មក​មើល​ប្រវត្តិ​ក្រុម One Direction មុន​ការ​សម្ដែង​​​ពួក​គេ​មក​ដល់​កម្ពុជា

  • 2014-10-10 15:59:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ភាពយន្ត​នៃ​​ការ​សម្ដែង​តន្ត្រី​ទេសចរណ៍​របស់​ក្រុម​ចម្រៀង​បុរស One Direction ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត​ Major Cineplex នៅ​ថ្ងៃ​ទី​១១ និង​ថ្ងៃ​ទី​១២ ចុង​សប្ដាហ៍​នេះ។ ប៉ុន្តែ​មុន​នឹង​ការ​បញ្ចាំង​នេះ​ចាប់​ផ្ដើម​ Sabay សូម​នាំ​ប្រិយមិត្ត​ក្រឡេក​មើល​ជីវប្រវត្តិ​របស់​ពួក​គេ​បន្តិច​សិន។ តើ One Direction ត្រូវ​បង្កើត​ឡើង​ដោយ​របៀប​ណា? តើ​សមាជិក​ទាំង ៥​មាន​ប្រវត្តិ​យ៉ាង​ណា​ខ្លះ? តាម​ដាន​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖​​

 

កម្មវិធី "The X Factor”

 

ក្រុម​ចម្រៀង One Direction ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០១០ ដោយ​ឆ្លង​កាត់​ការ​ប្រឡង​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ដ៏​ល្បីល្បាញ​មួយ​នៅ​អង់គ្លេស​មាន​ឈ្មោះ "The X Factor”។ ដំបូង​សមាជិក​ទាំង​៥​រូប រួម​មាន Niall Horan, Zayn Malik, Liam Payne, Harry Styles, និង Louis Tomlinson ​បាន​ដាក់​ពាក្យ​ចូល​ប្រឡង​ជា​តារា​ចម្រៀង​ទោល ប៉ុន្តែ​ដោយ​យល់​ថា​ពួក​គេ​មិន​​ទាន់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ជា​តារា​ទោល ហើយ​ក៏​មិន​ចង់​ឲ្យ​ពួក​គេ​ជ្រុះ​ចេញ​ពី​កម្មវិធី គណៈកម្មការ​៣​រួប​រួម​មាន Simon Cowell, Nicole Scherzinger, និង Louis Walsh ក៏​បាន​រៀប​ចំ​ឲ្យ​ពួក​គេ​ប្រឡង​ជា​ក្រុម​​ដើម្បី​ចូល​រួម​ប្រកួត​នៅ​វគ្គ​បន្ត និង​ដាក់​ឈ្មោះ​ក្រុម​របស់​ពួក​គេ​ថា One Direction។ ទី​បំផុត One Direction បាន​​បន្ត​ដល់​វគ្គ​ចុង​ក្រោយ និង​ជាប់​ចំណាត់​ថ្នាក់​លេខ ៣ សម្រាប់​រដូវ​កាល​ទី​៧ នៃ​កម្មវិធី​នេះ។

http://youtu.be/6QqRpzJIkJ0 ​

អាល់ប៊ុម ៣​ដំបូង​បំបែក​កំណត់ត្រា​ពិភពលោក

 

ក្រោយ​ពី​ចប់​ការ​ប្រកួត One Direction បាន​ចុះ​កុងត្រា​ចូល​ក្នុង​ផលិតកម្ម​ Syco Records របស់​លោក Simon Cowell។ ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​គាំទ្រ​ខ្លាំង​ពី​សំណាក់​យុវវ័យ​នៅ​ជុំ​វិញ​ពិភពលោក​ អាល់ប៊ុម​៣​ដំបូង​របស់​ពួក​គេ រួម​មាន​អាល់ប៊ុម "Up All Night” (២០១១), “Take Me Home” (២០១២), និង “Midnight Memories” (២០១៣) បាន​ទទួល​ជោគជ័យ​ដូច​ៗ​គ្នា ដោយ​អាល់ប៊ុម​នីមួយ​ៗ​លក់​ដាច់​មិន​ក្រោម ៤​លាន​បន្ទះ និង​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​លើ​តារាង​ចម្រៀង​ល្បី​ៗ​ជា​ច្រើន។ លុះ​ដល់​ឆ្នាំ​២០១៤ One Direction បាន​ជាប់​ឈ្មោះ​ក្នុង​សៀវភៅ​​កំណត់ត្រា​ពិភពលោក ជា​តារា​ចម្រៀង​ដំបូង ដែល​អាច​ទទួល​ជោគជ័យ​ខ្លាំង​បន្ត​បន្ទាប់​បែប​នេះ។

 
សមិទ្ធផល​សំខាន់​ៗ

 

សមិទ្ធផល​សំខាន់​ៗ​របស់​ពួក​គេ​រួម​មាន ពាន​រង្វាន់​ពី​កម្មវិធី Brit Awards ចំនួន ៤ និង​ពាន​រង្វាន់​ពី​កម្មវិធី MTV Video Music Awards ចំនួន ៤​ ក្នុង​ចំណោម​ពាន​រង្វាន់​ជា​ច្រើន​ទៀត។ បើ​យោង​តាម​បញ្ជី​របស់​ទស្សនាវដ្ដី Sunday Times កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣ បាន​ឲ្យ​ដឹង​ថា​សមាជិក​ម្នាក់​ៗ​របស់​ 1D មាន​ទ្រព្យ​សម្បត្តិ​ជា​មធ្យម​ចំនួន ៤១,២​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ជាប់​ចំណាត់​ថ្នាក់​លេខ​២ ជា​តារា​ចម្រៀង​អង់គ្លេស​មាន​ទ្រព្យ​ច្រើន​បំផុត​ ស្ថិត​ក្រោម​អាយុ ៣០​ឆ្នាំ។

 

ក្រោយ​ចេញ​អាល់ប៊ុម "Midnight Memories” One Direction បាន​ក្លាយ​ជា​តារា​ចម្រៀង​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​អាល់ប៊ុម​ទាំង ៣​ដំបូង​អាច​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​លើ​តារាង Billboard 200 របស់​អាមេរិក។ មិន​តែ​ប៉ុណ្ណោះ​អាល់ប៊ុម​នេះ​បាន​ក្លាយ​ជា​អាល់ប៊ុម​លក់​ដាច់​ជាង​គេ​ក្នុង​ពិភពលោក​ កាល​ពី​ឆ្នាំ​២០១៣។ បទ​ចម្រៀង​ល្បី​ៗ​របស់​ពួក​គេ​មាន​ដូច​ជា​បទ "What Makes You Beautiful”, “Live While We're Young”, និង “Story Of My Life”។

 

http://youtu.be/QJO3ROT-A4E

អានអត្ថបទ៖ ចម្រៀង​ One Direction ទាំង​៥​បទ ដែល​ទទួល​បាន​ការ​ពេញ​និយម​ជាង​គេ​លើ Youtube

 

អំពី​សមាជិក​ក្រុម

 

១. Zayn Malik

ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ១២ មករា ១៩៩៣ (២១ឆ្នាំ)

ការ​អប់រំ៖ សាលា​បឋមសិក្សា Lower Fields, សាលា Tong School និង Bradford

ទី​កន្លែង​កំណើត៖ ទីក្រុង Bradford, ប្រទេស​អង់គ្លេស

ឈ្មោះ​ពេញ៖ Zain Javadd Malik

មុន​ចូល​ក្រុម៖ Malik ​ស្រឡាញ់​ការ​ច្រៀង​​ និង​សម្ដែង​តាំង​ពី​តូច និង​​ធ្លាប់​ចូល​រៀន​វគ្គ​សម្ដែង​សិល្បៈ​មួយ​​ចំនួន​ក្នុង​វ័យ​ជំទង់។

 

២. Liam Payne

ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ២៩ សីហា ១៩៩៣ (អាយុ ២១​ឆ្នាំ)

ទី​កន្លែង​កំណើត៖ ទីក្រុង Wolverhampton ប្រទេស​អង់គ្លេស

ឈ្មោះ​ពេញ៖ Liam James Payne

មុន​ចូល​ក្រុម៖ ពេល​នៅ​តូច Payne មាន​ចំណាប់​អារម្មណ៍​ទាំង​ផ្នែក​កីឡា និង​សិល្បៈ​ចម្រៀង។ គេ​គឺ​ជា​សមាជិក​ក្រុម​កីឡា Wolverhampton & Bilson Athletics Club និង​ត្រូវ​បាន​បង្ហាត់​បង្រៀន​ឲ្យ​ក្លាយ​ជា​កីឡាករ​រត់​ប្រណាំង​ម្នាក់។ គេ​បាន​ចាប់​ផ្ដើម​ការ​ច្រៀង និង​សម្ដែង​ជា​មួយ​ក្រុម​សម្ដែង​មហោស្រព​​មួយ​ក្រុម​​ឈ្មោះ​ Pink Productions នៅ​ពេល​មាន​អាយុ ១២​ឆ្នាំ។

អានអត្ថបទ៖ ស្ទីល​ឡូយ​ពី​ក្រុម One Direction ​​យុវវ័យ​អាច​ស្លៀក​តាម​ហើយ​សង្ហា

 

៣. Louis Tomlinson

ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ២៤ ធ្នូ ១៩៩១ (អាយុ ២២ឆ្នាំ)

ការ​អប់រំ៖ សាលា The Hayfield, សាលា​បណ្ឌិត្យសភា Hall Cross

ទី​កន្លែង​កំណើត៖ ទីក្រុង Doncaster ប្រទេស​អង់គ្លេស

ឈ្មោះ​ពេញ៖ Louis William Tomlinson

មុន​ចូល​ក្រុម៖ នៅ​អាយុ ១១​ឆ្នាំ​គេ​បាន​ចូល​រៀន​វគ្គ​សម្ដែង​ខ្លះ​ៗ និង​បាន​សម្ដែង​ជា​តួ​រាយរង​ម្នាក់​ក្នុង​រឿង​ភាគ​ទូរទស្សន៍ "If I Had You” និង "Waterloo Road”។ ក្រៅ​ពី​ការ​សិក្សា​គេ​ធ្លាប់​ធ្វើ​ការ​ក្រៅ​ម៉ោង​នៅ​ហាង​លក់​ទំនិញ និង​នៅ​ក្លឹប​បាល់ទាត់ Doncaster Rovers។

 

៤. Niall Horan

ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ១៣ កញ្ញា ១៩៩៣ (២១ឆ្នាំ)

ការ​អប់រំ៖ សាលា​បឋម​សិក្សា St. Kenny National School, វិទ្យាល័យ Coláiste Mhuire

ទី​កន្លែង​កំណើត៖ Westmeath ប្រទេស​អៀរឡង់

ឈ្មោះ​ពេញ៖ Niall James Horan

មុន​ចូល​ក្រុម៖ Niall ធ្លាប់​សម្ដែង​ល្ខោន​ និង​ធ្លាប់​ច្រៀង​ក្នុង​វង់​តន្ត្រី​សាលា។ នៅ​វ័យ​ជំទង់​ គេ​គឺ​ជា​អ្នក​សម្ដែង​ម្នាក់​នៅ​មជ្ឈមណ្ឌល​សិល្បៈ Mullingar និង The Academy ក្នុង​ទីក្រុង Dublin។

 

៥. Harry Styles

ថ្ងៃ​ខែ​ឆ្នាំ​កំណើត៖ ១ កុម្ភៈ ១៩៩៤ (អាយុ ២០​ឆ្នាំ)

ការ​អប់រំ៖ សាលា​ចំណេះ​ទូទៅ Holmes Chapel

ទី​កន្លែង​កំណើត៖ ទីក្រុង Worcestershire ប្រទេស​អង់គ្លេស

ឈ្មោះ​ពេញ៖ Harry Edward Styles

មុន​ចូល​ក្រុម៖ អំឡុង​ពេល​រៀន​នៅ​សាលា​ចំណេះ​ទូទៅ Styles និង​មិត្តភ័ក្ដិ​៣​នាក់​ទៀត​របស់​គេ​បាន​រួម​គ្នា​បង្កើត​ជា​ក្រុម​តន្ត្រី​មួយ​ឈ្មោះ White Eskimo ដែល​ Styles គឺ​ជា​អ្នក​ច្រៀង​នាំ​មុខ​ក្នុង​ក្រុម។ នៅ​ពេល​ចុង​សប្ដាហ៍​ គេ​ជា​អ្នក​ធ្វើ​ការ​នៅ​ហាង​លក់​នំប៉័ង ៕

អានអត្ថបទ៖ ភាពយន្ត​របស់​ក្រុម One Direction ត្រៀម​ចូល​មក​ដល់​ស្រុក​ខ្មែរ

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ Biography, IMDB