ឈិនឡុង ទម្លាយ​រឿង​ចង់​លែង​ប្រពន្ធ ពេល​ស្រី​​ស្នេហ៍​មាន​ផ្ទៃ​ពោះ

  • 2015-04-01 13:05:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ក្បាច់​គុន​ហុងកុង Jackie Chan ហៅ​ ឈិនឡុង បាន​បង្ហើប​​ថា​ខ្លួន​ស្ទើរ​តែ​លែងលះ​ភរិយា​ Lin Feng-Jiao ​ទៅ​ហើយ​កាល​ពី​ឆ្នាំ​១៩៩៩ នៅ​ពេល​ដែល​ដឹង​ថា​មិត្ត​ស្រី​លួចលាក់​ឈ្មោះ Elaine Ng មាន​ផ្ទៃ​ពោះ។ Jackie Chan បាន​ទម្លាយ​រឿង​នេះ តាម​រយៈ​សៀវភៅ​ "Jackie Chan: Never Grow Up, Only Get Older” ដែល​លោក​បាន​សរសេរ​រៀបរាប់​ពី​ជីវិត​ផ្ទាល់​ខ្លួន និង​ត្រៀម​ចេញ​ផ្សាយ​ដើម្បី​អបអរ​ខួប​កំណើត​គម្រប់​អាយុ៦១ឆ្នាំ នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ខាង​មុខ។ ​​

ឈិនឡុង ជាមួយ​ប្រពន្ធ និង​កូន​ប្រុស

 

កន្លង​មក ឈិនឡុង ធ្លាប់​មាន​ស្រី​កំណាន់​​ខាង​ក្រៅ​ជា​ច្រើន​នាក់ ប៉ុន្តែ​ភរិយា​របស់​គេ​មិន​ដែល​និយាយ​ស្ដី​អ្វី​ឡើយ។ អ្នក​ទាំង​ពីរ​បាន​រៀបការ​​ស្ងាត់​ៗ​ជាមួយ​គ្នា​នៅ​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក កាល​ពី​ឆ្នាំ​១៩៨២ និង​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ Jaycee។ អំឡុង​ពេល​ដែល​ ឈិនឡុង ធ្វើ​ដំណើរ​ទៅ​គ្រប់​ទី​កន្លែង​ដើម្បី​ថត​ភាពយន្ត ភរិយា​របស់​គេ​ (Lin Feng-Jiao) នៅ​មើល​ថែ​កូន​ប្រុស​ នៅ​ឯ​ផ្ទះ​ នៅ​តៃវ៉ាន់។ Lin គឺ​ជា​តារា​សម្ដែង​ល្បី​មួយ​រូប និង​ធ្លាប់​ឈ្នះ​ពាន​រង្វាន់​ដែរ ប៉ុន្តែ​នាង​បាន​បោះបង់​អាជីព​សិល្បៈ​ចោល​ទាំង​ស្រុង​ដើម្បី​បំពេញ​តួនាទី​ជា​ភរិយា​ល្អ​ម្នាក់។ ឈិនឡុង ទទួល​ស្គាល់​ថា​មាន​ពេល​ខ្លះ គេ​អាច​នៅ​ជាមួយ​ប្រពន្ធ​កូន​តែ​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។

 

​ក្រោយ​ពី​រឿង​អាស្រូវ​ស្នេហា​​ឈិនឡុង ជាមួយ​បវរកញ្ញា​ហុងកុង Elaine Ng បាន​លេច​លើ​ទំព័រ​មុខ​នៃ​សារព័ត៌មាន​ជាច្រើន ពិសេស​នៅ​ពេល​ដែល​នាង​មាន​ផ្ទៃ​ពោះ ឈិនឡុង ដឹង​​ថា​ខ្លួន​បាន​ប្រព្រឹត្ត​កំហុស​ធំ​មួយ​ដែល​ភរិយា​មិន​អាច​លើកលែង​បាន​ត​ទៅ​ទៀត។ តារា​រូប​នេះ​បាន​សរសេរ​ថា "ខ្ញុំ​ចង់​ទូរសព្ទ​ទៅ​នាង ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា​គួរ​និយាយ​អ្វី។ ខ្ញុំ​មិន​អាច​បកស្រាយ​អ្វី​ពី​កំហុស​មួយ​នេះ​បាន​ឡើយ។ ខ្ញុំ​បាន​ធ្វើ​ខុស​ធ្ងន់​ណាស់។ ​ខ្ញុំ​គិត​ថា​ពួក​យើង​មិន​អាច​ដោះស្រាយ​អ្វី​បាន ​ក្រៅ​ពី​លែងលះ​គ្នា​នោះ​ទេ"។

 

ទី​បញ្ចប់ ឈិនឡុង បាន​ទទួល​ស្គាល់​កំហុស និង​បាន​សុំ​អភ័យទោស​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន​តាម​រយៈ​សន្និសីទ​កាសែត​មួយ។ បើ​ទោះ​ជា​មាន​មនុស្ស​ជា​ច្រើន​រិះគន់​គេ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​ភរិយា​របស់​គេ​​បាន​សម្រេច​ចិត្ត​លើកលែង​ឲ្យ​គេ​នៅ​ពេល​នោះ។ ពួក​គេ​ឈប់​គិត​ពី​រឿង​លែងលះ ហើយ​​បច្ចុប្បន្ន​ជីវិត​គ្រួសារ​របស់​ពួក​គេ​មាន​សុភមង្គល​ធម្មតា ស្រប​ពេល​ដែល ឈិន ឡុង​ នៅ​តែ​មមាញឹក​នឹង​ការងារ​ភាពយន្ត​របស់​ខ្លួន​ដដែល។​​

 

មក​ដល់​ពេល​នេះ ឈិនឡុង ​មិន​ទាន់​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា​កូន​ស្រី Etta Ng ដែល​អតីត​សង្សារ Elaine Ng បាន​ផ្ដល់​កំណើត​ឲ្យ​កាល​ពី​ឆ្នាំ​១៩៩៩ ​ជា​កូន​ខ្លួន​នៅ​ឡើយ​ទេ។

 

ក្រៅ​ពី​រឿង​នេះ ឈិនឡុង បាន​លាត​ត្រដាង​រឿង​ជា​ច្រើន​ទៀត​​ក្នុង​សៀវភៅ​នេះ ដូច​ជា​រឿង​​កូន​ប្រុស​របស់​គេ Jaycee Chan ឪពុក​ម្ដាយ​របស់​គេ រួម​ទាំង​អាជីព​សម្ដែង​រយៈ​ពេល ៥៤ឆ្នាំ​កន្លង​មក ដែល​​បាន​ផ្ដល់​មេរៀន​​ជា​ច្រើន​សម្រាប់​ជីវិត​របស់​គេ។ ក្នុង​ផ្នែក​មួយ ឈិនឡុង បាន​សរសេរ​ផ្ដាំ​ផ្ញើ​ជា​ពិសេស​ដល់​កូន​ប្រុស Jaycee Chan ដែល​​​ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស​ពី​បទ​ពាក់ព័ន្ធ​គ្រឿង​ញៀន​ថា "ខ្ញុំ​ធ្លាប់​មាន​កំហុស​កាល​ពី​នៅ​ក្មេង។ ប៉ុន្តែ​ខ្ញុំ​បាន​យក​កំហុស​ទាំង​នោះ​មក​កែប្រែ​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ប្រសើរ។ ចុង​ក្រោយ ខ្ញុំ​នឹង​ក្លាយ​ជា​បុរស​ពិត ខ្លាំង និង​មាន​ឯករាជ្យ ដែល​នឹង​ប្រឈម​មុខ​នឹង​អ្វី​គ្រប់​យ៉ាង​ដែល​គេ​គួរ​តែ​ប្រឈម​មុខ" ៕​

 

 ឈិនឡុង ជាមួយ​អតីត​មិត្ត​ស្រី Elaine Ng 

ក្រប​សៀវភៅ​​ថ្មី​របស់​ឈិនឡុង

ចុច​អាន៖អតីត​គូស្នេហ៍ ឈិន ឡុង ត្រូវ​​ចាប់​ខ្លួន ពី​បទ​ល្មើស​ច្រើន​ករណី

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ dramafever