ​ខ្ញុំយល់​កាន់​តែច្បាស់​ពី​ភាព ​ល្ងង់​ខ្លៅ​របស់​ខ្ញុំ”។ ​មាន​ន័យ​ថា​​ ចំណេះ​ដឹង​មាន​ទំហំ​ធំ​មហិមា​ គ្មាន​ថ្ងៃ​ណា​អាច​រៀន​ចប់​ទេ៕ ​ ​​​

 

អានអត្ថបទ៖  ភ្នំពេញ​ឥឡូវ​មិន​ដូច​ពី​ដើម​ទេ ការ​ញ៉ាំ​កាហ្វេ​សឹង​ជា​រឿង​ធម្មតា​ទៅ​ហើយ

អត្ថបទ៖មៃ សុខលីម

អត្ថបទពេញនិយម