ក្រូចថា​មិនសូវជោគជ័យ តែ​មេសាន់ដេថា ​ទទួល​ការ​ពេញ​និយម​ខ្លាំង​

  • 2015-04-28 16:04:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយ ក្រូច បាន​បញ្ជាក់​ថា ចម្រៀង​របស់​នាយ​ក្នុង​ផលិតកម្ម​សាន់ដេ​ហាក់​មិន​សូវ​ល្បី​ដូច​ការ​រំពឹង​ទុក ព្រោះ​តែ​មាន​ការ​ប្រកួតប្រជែង​ពី​អ្នក​រួម​អាជីព​ច្រើន​ពេក។

 

 

“ធ្វើ​ម៉េច? បើ​អ្នក​កំប្លែង​ទាំង​ចាស់ ទាំង​ក្មេង​សុទ្ធសឹងតែ​ចេញ​បទ​ចម្រៀង​អស់​ហើយ ដល់​អញ្ចឹង​ទៅ​​មិន​ដឹង​ស្ដាប់​ខាង​ណា ចោល​ខាង​ណា​ទេ!”។ តារា​កំប្លែង​រូប​នេះ​បញ្ជាក់​មក​កាន់​Sabay។ នាយ​បន្ត​ថា ​អារម្មណ៍​របស់​នាយ​បែប​នេះ ចំពោះ​បទ​ចម្រៀង​របស់​ខ្លួន​ប៉ុណ្ណោះ មិន​បាន​សំដៅលើ​បទ​ចម្រៀង​ផ្សេង​ទៀត​នៅ​ក្នុង​ផលិតកម្ម​នោះ​ទេ។ ព្រោះ​បទ​ចម្រៀង​​មួយ​ចំនួន​មាន​មហាជន​ជា​ច្រើន​គាំទ្រ ធ្វើ​អាល់ប៊ុម​ចូលឆ្នាំ​របស់​ផលិតកម្ម​ខាង​លើ​លក់​ដាច់​មិន​ស្ទើរ​ឡើយ។

 

តារា​កំប្លែង​មាន​ប្រភព​មក​ខេត្ត​កំពង់​ស្ពឺ​ខាង​លើ​ឱ្យ​ដឹង​ទៀត​ថា គ្រប់​យ៉ាង​គ្រាន់​តែ​ជា​ការ​សន្និដ្ឋាន​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ មិន​ដែល​ទទួល​មតិយោបល់​យ៉ាង​ណា​ពី​មហាជន​នោះ​ទេ។ នាយ​បន្ត​ថា៖" វា​គ្រាន់​តែ​ស្ដាប់​ទៅ​ដូច​ជា វ៉ល់ៗ​ម៉េច​មិន​ដឹង​ទេ នេះ​បើ​តាម​ការ​គិត​ទេ​ណាស៎!”។ ម្ចាស់​វង់តន្ត្រី​សម័យ​ដដែល​អះអាង​ថា ចម្រៀង​ហាក់​ដូច​ជា​ពិបាក​ស្វែង​រក​ភាព​ល្បីល្បាញ​ជាង​កំប្លែង​ទៅ​ទៀត។

 

 

ប៉ុន្តែ​ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា មិន​ទាន់​អស់​សង្ឃឹម​នោះ​ទេ ត្រូវ​រង់ចាំ​មើល​លទ្ធផល​បទ​ចម្រៀង​បន្តបន្ទាប់​ទៀត​សិន។ បើ​តាម​ព័ត៌មាន​ទទួល​បាន ផលិតកម្ម​សាន់ដេ នឹង​រៀប​ចំ​ចម្រៀង​១​អាល់ប៊ុម​ទៀត​សម្រាប់​នាយ ដើម្បី​បំបែក​ទីផ្សារ។ ក្នុង​នោះ​តារា​កំប្លែង​ប្រចាំ​CTN​រូប​នេះ​ក៏​មាន​​ចង្វាក់​ប្រពៃណី​បែប​កំប្លែង​ផង​ដែរ។

 

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក ឡាយ សុខចំរើន អ្នក​ចាត់ការ​ទូទៅ​វ័យ​ក្មេង​ក្នុង​ផលិតកម្ម​អះអាង​ផ្ទុយ​ពី​សាមី​ខ្លួន​ថា បទ​ចម្រៀង​របស់​នាយ ក្រូច បាន​ទទួល​ការ​ពេញ​និយម​ខ្លាំង​ទៅ​វិញ។ តួ​លេខ​នេះ​ផលិតកម្ម​បាន​ទទួល​ពី​ប្រធាន​គ្រប់គ្រង​ទីផ្សារ។ អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ បាន​បញ្ជាក់​ថា ផលិតកម្ម​មិន​ដែលមាន​តារា​កំប្លែង​មក​ច្រៀង​ពី​មុន​មក​ទេ ដែល​កត្តា​នេះ​ជំរុញ​ឱ្យ​អ្នក​ស្ដាប់​ចង់​ដឹង​យ៉ាង​ខ្លាំង ធ្វើ​ឱ្យបទ​ចម្រៀង​លក់​ដាច់​ច្រើន។

 

លោក​អះអាង​ថា សាន់ដេ​កំពុង​រៀបចំ​ចម្រៀង​ទាក់ទង​ទៅ​នឹង​​រដូវ​ភ្លៀង​១​អាល់ប៊ុម​ទៀត សម្រាប់​ក្រុម​នាយ ក្រូច ហើយ​តម្រូវ​ចិត្ត​កសិករ ដែល​ជា​បទ​ភ្លេង​ថ្មី​សុទ្ធសាធ៕

 

អាន​អត្ថបទ៖ ហៃ ដារ៉ូ ភ្ជាប់​ពាក្យ​ជាមួយ​គូ​ដណ្ដឹង​ដែល​មាន​ប្រវត្តិ​កម្សត់​កម្រ

អាន​អត្ថបទ៖ ​មួយ​បទ​របស់​ ខេម ធ្វើឲ្យ​តារា​ ៥ ​រូប ​ស្ម័គ្រចិត្ត​កោរសក់

 

 

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី