សរុប​កំណត់​ត្រា​ពិភពលោក​ទាំង៧ ដែល​កម្ពុជា​កំពុង​កាន់កាប់

  • 2015-04-20 18:53:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​ឈ្មោះ​ស្ថាប័ន Guinness ច្រើន​ដង​​មក​ហើយ ព្រោះ​ជា​ទូទៅ​រឿង​រ៉ាវ​ប្លែកៗ​នានា​​នៅ​លើ​ពិភពលោក​​ត្រូវ​បាន​កត់ត្រា​ចូល​ទៅ​ក្នុង​បញ្ជី​របស់​ស្ថាប័ន​មួយ​នេះ។ មុន​ពេល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​កំណត់​ត្រា​ពិភព​លោក គេ​ទាមទារ​ឲ្យ​បំពេញ​លក្ខខណ្ឌ​ជា​ច្រើន ​ពិសេស​គឺ​មាន​តែ​មួយ​លើ​លោក ដូច្នេះ​មិន​មែន​ជា​រឿង​ងាយ​ទេ​ក្នុង​ការ​ប៉ុនប៉ង​ជាប់​កំណត់​ត្រា។ ទន្ទឹម​នឹង​នេះ កម្ពុជា​ដែន​ដី​តូច​មែន​ពិត ក៏​បាន​កាន់​កាប់​កំណត់​ត្រា​ពិភពលោក​ចំនួន​៧ ដែរ ហើយ​​កំណត់​ត្រា​ថ្មី​ពីរ​ទើប​ធ្វើ​បាន​កាល​ពី​ពេល​ថ្មីៗ​នេះ។

 

 

 

ខាង​ក្រោម​នេះ ជា​កំណត់ត្រា​ទាំង​៧ របស់​កម្ពុជា ដែល​ចុះ​ទៅ​ក្នុង​បញ្ជី​របស់​ស្ថាប័ន Guinness៖១. រាំ​ចង្វាក់​ម៉ាឌីហ្សុន ដែល​មាន​អ្នក​ចូល​រួម​ច្រើន​បំផុត(អានលម្អិត)

 

កាល​ពី​​ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ២០១៥ កន្លង​ទៅ​ថ្មីៗ​នេះ មនុស្ស​ចំនួន ២០១៥​នាក់ បាន​ចូលរួម​រាំ​ចង្វាក់​ម៉ាឌីហ្សុន​ក្នុង​​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ខេត្ត​សៀមរាប ​បំបែក​កំណត់​ត្រា​ពិភព​លោក​ចាស់​​ដែល​កាន់​កាប់​ដោយ​ប្រទេស​អូស្ត្រាលី​កាល​ពី​ឆ្នាំ​មុន​ក្នុង​ចំនួន​អ្នក​ចូល​រួម ១១៥០​នាក់។

 

២. នំ​អន្សម​ធំ​បំផុត(អាន​លម្អិត)

 

 

នំអន្សម​យក្ស​មាន​ទម្ងន់​ប្រមាណ​ជាង ៤​តោន ក្រោយពី​ចម្អិន​អស់​រយៈ​ពេល ​៤៥​ម៉ោង ត្រូវ​ចៅ​ក្រម​វាយ​តម្លៃ​អន្តរជាតិ​​​​របស់​ស្ថាប័ន Guinness ទទួល​ស្គាល់​ថា​ជា​នំ​អន្សម​ធំ​ជាង​គេ​លើ​លោក​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៥​។ ​នំអន្សម​នេះ ​ត្រូវ​បាន​ចម្អិន​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹម​ត្រូវ ដោយ​ក្រុម​មេ​ចុង​ភៅ​ខ្មែរ ​និង​កូន​កាំបិត​ចំនួន​ ១០​០​នាក់។​

 

នំអន្សម​យក្ស​ ត្រូវ​បាន​វេច​ខ្ចប់​ដោយ​ស្លឹក​ចេក​ទម្ងន់​ ៣៣៣​គីឡូ​ក្រាម និង​ខ្សែ​ចេក​ទម្ងន់​ ៣៧៥ គីឡូក្រាម។ បន្ថែម​ដោយ​គ្រឿង​ផ្សំ អង្ករ​ដំណើប ​១,០០០​គីឡូក្រាម​ ខ្ទិះ​ដូង ​៤៩៩​គីឡូ​ក្រាម​​ អំបិល ១៥​គីឡូ​ក្រាម សណ្ដែក​បាយ​ ៤៩៩​គីឡូក្រាម សាច់​ជ្រូក​បី​ជាន់​ ៥០៧​គីឡូ​ក្រាម​ ស្ករ ​៤​គីឡូ​ក្រាម​ ​ម្រេច​កំពត ​៣​គីឡូ​ក្រាម ខ្ទឹម​ចិញ្ច្រាំ​ ១០​គីឡូក្រាម ​និង​ ស្លឹក​ខ្ទឹម​ចិញ្រ្ចាំ​ ១៦​​គីឡូក្រាម​។​ ​

 

៣. មាន​តួអក្សរ​ច្រើន​បំផុត

 

តួអក្សរ​ខ្មែរ​ដែល​ស្ថាប័ន Guinness​ ទទួល​ស្គាល់​មាន​ទាំង​អស់ ៧៤​តួ (បច្ចុប្បន្ន​មិន​ប្រើ​ទាំង​អស់​ទេ) ច្រើន​លើស​អក្ខរក្រម​​ប្រទេស​ដទៃ​ទៀត​ក្នុង​លោក។

 

៤. ព្រះ​មហាក្សត្រ ដែល​ធ្លាប់​កាន់​តំណែង​ច្រើន​បំផុត

 

ព្រះ​មហា​វីរក្សត្រ ព្រះ​បាទនរោត្តម សីហនុ  ព្រះ​បរម​រតន​កោដ្ឋ ធ្លាប់​កាន់​មុខ​តំណែង​ជា​ច្រើន​ដូច​ជា៖

 

ឆ្នាំ​១៩៤១ ដល់១៩៥៥ ជា​ព្រះមហាក្សត្រ ឆ្នាំ១៩៥៥ ដល់១៩៦៦ ជា​នាយក​រដ្ឋមន្ត្រី ឆ្នាំ១៩៦០ ដល់១៩៧០ ជា​ព្រះ​ប្រមុខ​រដ្ឋ ឆ្នាំ១៩៧០ ជា​ប្រមុខ​រដ្ឋាភិបាល​និរទេស ឆ្នាំ១៩៧៦ ជា​ប្រធានាធិបតី ឆ្នាំ១៩៨២ ដល់១៩៨៨ ជា​ប្រធានាធិបតី​និរទេស​​ ឆ្នាំ១៩៨៩ ដល់១៩៩១ ជា​ប្រមុខ​រដ្ឋាភិបាល​និរទេស ឆ្នាំ១៩៩១ ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់ ឆ្នាំ១៩៩១ ដល់១៩៩៣ ជា​ព្រះ​ប្រមុខរដ្ឋ ឆ្នាំ១៩៩៣ ព្រះ​អង្គ​ទ្រង់​ឡើង​គ្រង​សម្បត្តិ​ជា​លើក​ទី​២ រហូត​ដល់​ដាក់​រាជ្យ​សម្បត្តិ​ក្នុង​ឆ្នាំ​២០០៤

 

 

៥. ទឹក​​​ច្រាល​​ឡើង​លឿន​បំផុត

 

អំឡុង​ពេល​រដូវ​វស្សា ទឹក​ទន្លេ​មេគង្គ​នៃ​ប្រទេស​កម្ពុជា​ជាប់​ព្រំដែន​ឡាវ ​បាន​ច្រាល​ឡើង ២០ដង ដែល​ចាល់​ទឹក​លាត​សន្ធឹង​ដូច​ជា​កូន​សមុទ្រ​តូច​មួយ​ក្នុង​ទំហំ ពី​១០ ទៅ ១៤គីឡូម៉ែត្រ​។ អត្រា​លំហូរ​ទឹក​នៅ​តំបន់​នេះ ស្មើ​នឹង ២​ដង​នៃ​ទឹក​ធ្លាក់ Niagara នៅ​ចន្លោះ​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក។ ក្នុង​មួយ​នាទី ទឹក​ប្រមាណ ១០​លាន​ម៉ែត្រ​គីប​ ហូរ​ខ្លាំង​ដូច​រន្ទះ​ចាក់​ខ្វាត់​ខ្វែង​​តាម​ចន្លោះ​កោះ​នានា។

 

៦. អណ្ដើក​ទឹក​សាប​ដែល​ខ្ជិល​ជាង​គេ​លើ​លោក

 

អណ្ដើក​ទឹក​សាប ដែល​មាន​កំណើត​នៅ​ក្នុង​ទន្លេ​មេគង្គ​នៃ​ប្រទេស​កម្ពុជា (Pelochelys cantorii) បាន​ចំណាយ​ពេល​ ៩៥​ភាគ​រយ​នៃ​ជីវិត​រស់​នៅ​ក្រោម​ខ្សាច់​បាត​ទន្លេ រង់​ចាំ​ចំណី​អាហារ​ទៅ​ជិត​មាត់។ អណ្ដើក​កម្ជិល​នេះ​ឡើង​លើ​ផ្ទៃ​ទឹក​ត្រឹម​តែ ២​ដង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ដើម្បី​ដក​ដង្ហើម។

 

​៧. សំណង់​ឧទ្ទិស​សាសនា​ធំ​បំផុត

 

សំណង់​ទាំង​អស់​នៃ​ប្រជុំ​ប្រាសាទ​អង្គរ​វត្ត ត្រូវ​បាន​សាងសង់​ឡើង​លើ​ផ្ទៃដី ១៦២,៦​ហិចតា ដែល​ជា​សំណង់​ឧទ្ទិស​សាសនា​ធំជាង​គេ​បំផុត​ក្នុង​លោក។ ព្រះ​បាទ​សូរ្យវរ្ម័ន​ទី២ ជា​អ្នក​សាងសង់​ប្រាសាទ​ដ៏​អស្ចារ្យ​នេះ​ឡើង ក្នុង​ឆ្នាំ​១១១៣ ដល់​១១៥០​ ដើម្បី​ឧទ្ទិស​ដល់​អាទិទេព​សាសនា​ហិណ្ឌូ ព្រះ​វិស្ណុ។

 

ចុចអាន៖ ជយោ!នំ​អន្សមយក្ស​​ខ្មែរ​ត្រូវ​បាន​បញ្ចូល​ក្នុង​កំណត់​ត្រា​ពិភពលោក​ Guinness World Records​

 

 

ដោយ៖ គង់ វិសាល ប្រភព៖ Guinness​

អត្ថបទថ្មី