ភ្លើង​សង្គ្រាម​នៅ​ស៊ីរី ធ្វើ​ឲ្យ​ក្មេង​តូច​ម្នាក់​ខ្លាច​កាមេរ៉ា​ព្រោះ​គិត​ថា​ជា​កាំភ្លើង

  • 2015-04-01 14:04:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នូរ​គ្រឿង​ផ្ទុះ​លាន់​ឮ​កង​រំពង សម្រែក​យំ​សោក ឪពុក​ព្រាត់​កូន ប្ដី​ព្រាត់​ប្រពន្ធ ភាព​ភ័យ​ខ្លាច​គ្មាន​ស្រាកស្រាន្ត... ទាំង​នេះ​ហើយ គឺ​ជា​លទ្ធផល​នៃ​ភ្លើង​សង្គ្រាម ដែល​គ្រប់​គ្នា​សែន​ស្អប់ និង​តែង​ប្រាថ្នា​ចៀស​ចាក​ឆ្ងាយ។ ជាក់​ស្ដែង សង្គ្រាម​អូស​បន្លាយ ៥ឆ្នាំ​នៅ​ក្នុង​ប្រទេស​ស៊ីរី បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាត់​បង់​ជីវិត បាត់បង់​ទី​ជម្រក ហើយ​អ្វី​ដែល​រឹត​តែ​គួរ​ឲ្យ​សង្វេគ​ទៀត​នោះ គឺ​ក្មេង​ស្រី​ម្នាក់ បាន​លើក​ដៃ​ទាំង​ពីរ​ឡើង​លើ​ពេល​ឃើញ​កាមេរ៉ា ព្រោះ​គេ​គិត​ថា​នោះ​ជា​កាំភ្លើង​ប្រល័យ​ជីវិត។

 

 

រូប​ភាព​ដ៏​សង្វេគ​នេះ ថត​បាន​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន Atmen នៅ​ព្រំដែន​រវាង​ប្រទេស​ស៊ីរី និង​ទួរគី។ ក្មេង​ស្រី​នៅ​ក្នុង​រូប​មាន​ឈ្មោះ Adi Hudea អាយុ​ទើប​បាន ៤​ឆ្នាំ​ប៉ុណ្ណោះ ហើយ​ត្រូវ​ឪពុក​ស្លាប់​ចោល​តាំង​ពី​ឆ្នាំ​២០១២។ ក្រោយ​កំព្រា​ឪពុក ក្មេង​ស្រី​ដ៏​កម្សត់ ត្រូវ​រស់​ជាមួយ​ម្ដាយ និង​បង​ប្អូន​បង្កើត​បី​នាក់​ទៀត​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន។ ​​​

 

អ្នក​ថត​រូប​ព័ត៌មាន​ជនជាតិ​ទួរគី Osman Sagirli គឺ​ជា​អ្នក​ផ្ដិត​យក​ទិដ្ឋភាព​នេះ​ឡើង។ ក្រោយ​មក​ រូប​ភាព​​ត្រូវ​បង្ហោះ​ចូល​ក្នុង​បណ្ដាញ​សង្គម​ដោយ​សរសេរ​អម​ថា ក្មេង​ស្រី​តូច​ឃើញ​កាមេរ៉ា​ជា​កាំភ្លើង​ទើប​នាង​លើក​ដៃ​ឡើង​លើ ហើយ​ក៏​ចាប់​ផ្ដើម​ល្បីល្បាញ និង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង។

 

សង្គ្រាម​ស៊ីវិល​ស៊ីរី ដែល​អូស​បន្លាយ​រយៈ​ពេល ៥​ឆ្នាំ​មក​នេះ បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង ២២​ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន​ប្រមាណ ១​ម៉ឺន​នាក់​ជា​កុមារ។ មនុស្ស​រាប់​លាន​នាក់​ត្រូវ​ចាក​ចោល​ផ្ទះ​សម្បែង គេច​ពី​ការ​ប្រយុទ្ធ​បង្ហូរ​ឈាម​គ្នា។ ក្នុង​ចំណោម​នោះ មាន​ជាង ១២​លាន​នាក់ រាប់​ទាំង​ក្មេង ៥​លាន​នាក់ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ និង​ត្រូវ​ការ​ជំនួយ​មនុស្ស​ធម៌​នៅ​ឡើយ៕ ​

 

ចុចអាន៖ ឡាន​ក្រុង​ក្លាយ​ជា​របាំង​គ្រាប់​កាំ​ភ្លើង​ការពារ​ប្រជាជន​នៅ​ស៊ីរី

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail

អត្ថបទពេញនិយម