CTN បើកសន្និសីទភាពយន្តតារាខ្មែរប៉ះតារាហ្វីលីពីនលើកដំបូង
- 2015-05-02 23:02:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
CTN បើកសន្និសីទភាពយន្តតារាខ្មែរប៉ះតារាហ្វីលីពីនលើកដំបូង
ចន្លោះមិនឃើញ
ស្ថានីយទូរទស្សន៍ CTN រសៀលថ្ងៃនេះបានធ្វើសន្និសីទត្រៀមដាក់បញ្ចាំងជូននូវខ្សែភាពយន្តខ្នាតធំមួយរឿងដែលចូលរួមសម្ដែងដោយតារាល្បីៗខ្មែរ និងតារាល្បីៗប្រទេសហ្វីលីពីន ដែលជាការជួបគ្នាលើកដំបូង។
ភាពយន្តនោះ មានចំណងជើងថា "សង្គ្រាមបងប្អូន" ដែលតារាល្បីៗខ្មែរយើងមាន លោក ទេព រិនដារ៉ូ ថន ស្រីណៃ និងលោក ខាត់ វៃហាំង។ ដោយឡែកតារាល្បីៗរបស់ប្រទេសហ្វីលីពីនវិញមាន លោក Mikael Deaz និងកញ្ញា Andrea Torres។
លោក Bernard Anthony ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន CBS បានមានប្រសាសន៍ថា នេះជាលើកទី១ដែលតារាខ្មែរ និងតារាហ្វីលីពីនបានជួបសម្ដែងក្នុងខ្សែភាពយន្តជាមួយគ្នា ហើយថាលោកមានក្ដីសោមនស្សណាស់ដែលមានចំណែកផលិតចេញនូវខ្សែភាពយន្តនេះឡើង ដែលនេះ គឺជាបេសកកម្មមួយរបស់ CTN ដែលតែងតែរិះរកអ្វីដែលថ្មីមកផ្ដល់ជូនទស្សនិកជន។
តាមបេសកកម្មខាងលើនេះ អ្នកគ្រប់គ្រងរូបនេះបន្តថា កន្លងមក CTN បានផ្ដួចផ្ដើមឲ្យតារាខ្មែរ ជួបសម្ដែងជាមួយតារាសិង្ហបុរី និងពេលនេះ ជាមួយតារាហ្វីលីពីន ហើយថាអ្វីៗនឹងមិនចប់ត្រឹមនេះទេ ក្នុងនោះលោកលើកឡើងថា នឹងរិះរកអ្វីថ្មីៗប្លែកៗទៀតនាពេលខាងមុខមកជូនទូរទស្សនិកជន។
ភាពយន្ត "សង្គ្រាមបងប្អូន" កើតឡើងក្រោមកិច្ចសហប្រតិបត្តិរួមគ្នារវាង៣ភាគី ក្នុងនោះមាន ស្ថានីយទូរទស្សន៍ CTN ស្ថានីយទូរទស្សន៍ GMA របស់ហ្វីលីពីន និងផលិតកម្ម ភូមិពេជ្រភាពយន្ត។ លោក ដើង ពុទ្ធពណ៌ ចាងហ្វាងផលិតកម្មភូមិពេជ្រភាពយន្ត បានមានប្រសាសន៍ថា លោកក៏មានមោទនភាពដូចគ្នាចំពោះសមិទ្ធផល "សង្គ្រាមបងប្អូន"។
(រាប់ពីឆ្វេង) ទេព រិនដារ៉ូ Andrea Torres តារាហ្វីលីពីន និង ខាត់ វៃហាំង ក្នុងសន្និសីទសារព័ត៌មានព្រឹកមិញ
លោកបន្តថាដោយសង្ឃឹមថា ខ្សែភាពយន្តនេះ នឹងទទួលបានការគាំទ្រពីទស្សនិកជន នឹងជាឱកាសមួយដែលអាចនាំឲ្យភាពយន្តខ្មែរ និងសិល្បករខ្មែរមានឱកាសកាន់តែច្រើនទៅកាន់ទីផ្សារអន្តរជាតិ។
"សង្គ្រាមបងប្អូន" បានចំណាយពេលផលិតអស់ប្រមាណកន្លះឆ្នាំទើបបញ្ចប់ជាស្ថាពរ ក្នុងនោះទីតាំងថតមានទាំងនៅកម្ពុជា និងហ្វីលីពីន។ ប្រសិនបើមិនមានអ្វីផ្លាស់ប្ដូរទេ ខ្សែភាពយន្តទី១ដែលតារាខ្មែរបានជួបសម្ដែងជាមួយតារាហ្វីលីពីននេះ នឹងអាចដាក់បញ្ចាំងជូនទស្សនិកជនកម្ពុជាបានទស្សនាក្នុងរង្វង់សប្ដាហ៍ទី២នៃខែសីហាខាងមុខ មុនបន្តទៅបញ្ចាំងនៅហ្វីលីពីន។
យល់ស្របនឹងប្រសាសន៍លោក ដើង ពុទ្ធពណ៌ ប្រធាននាយកដ្ឋានភាពយន្ត ស៊ិន ច័ន្ទសាយ៉ា ថ្លែងថា តាមរយៈកិច្ចសហការរវាងភាគីទាំង៣នេះ នឹងធ្វើឲ្យកម្ពុជា ទទួលបានផលចំណេញជាច្រើន។ លោកលើកឡើងថា ផលចំណេញទី១ បង្កើតឱកាសការងារ និងប្រាក់កម្រៃដល់បងប្អូនសិល្បករខ្មែរយើង ទី២ជួយពួកគេឲ្យទទួលបានការដកស្រង់បទពិសោធន៍ និងទី៣ជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរទៅកាន់អន្តរជាតិ និងផលប្រយោជន៍សំខាន់មួយទៀត ជួយទាក់ទាញទេសចរណ៍។
ថន ស្រីណៃតារាខ្មែរ និងតារាហ្វីលីពីន Mikael Deaz
“នេះជាអ្វីដែលរាជរដ្ឋាភិបាលចង់បានជាយូរមកហើយ រដ្ឋាភិបាលតែងចង់បានឱកាសបែបនេះ កាន់តែច្រើន គឺកាន់តែល្អ ដូចបាននិយាយពីខាងលើ អីចឹងហើយតាងនាមក្រសួងវប្បធម៌ ខ្ញុំសូមគាំទ្រអស់ពីចិត្ត និងសង្ឃឹមថារឿងនេះ នឹងទទួលបានជោគជ័យទាំងទីផ្សារជាតិ និងអន្តរជាតិ"។ លោក ស៊ិន ច័ន្ទសាយ៉ា បន្ថែម។
វិលមកតារាសម្ដែងខ្មែរវិញ សិល្បករជើងចាស់ ទេព រិនដារ៉ូ ថ្លែងថា ថ្វីត្បិតមិនមែនជាបទពិសោធន៍ទី១សម្រាប់ការសម្ដែងជាតារាបរទេស ប៉ុន្តែលោកអះអាងថា លោកមានក្ដីសោមនស្សរីករាយណាស់។ លោក បន្តថា ថ្វីបើនិយាយភាសាខុសគ្នាដែលធ្វើឲ្យមានការលំបាកតិចតួច ប៉ុន្តែតារាខ្មែរយើង និងហ្វីលីពីនសហការគ្នាបានល្អ ស្របនឹងអ្នកដឹកនាំគ្រប់ផ្នែកមានបទពិសោធន៍ និងជំនាញច្បាស់ទៀត លោក សង្ឃឹមថា "សង្គ្រាមបងប្អូន" នឹងទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន៕
អត្ថបទ៖ ទារិកា