សុនខ​ញី​មួយ​ក្បាល​ក្លាយ​ជា​អ្នក​ជួយ​សង្គ្រោះ​ទារិកា​ពី​សំរាម

  • 2015-05-05 21:58:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុនខ​ញី​មួយ​ក្បាល​បាន​ក្លាយ​ជា​វីរនារី​ជួយ​សង្គ្រោះ​ទារិកា ដែល​ម្ដាយ​​បោះ​បង់​ចោល​ជិត​ធុង​សំរាម​នៅ​បុរី​ផ្ទះ​ល្វែង​មួយ ក្នុង​ស្រុក Muang ខេត្ត Chon Buri ប្រទេស​ថៃ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សាក្សី និង​ចុះ​ផ្សាយ​លើ​សារព័ត៌មាន Bangkok Post កាល​ពី​ព្រឹក​មិញ។

 

សុនខ​ញី Nom Sod

 

សកម្មភាព​សុនខ​ជួយ​ទារិកា​នេះ បាន​កើត​ឡើង​នៅ​មុខ​ផ្ទះ​មួយ​ល្វែង​នៃ​បុរី Pattana Villa។ លោក Noi Phongsakorn ដែល​ជា​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក បាន​រៀបរាប់​ថា កាល​ពី​យប់​ថ្ងៃ​អាទិត្យ លោក​បាន​ឃើញ​សុនខ​អនាថា​ជា​ច្រើន​ក្បាល​ខាំ​គ្នា​ដណ្ដើម​របស់​អ្វី​ម្យ៉ាង​ដូច​ជា​កូន​ក្រមុំ​ជ័រ នៅ​ជិត​ធុង​សំរាម​មុខ​បុរី​នៅ​តាម​ផ្លូវ​ទៅ​ផ្សារ។

 

​​​បុរស​ចំណាស់​វ័យ ៦៣​ឆ្នាំ​បាន​និយាយ​ថា “ដំបូង​ខ្ញុំ​ស្មាន​តែ​ពួក​វា​ខាំ​គ្នា​ដណ្ដើម​​​កូន​ក្រមុំ​ជ័រ... តែ​ដល់​ពេល​ឮ​សំឡេង​ក្មេង​យំ ទើប​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង... នោះ​គឺ​ជា​ទារិកា​ម្នាក់”។ លោក​បាន​បន្ត​ទៀត​ថា ឆ្កែ​ញី​អនាថា​ដែល​អ្នក​ស្រុក​ហៅ​ឈ្មោះ Nom Sod (មាន​ន័យ​ថា​ទឹក​ដោះ​គោ​ស្រស់) បាន​ព្យាយាម​ជួយ​សង្គ្រោះ​ទារិកា​ពី​ឆ្កែ​ច្រើន​​ក្បាល​ទៀត​ដែល​កំពុង​ខាំ​ជាមួយ។

 

ឆ្កែ​ញី​បាន​ខាំ​ពាំ​ទារិកា​កម្សត់ ចេញ​ទៅ​ចម្ងាយ​ប្រហែល ១០​ម៉ែត្រ ដើម្បី​គេច​ចេញ​ពី​​ចង្កូម​​ឆ្កែ​ផ្សេង​ទៀត។ ឃើញ​ដូច​នេះ លោក Noi បាន​ផ្ដល់​ព័ត៌មាន​ទៅ​ឲ្យ​មូលនិធិ​ជួយ​សង្គ្រោះ ដើម្បី​ជួយ​ទារិកា​ដែល​មាន​ស្នាម​ចង្កូម​ជា​ច្រើន​កន្លែង។

 

មន្ត្រី​ប៉ូលិស​ខេត្ត​ឈុនបុរី បាន​និយាយ​ថា នៅ​ក្នុង​វីដេអូ​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ពី​នារី​ម្នាក់​ដែល​អាច​ជា​ម្ដាយ​ទារិកា នៅ​ជិត​តំបន់​ដែល​លោក Noi ប្រទះ​ឃើញ​ទារិកា​ត្រូវ​ឆ្កែ​ញី​ជួយ​សង្គ្រោះ​នោះ។

 

រឿងរ៉ាវ​នេះ បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​ក្នុង​ប្រទេស​ថៃ។ ម្នាក់​ក្នុង​ចំណោម​នោះ បាន​សរសេរ​ថា "ពិត​ជា​គួរ​ឲ្យ​ខ្មាស​អៀន​ណាស់ ឪពុក​ម្ដាយ​មិន​ទទួល​ខុស​ត្រូវ​បោះ​បង់​កូន​ខ្លួន​ឯង​ចោល... ឯ​ឆ្កែ​បែរ​ជា​ព្យាយាម​ជួយ​សង្គ្រោះ"៕ ​​

 

ចុចអាន៖ ឆ្កែ​ស្មោះ​ស្ម័គ្រ​ទទួល​ទោស​ជាមួយ​ម្ចាស់​ដែល​ប្រើ​គ្រឿង​ញៀន

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ bangkokpost