បុរស​ពិការ​ដៃនិង​ខ្វាក់​ភ្នែក ​រួម​ផ្លូវ​ជីវិត​ស្រដៀង​រឿង​ព្រេង​ខ្មែរ

  • 2015-04-20 16:24:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ព្រេង​និទាន​ខ្មែរ "អា​ខ្វាក់​អា​ខ្វិន" មាន​មនុស្ស​តិច​នាក់​ណាស់​ដែល​មិន​ធ្លាប់​ឮ ព្រោះ​ជា​រឿង​ល្បី​រន្ទឺ​មួយ ដែល​ដំណាល​ត​ៗ​គ្នា​ជា​យូរយារ​ណាស់​មក​ហើយ។ នាយ​ខ្វិន​ជិះ​លើ ក ប្រាប់​ផ្លូវ​នាយ​ខ្វាក់ ធ្វើ​ដំណើរ​រួម​សុខ​ទុក្ខ​ជាមួយ​គ្នា រហូត​ចុង​ក្រោយ​មាន​ភ័ព្វវាសនា​បាន​ក្លាយ​ជា​អ្នក​ធំ​រៀងៗ​ខ្លួន។ យ៉ាង​ណា​មិញ ពេល​នេះ​រឿងរ៉ាវ​ស្រដៀង​គ្នា​បាន​កើត​ឡើង​ពិត​នៅ​ប្រទេស​ចិន ខណៈ​បុរស​ពិការ​ដៃ​ម្នាក់ បាន​ដើរ​ផ្លូវ​រួម​គ្នា​ជាមួយ​បុរស​ពិការ​ភ្នែក​ម្នាក់​ទៀត​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

 

 

ជា​រៀងរាល់​ថ្ងៃ លោក Jia Haixia និង​លោក Jia Wenqi បាន​ចេញ​ដំណើរ​ទៅ​ធ្វើការ​រក​ប្រាក់​ចិញ្ចឹម​ជីវិត​ជាមួយ​គ្នា ដោយ​ក្នុង​ដៃ​មាន​កាន់​ញញួរ និង​ដំបង។ ការងារ​ទាំង​នោះ ត្រូវ​ធ្វើ​ឡើង​នៅ​លើ​ផ្ទៃដី ៨​ហិចតា ដែល​ពួក​គេ​បាន​ជួល​ពី​អាជ្ញាធរ​ក្នុង​តំបន់។ ​ដើម្បី​ទៅ​ដល់​កន្លែង​ធ្វើការ​នោះ លោក Wenqi ដែល​ពិការ​ដៃ​ទាំង​សង​ខាង បាន​នាំ​ផ្លូវ​លោក Haixia ដែល​ពិការ​ភ្នែក​កាត់​ព្រៃ​ព្រឹក្សា តាម​រយៈ​ការ​កាន់​ដៃ​អាវ។ នៅ​ពេល​ដល់​ទន្លេ បុរស​ពិការ​ភ្នែក​នោះ ត្រូវ​ជិះ​លើ​ខ្នង​បុរស​ពិការ​ដៃ ដើម្បី​ឆ្លង​ទឹក។

 

 

បុរស​អភ័ព្វ​ទាំង​ពីរ​នាក់​នេះ បាន​ចូល​រៀន​នៅ​សាលា​ជាមួយ​គ្នា តាំង​ពី​វ័យ​កុមារ​ក្នុង​ភូមិ Yeli ភាគ​ឦសាន​ប្រទេស​ចិន។ លោក Wenqi បាន​និយាយ​ថា ពូក​គេ​ទាំង​ពីរ​នាក់​ប្រៀប​ដូច​ជា​បងប្អូន ហើយ​មាន​អាយុ​ចន្លោះ​គ្នា​ត្រឹម​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ ចំណែក​បុរស​ពិការ​ភ្នែក Haixia វិញ​បាន​និយាយ​ថា "ខ្ញុំ​ជា​ដៃ​របស់​គាត់ ហើយ​គាត់​ជា​ភ្នែក​របស់​ខ្ញុំ... យើង​ជា​ដៃ​គូ​ដ៏​ល្អ"។ ​ លោក Jia Haixia បាន​កើត​មក​ដោយ​ពិការ​ភ្នែក​ខាង​ឆ្វេង ហើយ​នៅ​ឆ្នាំ​២០០០ អំឡុង​ពេល​ធ្វើការ​ក្នុង​រោងចក្រ​ភ្នែក​ខាង​ស្ដាំ​របស់​លោក ត្រូវ​ដុំ​ថ្ម​ខ្ទាត​ចូល បណ្ដាល​ឲ្យ​ខ្វាក់​ទាំង​ស្រុង​តែ​ម្ដង។ ចំណែក​លោក Jia Wenqi បាន​ពិការ​ដៃ​ទាំង​គូ តាំង​ពី​អាយុ ៣​ឆ្នាំ ដោយ​សារ​ឆក់​ខ្សែ​ភ្លើង៕

 

 

 

 

 

ចុចអាន៖ នារី​ម្នាក់​សុខចិត្ត​ប្ដូរ​ខ្លួន​ឲ្យ​គេ​ឱប ដើម្បី​យក​ប្រាក់​ព្យាបាល​ជំងឺ​មិត្ត​ប្រុស

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ BBC

អត្ថបទថ្មី