ចំណុច​ស្នូល៦​យ៉ាង​នាំ​ឱ្យ​យុវជន​ខ្មែរមាន​គំនិត​ចង់​បង្កើត​របរ​ផ្ទាល់​ខ្លួន

  • 2015-05-07 17:26:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គំនិត​សហគ្រិនភាព ក្នុង​ចំណោម​យុវជន​ខ្មែរ នា​ពេល​បច្ចុប្បន្ន កំពុង​មាន​ការ​កើន​ឡើង ​ ជា​ពិសេស អំឡុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤​។ យើង​អាច​កត់​សំគាល់ ពី​គំនិត​ច្នៃ​ប្រឌិត​ទាំង​នោះ តាម​រយៈ​ការ​បង្កើត របរ​លក់​បាយ និង​ការ​ហ្វេ​ចល័ត ការ​បើក​ហាង​ទំនិញ​២៥០០​រៀល និង​ហាង​លក់​ភេសជ្ជៈ​រួម​គ្នា​ជា​ដើម​។ តើ​អ្វី​ជា​អាថ៌​កំបាំង​ស្ថិត​នៅ​ពី​ក្រោយ​គំនិត​សហគ្រិន​ភាព​របស់​យុវជន​ ខ្មែរ។ កញ្ញា   តាក់ ពិសិដ្ឋ​រដ្ឋលីដា ប្រធាន​ក្រុមហ៊ុន We Are (VR)Trading Co.ltd បាន​មើល​ឃើញ​ចំណុច​សំខាន់​ៗ​ចំនួន ៦ ចំណុច​ដូចខាង​ក្រោម​៖ ​

-ការ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត ៖​ យុវជន​បច្ចុប្បន្ន ជឿ​ថា​ទោះ​កើត ក្នុង​ត្រកូល​អ្នក​មាន​ឬ​អ្នក​ក្រ ក៏​អាច​មាន​ឱកាស​ដូច​ៗ​គ្នា​។ យុវជន​ឲ្យ​តម្លៃ​ទៅ​លើ​ការ​ពង្រីក​គំនិត និង​ការ​បង្កើត​ឱកាស​ដល់​ខ្លួន​ឯង។

 

-ការ​ចេះ​មើល​ឱកាស​៖ យុវវ័យ ដែល​ប្រកប​របរ​ទាំង​អស់​នោះ មិន​មែន​ពួក​គេ​ចេះ​តែ​នឹក​ឃើញ ហើយ​ក៏​បើក​នោះ​ទេ​។ ពួក​គេ​យ៉ាង​ហោច​ណាស់​ក៏​បាន​សិក្សា​អំពី​របៀប​បោះ​ទុន និង​ការ​គិត​គូរ​ពី​លំហូរ​ដើម​ទុន ដែល​ដាក់ និង​ប្រាក់​ចំណេញ​ដើម្បី​បង្វិល​។

 

 

 

-មាន​ចំណេះ​ដឹង​ខ្ពស់៖ អ្នក​មាន​គំនិត​បើក​អាជីវកម្ម​ភាគ​ច្រើន បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ។ មាន​ចំណេះ​ដឹង​ពេញ​ខ្លួន មិន​មែន​ជា​មនុស្ស ដែល​គ្មាន​ឱកាស​រៀន​សូត្រ​ដូច​មុន​ទេ​។ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​នៅ​តែ​ចង់​បើក​របរ​ផ្ទាល់​ខ្លួន​? ចម្លើយ​ក៏​ព្រោះ​តែ ការ​មាន​គំនិត​អាជីវកម្ម​។

 

-ចង់​សាក​អ្វី​ដែល​ថ្មី​៖ មាន​ន័យ​ថា​អ្នក​ទាំង​នោះ ធ្លាប់​តែ​ធ្វើ​ជា​កូន​សិស្ស និង​សិក្សា​តែ​ទ្រឹស្ដី Business នៅ​សាលា ហើយ​ក៏​បាន​ឃើញ​ពី​ទ្រឹស្ដី​អ្នក​ជោគជ័យ​ល្បី​ៗ​ដូច​ជា Bill Gates ។ ដូច្នេះ​អ្នក​ទាំង​នោះ​មាន​គំនិត​ចង់​ធ្វើ​តាម។ អ្នក​ខ្លះ​ទៀត​អាច​អត់​ចង់​ធ្វើ​ការងារ​ឲ្យ​គេ ព្រោះ​ជឿ​លើ​គំនិត​ច្នៃ​ប្រឌិត​ផ្ទាល់​ខ្លួន​។ បើ​ទោះ​ជា​បរាជ័យ យុវជន​ក៏​អាច​ដឹង​ពី​ចន្លោះ​ប្រហោង ដែល​ខ្វះខាត​លើក​ទី​មួយ ហើយ​គំនិត​ភាព​ជា​សហគ្រិន​នេះ​នឹង​មិន​រលាយ​បាត់​នោះ​ទេ។

 

-ប្លែក​មាន​លក្ខណៈ​ច្នៃ​ប្រឌិត​៖ ​យុវជន​ចេះ​ឈ្មុស​ឈ្មុល​រក​អ្វី​ដែល​ថ្មី មិន​ធ្វើ​តាម​គ្នា​ មាន​ការ​ព្យាយាម​មិន​ប្រកាន់​ខ្លួន មាន​ភាព​ក្លាហាន និង​ហ៊ាន​ប្រឈម​មុខ​នឹង​ដៃ​គូ ដោយ​បើក​ចំហ។​

 

 

-ចង់​បង្កើន​ប្រាក់​ចំណូល​៖ យុវវ័យ​មាន​គំនិត​ចង់​បង្កើន​ប្រាក់​ចំណូល​ផ្ទាល់​ខ្លួន​ឲ្យ​បាន​ច្រើន ជា​ជាង​ធ្វើ ការងារ​ឲ្យ​គេ​តែ​មួយ​មុខ ពិសេស​ចង់​យក​បទ​ពិសោធន៍ និង​ចំណេះ​ដឹង​សាលា​មក​អនុវត្ត​។ ម្យ៉ាង​យុវជន​មាន​ទស្សនៈ​ចង់​ពង្រីក​ការងារ​ឲ្យ​កូន​ខ្មែរ​ដទៃ​ទៀត​។ អ្នក​ទាំង​នោះ​យល់​ថា ជា​ការ​ល្អ ដែល​យើង​ជា​ម្ចាស់​ប្រទេស​ក្លាយ​ជា​សហគ្រិន​ដោយ​ខ្លួន​ឯង៕

 

អានអត្ថបទ៖ CEO ​ស្រស់​​ស្អាត​​៦ រូប​​នៅ​ភ្នំពេញ​​មាន​​ទាំង​សម្រស់​ និង​សមត្ថភាព​ខ្ពស់​​

​អត្ថបទ៖មៃ សុខលីម