ដឹង​ថា ស្រី​នៀត ទទួល​បាន​ទឹក​ប្រាក់​ប៉ុន្មាន ក្រោយ​ឈ្នះ​ជយលាភី​ប្រជាប្រិយ​ពី Miss Grand International?

  • 2014-10-10 18:11:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ប្រិយមិត្ត​បាន​ជ្រាប​ស្រាប់​ហើយ កញ្ញា នូ ទឹម​ស្រី​នៀត ទើប​ឈ្នះ​ជយលាភី​ផ្នែក​ប្រជាប្រិយ (Miss Popular Vote Award) ក្នុង​កម្មវិធី Miss Grand International ពី​ប្រទេស​ថៃ ដោយ​ទទួល​បាន​ពានរង្វាន់​មួយ រួម​ជាមួយ​ប្រាក់​រង្វាន់​អម​ជយលាភី​ផង។

 

លោក ប៊ុន កើដ អគ្គនាយក​ក្រុមហ៊ុន BKA Entertainment បាន​បង្ហើប​ប្រាប់​ថា ជាមួយ​នឹង​ជយលាភី​ខាង​លើ ស្រី​នៀត ដែល​តំណាង​ឲ្យ​កម្ពុជា ទទួល​បាន​ទឹក​ប្រាក់​ចំនួន ៥០០០ដុល្លារ​សហរដ្ឋ​អាមេរិក។ អគ្គនាយក​រូប​នេះ​ថ្លែង​ថា និយាយ​ពី​ទឹក​ប្រាក់ គឺ​តិច​តួច​ទេ ប៉ុន្តែ​អ្វី​ដែល​យើង​បាន​ចំណេញ​ច្រើន​ជាង​នេះ គឺ​យើង​បាន​ផ្សព្វផ្សាយ​វប្បធម៌ ទេសចរណ៍ និង​សម្រស់​របស់​នារី​ខ្មែរ​ទៅ​កាន់​ពិភព​លោក។

 

យោង​តាម​ច្បាប់​របស់​កម្មវិធី ក្រោយ​ជាប់​ជយលាភី​ខាង​លើ កញ្ញា នូ ទឹម​ស្រីនៀត មិន​មាន​សិទ្ធិ​ទៅ​ចូល​រួម​កម្មវិធី​ដដែល​នៅ​ឆ្នាំ​ក្រោយ​ក្នុង​នាម​ជា​បេក្ខជន​ប្រឡង​ទៀត​ឡើយ ប៉ុន្តែ​នាង​នឹង​ចូល​រួម​ជា​តារា​កិត្តិយស។ ជាមួយ​គ្នា​នេះ​ដែរ ក្នុង​អាណត្តិ​១​ឆ្នាំ​នេះ ស្រី​នៀត នឹង​ត្រូវ​ចូល​រួម​កិច្ចការ ក៏​ដូច​ជា​សកម្មភាព​នានា​របស់​កម្មវិធី ទៅ​តាម​ការ​កោះ​ហៅ​ជាក់​ស្ដែង។ នេះ​បើ​តាម​លោក ប៊ុន កើដ។

 

យ៉ាង​ណា​ក៏​ដោយ អគ្គនាយក​រូប​នេះ បញ្ជាក់​ថា លោក​នឹង​ខិត​ខំ​ស្វែង​រក​យុវនារី​ខ្មែរ​វ័យ​ក្មេង ស្អាត​ៗ មាន​ទេពកោសល្យ និង​សមត្ថភាព​ទៅ​ចូល​រួម​ក្នុង​ប្រកួត​ក្នុង​កម្មវិធី Miss Grand International ដើម្បី​ស្វែង​រក​មោទនភាព​ថ្មី​ៗ​មក​ឲ្យ​កម្ពុជា​បន្ត​បន្ទាប់​ទៀត។ ក្រៅ​ពី​នេះ លោក ប៊ុន កើដ ក៏​បាន​បង្ហាញ​ពី​មហិច្ឆតា​ចង់​ឲ្យ​មាន​កម្មវិធី​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ដែរ។

 

“យើង​នឹង​ព្យាយាម​ឲ្យ​វា​កើត​នៅ​ក្នុង​ស្រុក​យើង អាច​ថា Miss Grand Cambodia អីចឹង​ទៅ តែ​បើ​មិន​អាច​ទេ យើង​នឹង​រក​បេក្ខនារី​តំណាង​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​គេ​អីចឹង​ទៀត​ទៅ!”។

 

ក្រោយ​ទទួល​បាន​ជយលាភី កញ្ញា នូ ទឹម​ស្រី​នៀត បាន​វិល​ត្រឡប់​មក​ដល់​ប្រទេស​កំណើត​វិញ​ហើយ​តាំង​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ នៅ​ល្ងាច​ថ្ងៃ​ដដែល កញ្ញា បាន​ទៅ​ចូល​រួម​ក្នុង​កម្មវិធី ប្រឡង​ចម្រៀង​កុមារ Kodomo ដែល​មាន​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍ MyTV។

 

នាទី​នោះ គឺ ស្រី​នៀត ថ្លែង​អំណរគុណ​ចំពោះ​ជន​រួម​ជាតិ​ទាំង​ឡាយ ដែល​បាន​ជួយ​បោះ​ឆ្នោត​គាំទ្រ​នាង រហូត​ឈ្នះ​ដាច់​លើ​ជយលាភី​ប្រជាប្រិយ​ពី​កម្មវិធី Miss Grand International 2014៕

 

រូបភាព​ពី BKA Entertainment

តាម​ដាន​ព័ត៌មាន​ផ្សេង​ៗ​ទៀត​ពី​កញ្ញា នូ ទឹម​ស្រីនៀត សូម​ចុច​ទី​នេះ…!!!

អត្ថបទ​ផ្សេង​ៗ​ស្ដី​ពី​សកម្មភាព​តារា​ជាតិ សូម​ចុច​ទី​នេះ…!!!

អត្ថបទ៖ ទារិកា