គ្រឿង​សម្អាង​ពាក់​កណ្ដាល​នៅ​វៀតណាម​ជា​​ផលិតផល​​ក្លែងក្លាយ

  • 2015-04-06 20:55:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារព័ត៌មាន Vietnam News របស់​ប្រទេស​វៀតណាម បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ផលិត​ផល​ថែរក្សា​សម្ផស្ស​រហូត​ដល់​ទៅ​ពាក់​កណ្ដាល​នៅ​ក្នុង​ប្រទេស​វៀតណាម គឺ​ជា​របស់​ក្លែងក្លាយ ដែល​ក្លែង​បន្លំ​តាម​ម៉ាក​ផលិត​ផល​ល្បីៗ។

 

ជិត ៥០​ភាគរយ នៃ​ផលិតផល​ថែ​រក្សា​សម្ផស្ស​ដែល​កំពុង​ចរាចរ​​លើ​ទីផ្សារ​វៀតណាម គឺ​របស់​ក្លែង​ក្លាយ។ នេះ​បើ​តាម​ស្ថិតិ​របស់​អង្គភាព​កម្មសិទ្ធិបញ្ញា នៃ​ប្រទេស​វៀតណាម។ អង្គភាព​នេះ បាន​បញ្ជាក់​ថា ផលិតផល​ថែ​រក្សា​សម្ផស្ស​គ្មាន​គុណភាព និង​ក្លែងក្លាយ កំពុង​គំរាមកំហែង​ដល់​សុខភាព​អ្នក​ប្រើប្រាស់​យ៉ាង​ខ្លាំង។

 

មន្ត្រី​វៀតណាម នឹង​ជំរុញ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​បន្ថែម​ទៅ​លើ​ឧស្សាហកម្ម​ផលិតផល​ថែ​រក្សា​សម្ផស្ស។ នេះ​បើ​តាម​កាសែត Ha Noi Moi ដក​ស្រង់​សម្ដី​អ្នក​តំណាង​មក​ពី​​រដ្ឋបាល​ឱសថ នៃ​ប្រទេស​វៀតណាម។ ​​​

 

​ផលិតផល​គេច​ពន្ធ និង​រោងចក្រ​ផលិត​គ្រឿង​សម្អាង​ខុស​ច្បាប់​ជាច្រើន ត្រូវ​ប្រទះ​ឃើញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ករណី​ថ្មី​បំផុត ត្រូវ​រក​ឃើញ​ដោយ​អង្គភាព​ឃ្លាំ​មើល​ផ្សារ​ហាណូយ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។

 

អង្គភាព​ឃ្លាំមើល បាន​ធ្វើការ​ត្រួត​ពិនិត្យ​ទៅ​លើ​តូប​ចំនួន៥ របស់​ក្រុមហ៊ុន Xuan Thuy Cosmetics Ltd រឹបអូស​បាន​គ្រឿង​សម្អាង និង​ផលិតផល​ពាក់ព័ន្ធ​ចំនួន ១០​ម៉ឺន។ អង្គភាព​ឃ្លាំ​មើល ក៏​បាន​បញ្ជូន​គំរូ​ផលិតផល​រឹបអូស​ទៅ​ប៉ូលិស ដើម្បី​ធ្វើតេស្ត​ផង​ដែរ។ ​តាម​អង្គភាព​ឃ្លាំ​មើល​ដដែល​នេះ បាន​បង្ហាញ​ថា​ កាល​ពី​ឆ្នាំ​មុន​ផលិត​ផល​គ្រឿង​សម្អាង​ចំនួន ១៦៤០០០ នៅ​ក្រុង​ហាណូយ ត្រូវ​រក​ឃើញ​ថា​មិន​មែន​ជា​ផលិតផល​ដើម៕

​​​​

ចុចអាន៖ វៀតណាម​បក​ស្រាយ​រឿង​ចាក់​​មេរោគ​អេដស៍​ចូល​ក្នុង​ស៊ុត​មុន​ដាក់​លក់

ចុចអាន៖ វៀតណាម​ព្រួយ​បារម្ភ​រឿង​ផ្លែឈើ​នាំ​ចូល​គ្មាន​គុណភាព

​​​​

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ vietnamnews

អត្ថបទពេញនិយម