១០​ចំណុច ​ជួយ​ថែ​រក្សា​​ភ្នែក​របស់​អ្នក ឲ្យ​មាន​សុខភាព​ល្អ

  • 2015-04-19 23:28:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​ភ្នែក​ គឺជា​កត្តា​ដ៏​សំខាន់ ដែល​មនុស្ស​គ្រប់​​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ និង​ត្រូវ​ថែ​រក្សា​សុខភាព​​របស់​វា​​ឲ្យ​បាន​ល្អ។ ជាក់​ស្ដែង​បច្ចុប្បន្ន​ មាន​មនុស្ស​ជា​ច្រើន​កំពុង​ជួប​បញ្ហា​ភ្នែក​​នេះ​ផ្សេងៗ​ពី​គ្នា​ ដោយ​អ្នក​ខ្លះ​មើល​អេក្រង់​កុំព្យូទ័រ​យូរ​អត់​បាន​ឆាប់​ឈឺ​ភ្នែក ​អន់​ភ្នែក (ម្ញូប)...។ យ៉ាង​ណា​ក្ដី បើ​អ្នក​​​​យក​ចិត្ត​ទុកដាក់​ថែ​​រក្សា​ភ្នែក​​ឲ្យ​បាន​ល្អ​នោះ ​គុណ​ភាព​របស់​ភ្នែក​របស់​អ្នក ក៏​មិន​អន់​ថយ​ទៅ​តាម​វ័យ​ប៉ុន្មាន​នោះ​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​១០​យ៉ាង ដែល​​អាច​ជួយ​ឲ្យ​ភ្នែក​របស់​អ្នក មាន​សុខភាព​ល្អ​​៖

 

 

 

១. ព្យាយាម​នៅ​ឲ្យ​ឆ្ងាយ​ពី​អេក្រង់៖ កុំ​សម្លឹង​មើល​អេក្រង់​កុំព្យូទ័រ​ ទូរសព្ទ ទូរទស្សន៍ ឬ​អេក្រង់​ផ្សេងៗ ក្នុង​ចម្ងាយ​ជិត​ពេក ព្រោះ​ពន្លឺ​ទាំង​នោះ អាច​ធ្វើ​ឲ្យ​អ្នក​ឆាប់​ស្រវាំង​ និង​ឈឺ​ហួល​ភ្នែក​បាន។ អ្នក​គួរ​នៅ​​ចម្ងាយ​សម​ល្មម និង​​​ព្យាយាម​សម្លឹង​មើល​អ្វី​ផ្សេង​ខ្លះ​​។

 

​​២. សម្រាក​​ដោយ​ការ​ព្រិច​ភ្នែក៖​ នៅ​ពេល​អ្នក​ធ្វើ​ការ​​ប្រើ​ប្រាស់​កុំព្យូទ័រ ​ឬ​មើល​អេក្រង់​ផ្សេងៗ​រៀង​រាល់​ថ្ងៃ​ អ្នក​គួរ​តែ​សម្រាក​ភ្នែក​​ដោយ​ព្រិច​ប្រហែល​ជា​២០​វិនាទី រាល់​២០​នាទី​ម្ដង ព្រោះ​បើ​អ្នក​សម្លឹង​យូរ​ជ្រុល​ពេក អាច​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នក​ស្ងួត​។

 

​៣. ពាក់​វ៉ែនតា​ជំនួយ៖ ​បើ​អ្នក​អាច​​ពាក់​វ៉ែនតា​ការពារ​ពន្លឺ ឬ​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​បាន គឺ​ជា​ការ​ល្អ​ ព្រោះ​​​វា​អាច​ជួយ​ភ្នែក​បាន​ច្រើន និង​ជួយ​ទប់​ស្កាត់​កាំរស្មី UVA និង UVB ​បាន​ច្រើន​ភាគ​រយ​ដែរ។

 

៤. ព្យាយាម​ញ៉ាំ​អាហារ​សមុទ្រ៖ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ ឲ្យ​ដឹង​ថា​ អ្នក​ញ៉ាំ​អាហារ​សមុទ្រ​១​ដង​ ក្នុង​១​សប្ដាហ៍ គឺ​អាច​កាត់​បន្ថយ​ជំងឺ​ភ្នែក បាន​ដល់​ទៅ​៤២% បើ​ធៀប​នឹង​​អ្នក​អត់​ដែល​ញ៉ាំ​អាហារ​សមុទ្រ​សោះ។

 

៥. ញ៉ាំ​បន្លែ​ឲ្យ​បាន​ច្រើន៖ ការ៉ុត​គឺជា​បន្លែ​ម្យ៉ាង សម្បូរ​ទៅ​ដោយ​វីតាមីន A ​ដែល​​​អាច​ជួយ​ដល់​ភ្នែក​​មាន​សុខភាព​ល្អ ខណៈ​ដែល​បន្លែ​បៃតង​ក៏​ជួយ​ភ្នែក​បាន​​ច្រើន​ផង​ដែរ។ ៦. គេង​ឲ្យ​​បាន​គ្រប់​គ្រាន់៖ ​ការ​គេង​គ្រប់​គ្រាន់​ ពិត​ជា​ជួយ​ឲ្យ​ភ្នែក​មាន​សុខភាព​រឹងមាំ​ល្អ និង​មិន​សូវ​មាន​ភាព​នឿយ​ហត់​នោះ​ទេ។

 

៧. គួរ​យក​ចិត្ត​ទុក​ដាក់​លើ​ដឺក្រេ​នៃ​វ៉ែនតា​៖ ការ​សិក្សា​របស់​សាកល​វិទ្យាល័យ​ភាគ​ខាង​ត្បូង​ Texas បាន​ឲ្យ​ដឹង​ថា​ ៨៥% នៃ​អ្នក​ពាក់​វ៉ែន​តា ពុំ​បាន​យក​ចិត្ត​ទុកដាក់​ខ្លាំង​ដល់​កម្រិត​ដឺក្រេ​​របស់​វ៉ែន​តា​ខ្លួន​នោះ​ទេ។ ការ​ពាក់​វ៉ែនតា​ខុស​​កម្រិត​ដឺក្រេ​នេះ ក៏​​ជា​ហេតុ​អាច​ធ្វើ​​​ភ្នែក​​ឆាប់​ខូច​​ដែរ។

 

៨. លាង​សម្អាត និង​ដូរ​​សម្ភារៈ​តែង​មុខ​​៖ អ្នក​គួរ​លាង​សម្អាត​ភ្នែក ពេល​ត្រឡប់​មក​ពី​កម្មវិធី​នានា ក្រោយ​ការ​ Make up ហើយ​សម្ភារៈ​ដែល Make up គួរ​តែ​​បោះ​បង់​ចោល​ក្រោយ​៣​ខែ​ម្ដង​បើ​អាច​ ព្រោះ​បាក់តេរី អាច​នឹង​នៅ​ជាប់​នឹង​ម៉ាស្ការ៉ា ​និង​អាច​ប៉ះ​ពាល់​ដល់​ភ្នែក​របស់​អ្នក​។

 

​៩. ពាក់​វ៉ែនតា​ការពារ​ភ្នែក​ពេល​ធ្វើ​ការ​ងារ​​ផ្សេងៗ៖ រាល់​ការងារ​ទាំង​ឡាយ​ណា ក៏​ដោយ​ដែល​ប្រើ​ប្រាស់​ភ្នែក​សម្លឹង​មើល​ខ្លាំង អ្នក​គួរ​តែ​ពាក់​វ៉ែនតា​ឲ្យ​បាន​ជាប់​ជា​ការ​ល្អ ព្រោះ​វា​អាច​ជួយ​ទាំង​សុខភាព​ភ្នែក និង​ជួយ​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ជា​យថាហេតុ​ផង​ដែរ។

 

១០. គួរ​ពិភាក្សា​ជាមួយ​ពេទ្យ​ភ្នែក៖ បើ​អ្នក​ដឹង​ខ្លួន​ឯង​ថា មាន​បញ្ហា​ភ្នែក ដូចជា​ភ្នែក​ឧស្សាហ៍​ឈឺ​ញឹកញាប់ ឬ​មើល​ឆ្ងាយ​មិន​សូវ​ជា​ច្បាស់​នោះ អ្នក​គួរ​ទៅ​ជួប​​អ្នក​ជំនាញ​ភ្នែក ដើម្បី​ពិភាក្សា​ ព្រោះ​បើ​បណ្ដែតបណ្ដោយ​នោះ វា​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​មុខ​ទៀត៕

 

-ចុចអាន៖ កុំ​មើលងាយ! ផ្លែ​ក្រខុប និង​​ស្លឹក​វា​​មាន​​អត្ថប្រយោជន៍​​ហួស​ស្មាន

 

​​​​​​​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ Realsimple

អត្ថបទថ្មី