ការ​ពិត​លេង​ហ្គេម​មាន​ប្រយោជន៍​អីចឹង​ទេ!

  • 2014-09-16 17:03:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay ជឿ​ថា​មិត្តៗ​អ្នក​អាន​ទាំងអស់​សុទ្ធ​តែ​ធ្លាប់​លេង​ហ្គេម​គ្រប់គ្នា​ហ្នឹង! បើ​ថា​មិន​ធ្លាប់​លេង​ហ្គេម​ក៏ Sabay ពិបាក​ជឿ​ដែរ ព្រោះ​ប្រិយមិត្ត​សុទ្ធ​តែ​មាន​ទូរសព្ទ​នៅ​ក្នុង​ដៃ​ទាំង​អស់។ ហើយ​សួរ​ថា ក្នុង​ទូរសព្ទ​ទាំង​នោះ​មាន​ហ្គេម​អត់? ប្រាកដ​ជា​មាន ជាពិសេស​គឺ​ប្រភេទ​ទូរសព្ទ​ទំនើបៗ​តែ​ម្ដង។ មាន​សំណួរ​ត​ទៀត​ហើយ​គឺ ដឹង​ថា​ហ្គេម​មាន​ប្រយោជន៍​អត់​ពេល​លេង​ហ្នឹង?

 

 

ប្រិយមិត្ត​ប្រាកដ​ជា​ឆ្លើយ​ថា លេង​ហ្គេម​អាច​កាត់​បន្ថយ​ស្ត្រេស Stress និង​ផ្ដល់​ភាព​សប្បាយរីករាយ ក៏​ដូចជា​បំបាត់​ភាព​អផ្សុក​របស់​ប្រិយមិត្ត​បាន។ ការពិត​ផល​ប្រយោជន៍​នៃ​ការ​លេង​ហ្គេម​មិន​មែន​មាន​តែ​ប៉ុណ្ណឹង​ទេ នៅ​មាន​ច្រើន​ទៀត​ណាស់ គ្រាន់​តែ​ប្រិយមិត្ត​មិន​សូវ​បាន​ចាប់អារម្មណ៍​ប៉ុណ្ណោះ។

 

មក​ដល់​ចំណុច​នេះ ប្រិយមិត្ត​អ្នក​អាន​មួយ​ចំនួន​ប្រាកដ​ជា​អាច​ពេបមាត់​ខ្វែង​គំនិត​ហើយ ខណៈ​ប្រិយមិត្ត​ខ្លះ​ទៀត​យល់​ស្រប​ក្រោយ​ពី​បាន​ចូលរួម (ខ្លះ​អង្គុយ ខ្លះ​ឈរ​ក្នុង​បន្ទប់ ខ្លះ​ទៀត​ឈរ​ស្ដាប់​ក្រៅ​បង្អួច) ស្ដាប់ វាគ្មិន ងួន សុភី ដែល​ជា​អ្នក​ជំនាញ​អភិវឌ្ឍ​កម្មវិធី​លើ​ទូរសព្ទ​មួយ​រូប រៀបរាប់​ពី​ផល​ប្រយោជន៍​នៃ​ការ​លេង​ហ្គេម កាល​ពី​ថ្ងៃសៅរ៍​ក្នុង​ព្រឹត្តិការណ៍​បារខែម។ តើ សុភី ចែក​រំលែក​ពី​ការ​លេង​ហ្គេម​ដល់​មិត្តៗ​អ្នក​អាន​នា​ឱកាស​នោះ​យ៉ាង​ម៉េច​ខ្លះ?

 

ចំណុច​ទី​មួយ​ដែល​កញ្ញា​បាន​លើក​ឡើង​នោះ​គឺ​ថា ការ​លេង​ហ្គេម​អាច​ធ្វើ​ឲ្យ​ខួរ​ក្បាល​មាន​ដំណើរការ​ឆ្លាត និង​ដោះស្រាយ​បញ្ហា​បាន​រហ័ស​ជាង​មុន។ អ្នក​លេង​ហ្គេម​អាច​ទទួល​យក​កិច្ចការ​ជាច្រើន​ក្នុង​ពេល​តែ​មួយ ហើយ​បែងចែក​យ៉ាង​ច្បាស់​ពី​កិច្ចការ​នីមួយៗ​ថា​ត្រូវ​ធ្វើ​កិច្ចការ​ណា​មុន​ឬ​ក្រោយ។ ក្រោយ​ពី​បាន​បែងចែក​កិច្ចការ ឬ​បញ្ហា​ច្បាស់​ហើយ ពួក​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​សម្រេច និង​លឿន​ជាទីបំផុត​ដែល​អាច​ខ្លួន​អាច​ធ្វើ​បាន ព្រោះ​ពួក​គេ​មិន​ចង់​បាត់បង់​ពេលវេលា​សម្រាប់​ដោះស្រាយ​បញ្ហា​មួយ​ផ្សេង​ទៀត​ឡើយ។

 

ចំណុច​ទី ២ នោះ​គឺ​ថា អ្នក​លេង​ហ្គេម​ទទួល​បាន​សុខភាព​ល្អ​ផ្នែក​រាងកាយ​និង​ភ្នែក​រហ័ស​ជាង​មុន ដោយ​មិន​ដឹង​ខ្លួន ព្រោះ​ហ្គេម​មួយ​ចំនួន​មិន​ត្រឹម​តែ​ផ្ដល់​ភាព​សប្បាយរីករាយ​ជូន​អ្នក​លេង​ឡើយ តែ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ហាត់​ប្រាណ​ដែរ។ ជាក់ស្ដែង ដូច​ជា​ហ្គេម​ទំនើប​វាយ​ឬ​ហ្គេម​រាំ​នៅ​តាម​ផ្សារ​ទំនើប​ជាដើម ដែល​តម្រូវ​ឲ្យ​ប្រិយមិត្ត​ធ្វើ​កាយវិការ​យ៉ាង​ខ្លាំង ទើប​អាច​ឆ្លងផុត​ពី​វគ្គ​មួយ​ទៅ​វគ្គ​មួយ​រហូត​ឈាន​ដល់​ជ័យជម្នះ។

 

រីឯ​ចំណុច​ទី ៣ នោះ​គឺ​ថា ការ​សិក្សា​អប់រំ​បាន​បង្កប់​ជាច្រើន​នៅ​ក្នុង​ហ្គេម។ ហ្គេម​បាន​ធ្វើ​ឲ្យ​ក្មេងៗ​ជាច្រើន​ឆ្លាត​ជាង​អាយុ ព្រោះ​ដោយសារ​តែ​គេ​ចង់ ឬ​ធ្លាប់​លេង​ហ្គេម ពួក​បាន​ធ្វើ​ការ​ស្រាវជ្រាវ ក៏​ដូចជា​ស្គាល់​នូវ​ការ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ទំនើប​យ៉ាង​ច្បាស់​ទាំង​ពួក​គេ​នៅ​ក្មេង​នៅ​ឡើយ។

 

អ្នក​លេង​ហ្គេម​មាន​ជំនាញ​ពិសេស​មួយ​គឺ​ការ​ទំនាក់ទំនង។ ពួកគេ​តែងតែ​ជជែក Chat សួរ​នរណា​ម្នាក់​ភ្លាមៗ​នៅ​ពេល​ដែល​គេ​មាន​ចម្ងល់​ទាក់ទង​នឹង​ហ្គេម​នោះ ទោះ​ជា​គេ​មិន​ធ្លាប់​ស្គាល់​ម្នាក់​នោះ​ក៏​ដោយ។ តាម​រយៈ​ការ​ជជែក Chat ជាមួយ​គ្នា​នេះ ពួកគេ​អាច​នឹង​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ជាច្រើន​ពី​មិត្តភ័ក្ដិ​ទាំងនោះ ព្រោះ​ពួកគេ​តែងតែ​ចែក​រំលែក​ពី​ព័ត៌មាន​ថ្មីៗ ក៏​ដូចជា​បទពិសោធន៍​ផ្សេងៗ​ទៅ​គ្នា ក្រោយ​ពី​ស្គាល់​គ្នា​តាម​រយៈ​ការ​ជជែក​កម្សាន្ត​នោះ។

 

ហើយ​អ្វី​ដែល​អ្នក​លេង​ហ្គេម​ចូលចិត្ត​ធ្វើ​គឺ​ការ​សហការ​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​ក្រុម។ ពួកគេ​ភាគ​ច្រើន​ប្រកាន់ខ្ជាប់​នូវ​សង្គម​ចែករំលែក និង​សហការ​គ្នា​ជានិច្ច ព្រោះ​អ្នក​លេង​ហ្គេម​ទាំងអស់​សុទ្ធ​តែ​ចង់​ទទួល​បាន​នូវ​ជ័យជម្នះ​ដូច​គ្នា ហើយ​ពួកគេ​ក៏​យល់​យ៉ាង​ច្បាស់​ដែរ​ថា ជ័យជម្នះ​ក្រុម Clan គឺ​កើត​មក​ពី​ការ​សហការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។

 

បន្ទាប់​ពី​បាន​រ៉ាយរ៉ាប់​ពី​ផល​ប្រយោជន៍​ទាំងនេះ​ជូន​អ្នក​ចូលរួម​ស្ដាប់​រួច​ហើយ កញ្ញា ងួន សុភី បាន​បញ្ជាក់​ប្រាប់​ទៀត​ថា "ធ្វើ​អ្វី​ក៏​ដោយ កុំ​ឲ្យ​តែ​ពេក តែ​ធ្វើ​ដល់​ពេក ផល​ប្រយោជន៍​នឹង​រត់​គេច​បាត់ ហើយ​ផល​អវិជ្ជមាន​នឹង​កើត​មាន​ឡើង" "Too Much of Everything Is Bad"។

 

ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ?

 

សូម​បន្ត​អាន៖ CCC 2014 ខេត្ត​ព្រះសីហនុ​បើក​ឲ្យ​ចុះឈ្មោះ​ប្រកួត​ហើយ....

សូម​បន្ត​អាន៖  រឿង​១០​​យ៉ាង​ អ្នក​ប្រើ​ iPhone​ បើ​មិន​ទាន់​ដឹង​ ត្រូវ​ដឹង​ភ្លាម...

 

អត្ថបទ៖ ភីឆាយ