រឿង "ឡប់៨" ចំណាយមិនដល់ ១ ម៉ឺន ដុល្លារទេ ប៉ុន្តែ សង្ឃឹមជោគជ័យ
- 2015-05-20 17:15:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង "ឡប់៨" ចំណាយមិនដល់ ១ ម៉ឺន ដុល្លារទេ ប៉ុន្តែ សង្ឃឹមជោគជ័យ
ចន្លោះមិនឃើញ
ផលិតកម្ម Spider កំពុងដំណើរការថតរឿងថ្មីរបស់ខ្លួនមានចំណងជើងថា "ឡប់៨" ក្រោមផែនការចំណាយជិត ១ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ និង បានរៀបចំពិធីក្រុងពាលីសប្ដាហ៍មុន។
ចាងហ្វាងផលិតកម្មឈ្មោះ អូន ទូច បានឲ្យដឹងថា ភាពយន្តនេះមានលក្ខណៈកំប្លែងលាយឡំដោយការអប់រំ។ ទោះបីជាខ្ទង់ចំណាយតិចតួចយ៉ាងណាក៏ដោយ ប៉ុន្តែចាងហ្វាងផលិតកម្មវ័យ២៤ឆ្នាំខាងលើបញ្ជាក់ថា ក្រុមការងាររបស់លោក មានការយកចិត្តទុកដាក់ខ្លាំងលើការថត ដើម្បីនាំមកនូវគុណភាពសម្រាប់ទស្សនិកជន នៅពេលចាក់បញ្ចាំងនាអំឡុងចុងឆ្នាំ២០១៥ ដែលលោកអះអាងថា ជាពេលវេលាសមរម្យជាទីបំផុត។
ទូច អូន និយាយថា៖“ទោះចំណាយដើមតិចមែន ប៉ុន្តែយើងសង្ឃឹមខ្ពស់ថា ទទួលបានជោគជ័យមិនខាន ព្រោះផលិតមានការយកចិត្តទុកដាក់"។ ចាងហ្វាងដដែលអះអាងថា ពេលនេះក្រុមការងារផលិតកម្មកំពុងដំណើរការថតបានប្រហែលពាក់កណ្ដាលមកហើយ។ ហើយនេះជាស្នាដៃទី២បន្ទាប់ពីរឿង "កំណប់បះសក់" បានចរាចរណ៍លើទីផ្សារកាលពីឆ្នាំទៅ។
ជាមួយគ្នានោះ ប្រភពដដែលអះអាងទៀតថា ផលិតកម្មក៏នឹងមានក្រុមការងារ១ក្រុមទៀត ដើម្បីត្រៀមដំណើរការផលិតភាពយន្តបន្តបន្ទាប់មួយរឿងទៀតក្នុងពេលឆាប់ៗនេះ ខណៈកំពុងរៀបចំឆ្អឹងរឿងនៅឡើយ។ តាមរយៈបទពិសោធន៍ជាង១ឆ្នាំ និងបានផលិតបទចម្រៀងកន្លងមក នាំឱ្យចាងហ្វាងផលិតកម្មខាងលើជឿជាក់ថា នឹងទទួលបានជោគជ័យមិនខាន៕
អានអត្ថបទ៖ ទីបំផុត “បងទុំ អូនទាវ” សម្ពោធដាក់បញ្ចាំងក្រោយមានរឿងរសើប
អានអត្ថបទ៖ ទីបំផុត ចន ច័ន្ទលក្ខិណា ព្រមទទួលស្គាល់ចំណងស្នេហ៍ជាមួយបុរសពោះម៉ាយ
អត្ថបទ៖ សំ ជំនាញ
រូបថត៖ ផ្ដល់ឱ្យ