FFC គ្រោង​ចេញ​សំបុត្រ​ជាង​៥​ម៉ឺន​សន្លឹក​សម្រាប់​ជម្រុះ​ World Cup កម្ពុជា​ប៉ះ​សិង្ហបុរី

  • 2015-05-27 13:15:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ (FFC)​គ្រោង​នឹង​បោះ​ពុម្ព​សំបុត្រ​ជាង​៥​ម៉ឺន​សន្លឹក​សម្រាប់​លក់​ចូល​ទស្សនា​ការ​ប្រកួត​​​​​ជម្រុះ​ World Cup រវាង​កម្ពុជា​ និង សិង្ហបុរី​ នា​​ថ្ងៃ​ទី​១១​ ខែ​មិថុនា ឆ្នាំ​២០១៥​ខាង​មុខ​នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា។

 

លោក សុខា រ៉ានាថ ប្រធាន​ផ្នែកទំនាក់ទំនង និង​ទី​ផ្សារ​នៅ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ទម្លាយ​ឲ្យ​ដឹង​ថា សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់​ទាត់​​ពិភព​លោក​ជុំ​ទី​ពីរ​របស់​កម្ពុជា​ដែល​​ធ្វើ​ម្ចាស់​ផ្ទះ​​ទទួល​​​ក្រុម​ភ្ញៀវ​​​សិង្ហបុរី​នា​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៥​ខាង​មុខ​នេះ សហព័ន្ធ​គ្រោង​បោះ​ពុម្ព​សំបុត្រ​ជាង​៥​ម៉ឺន​សន្លឹក​សម្រាប់​លក់​ចូល​ទស្សនា។

 

លោក​និយាយ​ថា ៖«ចំពោះ​តម្លៃ​យើង​មិន​ទម្លាយ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​សម្រាប់​ចំនួន​វិញ​គឺ​ខ្ញុំ​អាច​ប្រាប់​បាន។ យើង​គ្រោង​បោះ​ពុម្ព​សំបុត្រ​​សម្រាប់​ចូល​ទស្សនា​ដែល​កន្លែង​ទស្សនា​នៅ​​ផ្នែក​ខាង​ជើង​ ខាង​ត្បូង​ និង​ខាង​កើត ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ចំនួន​៥​ម៉ឺន​សន្លឹក​ ហើយ​សម្រាប់​កន្លែង​អង្គុយ​មាន​ដំបូល​​ប្រហែល​ជា​ជិត​៥​ពាន់​សន្លឹក​ដែរ​ ព្រោះ​កន្លែង​អង្គុយ​មាន​ដំបូល​ កាល​ពី​មុន​មិន​ដាក់​កៅអី​អាច​ដាក់​ទស្សនា​បាន​៥​ពាន់​នាក់ តែ​ពេល​នេះ​ដាក់​កៅអី​ហើយ អីចឹង​អាច​អង្គុយ​បាន​ប្រហែល​​ជាង​៤​ពាន់​នាក់ប៉ុណ្ណោះ»។ ​ទោះ​ជា​យ៉ាង​ណា ប្រធាន​ទី​ផ្សារ​នៅ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​រូប​នេះ​មិន​បាន​បង្ហាញ​ឲ្យ​ដឹង​ពី​ប្រភេទ​សំបុត្រ និង​តម្លៃ​នោះ​ទេ។

 

នេះ​ជា​ចំនួន​មួយ​ដ៏​ច្រើន​សម្រាប់​វិស័យ​បាល់ទាត់​កម្ពុជា​ដែល​លក់​សំបុត្រ​ចូល​ទស្សនា​ បើ​ប្រៀប​ធៀប​នឹង​ចំនួន​ធ្លាប់​លក់​កន្លង​មក។ កាល​ជម្រុះ​បាល់ទាត់​ពិភព​លោក​ជុំ​ទី​មួយ​រវាង​ក្រុម​កម្ពុជា​ និង​កោះ​ម៉ាកាវ សហព័ន្ធ​បាន​បោះ​ពុម្ព​សំបុត្រ​ជិត​១​ម៉ឺន​សន្លឹក​ និង​លក់​ដាច់​អស់​ដែល​ពេល​នោះ​តម្លៃ​សំបុត្រ​មាន​២​ម៉ឺន​រៀល ១៥​ពាន់​រៀល​ និង​១​ម៉ឺន​រៀល។

 

ចំពោះ​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ឡាវ​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា​ខាង​មុខ​នេះ​ នៅ​ពហុកីឡដ្ឋាន​អូឡាំពិក​កម្ពុជា​​ សហព័ន្ធ​ក៏​​បាន​សម្រេច​លក់​សំបុត្រ​ដោយ​តម្លៃ​ខ្ពស់​រហូត​ដល់​២​ម៉ឺន​រៀល ១៥​ពាន់​រៀល ១​ម៉ឺន​រៀល និង​៥​ពាន់​រៀល៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​