រឿង "បីកន្លះ" បើកភ្លើងខៀវពីក្រសួងវប្បធម៌វិញហើយ
- 2015-04-23 21:35:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង "បីកន្លះ" បើកភ្លើងខៀវពីក្រសួងវប្បធម៌វិញហើយ
ចន្លោះមិនឃើញ
ខ្សែភាពយន្ត ១ ម៉ោង ៣០ នាទី ដែលឆ្លុះបញ្ចាំងអំពីអំពើជួញដូរមនុស្ស និង ការទិញលក់ព្រហ្មចារី នៅក្នុងប្រទេសកម្ពុជា ឥឡូវ ខ្សែភាពយន្ដ "បីកន្លះ" បានបើកភ្លើងខៀវ ពីក្រសួងវប្បធម៌វិញហើយ ក្រោយពីរឿងនេះ បានហាមឃាត់មិនឲ្យបញ្ចាំង។ នេះបើតាមការបញ្ជាក់ពី លោក ឆាយ បូរ៉ា ផលិតករខ្សែភាពយន្ត និង ជាចាងហ្វាង ផលិតកម្ម ដើមត្នោត ប្រាប់ Sabay នៅប៉ុន្មាននាទីមុននេះ។
ការបើកភ្លើងខៀវពីក្រសួងឲ្យចាក់បញ្ចាំងនៅលើទីផ្សារប្រទេសកម្ពុជា គឺក្រោយពីមានការកែតម្រូវពីរឈុត គឺឈុតទី ១ កាត់ចោលត្រង់ឈុតដែលបង្ហាញស្ថានភាពជួញដូរមនុស្សពាសពេញផ្ទៃប្រទេសកម្ពុជា និង ទី ២ ឈុតដេរព្រហ្មចារី គឺកាត់ឲ្យខ្លីជាងមុន។ លោក ឆាយ បូរ៉ា និយាយ។
រឿង "បីកន្លះ" គឺជា ខ្សែភាពយន្តមានរយៈពេល ១ ម៉ោង ៣០ នាទី ដែលផលិតករ ឆាយ បូរ៉ា បានសហការជាមួយផលិតករសិង្ហបុរី ហើយខ្សែភាពយន្ដនេះ ត្រូវបានថតនៅក្នុងរាជធានីភ្នំពេញ លាតត្រដាងពីអំពើជួញដូរមនុស្ស ជាពិសេស គឺការទិញ និង លក់ព្រហ្មចារី នៅក្នុងប្រទេសកម្ពុជា។ផលិតករខាងលើបាននិយាយទៀតថា ខ្សែភាពយន្តនេះ គឺជា ប្រភេទរឿងសម័យបែបមនោសញ្ចេតនា។
នៅពេលចោទសួរថា នៅពេលកែពីរឈុតខាងលើ តើនឹងប៉ះពាល់ដល់សាច់រឿងទាំងមូលដែរទេ? លោក ឆាយ បូរ៉ា បានឆ្លើយតបថា គឺមិនប៉ះពាល់នោះទេ ផ្ទុយទៅវិញនឹងមានការគាំទ្រកាន់តែខ្លាំងពីទស្សនិកជន។
ខ្សែភាពយន្ត "បីកន្លះ" ធ្លាប់ចាក់បញ្ចាំង ៥ ដងរួចមកហើយ នៅប្រទេសសិង្ហបុរី ហើយទស្សនិកជនមានការគាំទ្រខ្លាំង ប៉ុន្ដែ រឿងនេះ បានហាមក្មេងអាយុ ១៣ ឆ្នាំ មិនឲ្យចូលទស្សនានោះទេ។ ចំពោះការត្រៀមចាក់បញ្ចាំងក្នុងប្រទេសកម្ពុជា នៅមិនទាន់ដឹងថា នឹងហាមឃាត់ដូចនៅប្រទេសសិង្ហបុរី ឬ យ៉ាងណា ព្រោះនៅក្នុងលិខិតអនុញ្ញាតរបស់ក្រសួងមិនបានហាមឃាត់ពីអាយុអ្នកចូលទស្សនា។
“យ៉ាងណាខ្ញុំនឹងពិភាក្សាជាមួយរោងកុនបន្ថែមទៀតតើនឹងហាមឃាត់ក្មេងចូលទស្សនាឬយ៉ាងណា បើទោះក្រសួងមិនបានកំណត់ក៏ដោយ ប៉ុន្ដែ រឿងនេះឆ្លុះបញ្ចាំងពីសង្គម"។ លោក បូរ៉ា និយាយ។
ក្រោយពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ អនុញ្ញាតឲ្យ ខ្សែភាពយន្ត បីកន្លះ អាចបញ្ចាំងតាមរោងកុនហើយនោះ លោក ឆាយ បូរ៉ា បានប្រាប់ថា រឿងនេះ នឹងត្រៀមចាក់បញ្ចាំងនៅតាមរោងកុនធំៗក្នុងរាជធានីក្នុងអំឡុង ខែ ឧសភា ឬ ខែ មិថុនា ខាងមុខនេះ។ បន្ទាប់មកនឹងពិចារណាយកចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ព្រោះថា រឿងនេះ គឺជា ប្រភេទអប់រំ ហើយរំពឹងថា អ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍អាចនឹងមានច្រើនជាងរោងកុន។
លិខិតពីក្រសួងវប្បធម៌បើកភ្លើងខៀវឲ្យរឿងបីកន្លះ ចាក់បញ្ចាំង
Sabay បានព្យាយាមទាក់ទង លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ដ និង ផ្សព្វផ្សាយរបស់ក្រសួងវប្បធម៌ ដើម្បីសុំការបញ្ជាក់ជុំវិញបញ្ហានេះ ប៉ុន្ដែ ទូរសព្ទមិនអាចហៅចូលបាននោះទេ គិតត្រឹមរសៀល ថ្ងៃនេះ។
គេនៅចាំបានថា គណៈកម្មការត្រួតពិនិត្យភាពយន្តរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ មិនយល់ស្របនឹងឈុតឆាកមួយចំនួននៅក្នុងរឿង "បីកន្លះ (៣.៥០)" ដោយក្រុមគណៈកម្មការយល់ថា ឈុតទាំងនោះបង្ហាញភាពអវិជ្ជមានចំពោះសង្គមកម្ពុជា។ ដូច្នេះ ពួកគេបានស្នើឲ្យផលិតករកាត់ឈុតឆាកទាំងនោះចេញ មុននឹងពួកគេអាចផ្តល់អាជ្ញាប័ណ្ណឲ្យចាក់បញ្ចាំងរឿងនេះបាន៕
សូមចុចអាន៖ ក្រឡអីហ្នឹងវគ្គ ២ រំពឹងរកចំណូលលើសវគ្គ ១
សូមចុចអាន៖ តារាភាពយន្តខ្មែរស៊ីថ្លៃខ្លួនខ្ពស់ជាងគេក្នុងឆ្នាំ២០១៥
សូមចុចអាន៖ រឿង “កំណប់ឪខ្ញុំ” ផ្ដើមបញ្ចាំង ៦ រោងភាពយន្ត
អត្ថបទ៖ ប៊ិន ប៊ុណ្ណា
ប្រភពលិខិត៖ ផលិតកម្ម ដើមត្នោត Palm Film