ការ​ពិត!...តួ​ឯក​ស្រី​រឿង "៣​កន្លះ" ជា​តំណាង​រាស្ត្រ​នៅ​សិង្ហបុរី

  • 2015-04-28 20:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​ឯក​ស្រី​ក្នុង​រឿង "៣​កន្លះ" ជា​បុគ្គល​នយោបាយ​សំខាន់​មួយ​រូប​ក្នុង​ប្រទេស​សិង្ហបុរី ដែល​ជា​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ទៀត​ផង និង ​កំពុង​បំពេញ​ការងារ​បម្រើ​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ។ នេះ​បើ​តាម​ លោក ឆាយ បូរ៉ា ផលិតករ​ភាពយន្ត​ខាង​លើ​ ប្រាប់​ឲ្យ​ដឹង។

 

 

លោក​បន្ដថា អ្នក​នាង Uenice Olsen Willson ជា​ស្ត្រី​ម្នាក់​ ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ច្រើន មុន​ពេល​ប្រឡូក​ក្នុង​ឆាក​នយោបាយ និង ​ក្លាយ​ខ្លួន​ជា​តំណាង​រាស្ត្រ​តាម​រយៈ​ការ​បោះឆ្នោត ដោយ​ធ្លាប់​បាន​ថត​រឿង​បែប​អប់រំ​មួយ​ចំនួន​ផង​ដែរ ហើយ​ទទួល​បាន​ការ​គាំទ្រ​ពេញ​ផ្ទៃ​ប្រទេស។

 

“ខ្ញុំ​យល់​ថា គាត់​ជា​មនុស្ស​មាន​ទេពកោសល្យ​ម្នាក់ ក្នុង​ការ​សម្ដែង​ភាពយន្ត និង​ មាន​ឆន្ទៈ​លើក​ស្ទួយ​ស្ត្រី"។ ប្រជាពលរដ្ឋ​នៅ​ទីនោះ មាន​ការ​គាំទ្រ​ចំពោះ​ការ​សម្ដែង​របស់​នាង ដោយ​មិន​បាន​ប្រកាន់​លើ​និន្នាការ​នយោបាយ​នោះ​ទេ ប៉ុន្តែ ​ផ្ដល់​តម្លៃ​លើ​ទេព​កោសល្យ ជា​ហេតុ​ធ្វើ​ឲ្យ​រឿង "៣​កន្លះ" មាន​ការ​គាំទ្រ​នៅ​ទីនោះ។

 

ទោះ​បី​ជា​មាន​ការ​មមាញឹក ក្នុង​ការ​ងារ​រដ្ឋ​យ៉ាង​ណា​ក្ដី តែ​ស្ត្រី​រូប​នេះ​ក៏​បាន​ចំណាយ​ពេល ដើម្បី​សម្ដែង​ភាពយន្ត​ ហើយ​​នេះ​ ក៏ជា​​ផ្នែក​មួយ​នៃ​​ការ​ស្វែង​រក​ការ​គាំទ្រ​ពី​​ស្ត្រី​ផងដែរ។ ក្រៅ​ពី​នេះ​ តំណែង​តួ​ឯក អតីត​បវរកញ្ញា​ប្រចាំ​ប្រទេស​ខាង​លើ ក៏​ធ្លាប់​បាន​ចូលរួម​ក្នុង​សកម្មភាព​មនុស្ស​ធម៌​ច្រើន​នៅ​កម្ពុជា។

 

 

 

លោក​បន្ត​ថា រឿង "៣.៥០" មាន​ការ​គាំទ្រ​នៅ​ប្រទេស​សិង្ហបុរី សូម្បី​តារា​សម្ដែង​ហូលីវូដ​ល្បី​ល្បាញ​នាង Angelina Jolie ក៏​បាន​ចូលរួម​ទស្សនា​រឿង​នេះ នៅ​ក្នុង​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​មួយ​របស់​ពិភព​លោក​នា​ទីក្រុង​ឡុងដ៍​កាល​ឆ្នាំ​ទៅ ព្រោះ​នាង​ក៏​ជា​មនុស្ស​ម្នាក់​ដែល​ខ្វល់ខ្វាយ​លើ​បញ្ហា​ស្ត្រី​ដូច​គ្នា​ដែរ។

 

លោក​បាន​បន្ត​ថា រឿង"៣​កន្លះ" មាន​ការ​អប់រំ​ជា​រួម​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួញ​ដូរ​មនុស្ស មិន​បាន​សំដៅ​លើ​កម្ពុជា​នោះ​ទេ គ្រាន់​តែ​ថត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ។ តាម​រយៈ​ទូរទស្សន៍ CNN កន្លង​ទៅ​នេះ រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក មិន​បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​ការ​ជួញ​ដូរ​មនុស្ស​នោះ​ទេ គឺ​មាន​តែ​ប្រទេស​ ៤​ប៉ុណ្ណោះ ​រួម​មាន ថៃ ម៉ាឡេស៊ី ហ្ស៊ីមបាវ៉េ និង​ វេណេហ្ស៊ុយអេឡា។

 

ទី​បំផុត​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​របស់​ លោក ស៊ិន ច័ន្ទសាយ៉ា ទើប​បាន​ផ្ដល់​ទិដ្ឋាការ​អនុញ្ញាត​ឱ្យ​ចាក់​បញ្ចាំង​រឿង "៣កន្លះ" នៅ​ប្រទេស​កម្ពុជា​អំឡុង​ពាក់កណ្ដាល​ខែ​មេសា​នេះ​ ក្រោយ​ជាប់​គាំង​ជាង​១​ឆ្នាំ។ លោក ឆាយ បូរ៉ា បញ្ជាក់​មក​កាន់​ Sabay ​ថា កំពុង​ចរចា​ជាមួយ​រោងភាពយន្ត​នានា ដើម្បី​រក​ពេល​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​ភាពយន្ត​នេះ៕

 

អាន​អត្ថបទ៖ រឿង​ “បីកន្លះ” បើក​ភ្លើង​ខៀវ​ពី​ក្រសួង​វប្បធម៌​វិញ​ហើយ

អាន​អត្ថបទ៖ ក្រូចថា​មិនសូវជោគជ័យ តែ​មេសាន់ដេថា ​ទទួល​ការ​ពេញ​និយម​ខ្លាំង​

 

 

អ្នកនាង Uenice Olsen Willson នៅ​កម្ពុជា

អ្នកនាង Uenice Olsen Willson ជាមួយ​កុមារ​កម្ពុជា

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទពេញនិយម