ក្រឡអីហ្នឹងវគ្គ ២ រំពឹងរកចំណូលលើសវគ្គ ១
- 2015-04-07 17:05:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រឡអីហ្នឹងវគ្គ ២ រំពឹងរកចំណូលលើសវគ្គ ១
ចន្លោះមិនឃើញ
ក្នុងពិធីសម្ពោធដាក់បញ្ចាំងម្សិលមិញនៅរោងភាពយន្ត Legend សាខា TK Avenue ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា និយាយថា៖ "យើងជឿជាក់ថាវគ្គ២នេះនឹងរកបានចំណូលមិនក្រោម ៣០ ម៉ឺនដុល្លារទេ ព្រោះអីវគ្គ១កន្លងទៅយើងរកចំណូលសរុបទូទាំងប្រទេស ដោយមិនទាន់កាត់ពន្ធ និង ចែកគ្នាជាមួយរោងកុន គឺជាង ២៨ម៉ឺនដុល្លារ"។
លោក លៀក លីដា ចាហ្វាងផលិតកម្ម LD Picture ផ្ដល់បទសម្ភាសន៍ម្សិលមិញ
ចាងហ្វាងផលិតកម្មរូបនេះបន្ត ដើមចមនាំឱ្យលោកមានក្ដីជឿជាក់ខ្ពស់ថា រឿង "ក្រឡអីហ្នឹងវគ្គ២" រកចំណូលបានខ្ពស់ដោយសម្អាងទៅលើការចូលរួមសម្ដែងពីសំណាក់តារាល្បីៗដូចជា ពាក់មី គ្រឿន ក្រូច សុខ សោម៉ាវត្តី សារ៉ាយ សក្ខណា និង BIG ជាដើម។ ម្យ៉ាងទៀតវគ្គ ២ ខាងលើ ផលិតឡើងសម្រិតសម្រាំងបំផុត ដោយយកគុណភាពជាចម្បង។
យ៉ាងណាក៏ដោយលោក លៀក លីដា បានអះអាងថា ក្រឡអីហ្នឹងវគ្គ២ គឺពិបាកផលិតជាងគេក្នុងចំណោមខ្សែភាពយន្តជាច្រើនដែលលោកធ្លាប់ផលិតរយៈពេលជាង ៤ឆ្នាំមកនេះ។ ពិបាកនៅត្រង់ថា ត្រូវការទីតាំងប្លែកៗ ហើយការសម្ដែងរបស់តួនិមួយៗ គឺប្រិតប្រៀងបំផុតដើម្បីធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍។
ការបន្តផលិតវគ្គ ២ នេះ ទៀត ត្រូវផលិតករល្បីឈ្មោះខាងលើអះអាងថា មកពីវគ្គ ១ កន្លងទៅទទួលការគាំទ្រច្រើនពីទស្សនិកជន ហើយស្នើបន្តផលិតវគ្គ២។ ម្យ៉ាងទៀតក្នុងវគ្គ ១ មិនទាន់អស់សាច់រឿងតាមដានទេ ដូច្នេះហើយទើបលោកសម្រេចចិត្តផលិតវគ្គ២ បន្តទៀត។
ក្រោយពីបញ្ចប់ការដាក់បញ្ចាំងរឿង "ក្រឡអីហ្នឹងវគ្គ២" អតីតអ្នកដឹកនាំផលិតកម្ម Rock ប្រាប់ថាក្នុងខែឧសភាខាងមុខផលិតកម្ម LD Picture របស់លោកនឹងបញ្ចេញខ្សែភាពយន្តថ្មីមួយទៀតគឺរឿង"កំលោះស្រុកស្រែ ញ៉ែក្រមុំឡប់" និងរឿង 2Father ជាការនិពន្ធ ដឹកនាំដោយនាយ ពាក់មី។
រឿង "ក្រឡអីហ្នឹងវគ្គ២" ជាវណ្ណកម្មទី ៩ ហើយ របស់ផលិតកម្ម LD Picture បន្ទាប់ពីដំណើរការចាប់តាំងពីចុងឆ្នាំ ២០១១ មក។ លោក លៀក លីដា បញ្ជាក់ថា៖ "សូមបងប្អូន ទស្សនិកជនជឿជាក់ និង ទុកចិត្តលើ LD ចុះព្រោះយើងតែងតែផលិតរឿងថ្មីៗ ដោយយកគុណភាពជាចម្បងបំផុត មិនមែនផលិតឱ្យរួចតែពីដៃទេ"។
អានអត្ថបទបន្ត៖ អ្នករៀបចំ៖ “បុណ្យភូមិលើកទី ២ ជោគជ័យ” អានអត្ថបទបន្ត៖ សារ៉ាធ្លាក់ខ្លួនជាអ្នកសុំទាន! «ព្រះនាងតូច» ភាគទី៦ អានអត្ថបទបន្ត៖ រថយន្តថ្លៃកប់ស៊េរីរបស់តារាហូលីវូដល្បីៗ
អត្ថបទ៖ អ៊ីង សុឡា