លោកយាយវ័យ៦៥ឆ្នាំ ផ្ដល់កំណើតដល់កូនភ្លោះបួននាក់
- 2015-05-25 18:07:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកយាយវ័យ៦៥ឆ្នាំ ផ្ដល់កំណើតដល់កូនភ្លោះបួននាក់
ចន្លោះមិនឃើញ
លោកយាយវ័យ ៦៥ឆ្នាំម្នាក់ ដែលមានកូនដល់ទៅ ១៣នាក់រួចទៅហើយ បានផ្តល់កំណើតដល់កូនភ្លោះ ៤នាក់បន្ថែមទៀត ធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នេះបើតាមការបញ្ជាក់របស់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ RTL។
លោកយាយ Annegret Raunigk គឺជាជនជាតិអាល្លឺម៉ង់ ដែលបានផ្ដល់កំណើតដល់កូនភ្លោះ ៤នាក់ កាលពីសប្ដាហ៍មុន។ កូនភ្លោះដ៏កម្រទាំងបួននាក់នោះ មានប្រុស ៣នាក់ និងស្រីម្នាក់ ដែលបង្កើតដោយការវះកាត់ និងដាក់ចិញ្ចឹមក្នុងកញ្ចក់បណ្ដោះអាសន្ន។ សរុបទាំងកូនមុន ពេលនេះលោកយាយមានកូន ១៧នាក់ បូករួមទាំងចៅ ៧នាក់ទៀតផង។
ពេលមានអាយុ ៥៥ឆ្នាំ លោកយាយ Raunigk ដែលគ្រូបង្រៀននៅទីក្រុងប៊ែរឡាំង បានផ្តល់កំណើតដល់កូនស្រីម្នាក់ឈ្មោះ Leila។ ជារឿយៗ Leila តែងសុំឲ្យលោកយាយ Raunigk ជាម្ដាយ បង្កើតប្អូនម្នាក់ទៀតឲ្យខ្លួន ដូចនេះហើយទើបអ្នកម្ដាយចំណាស់ព្យាយាមមានកូនជាថ្មី។
”ខ្ញុំគិតថា ជីវិតជាមួយកូនពិតជាអស្ចារ្យណាស់" លោកយាយ Raunigk និយាយកាលពីដើមឆ្នាំនេះ។ លោកយាយវ័យ ៦៥ឆ្នាំបានបន្តទៀតថា "ជានិច្ចកាលអ្នកត្រូវរស់នៅជាមួយបញ្ហាប្រឈមថ្មីៗ... ហើយបញ្ហានោះប្រហែលជាអាចធ្វើឲ្យអ្នកកាន់តែនៅក្មេង"។
បើទោះបីលោកយាយ Raunigk ផ្ដល់កំណើតកូននៅអាយុដល់ទៅ ៦៥ឆ្នាំទៅហើយក្ដី ក៏លោកយាយមិនមែនជាមនុស្សចាស់ជាងគេដែលមានកូននោះទេ។ កំណត់ត្រាមនុស្សចាស់ជាងគេដែលមានកូន នៅតែកាន់កាប់ដោយលោកយាយជនជាតិឥណ្ឌា Rajo Devi Lohan ដែលផ្ដល់កំណើតនៅអាយុ ៧០ឆ្នាំ៕
ចុចអាន៖ គ្រូពេទ្យវះកាត់យកកូន ភ្លេចទូរសព្ទក្នុងពោះម្ដាយ
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ CNN