អបិយជំនឿខ្មែរ​ ​​​ថត​រូប​គ្នា​​​​​​៣នាក់​​​​​ជួប​រឿង​​មិន​ល្អ​?

  • 2015-05-28 18:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថត​រូប​កំពុង​ពេញ​និយម ពី​សំណាក់​យុវវ័យ​សម័យ​ស្មាតហ្វូន ខណៈ​ពី​មុន​​មាន​ជំនឿ​ថា ថត​រូប​ជុំ​គ្នា​បី​នាក់ អាច​នឹង​នាំ​ឱ្យ​ជួប​រឿង​អាក្រក់​ផ្សេងៗក្នុង​ជីវិត​។ ចុះ​បច្ចុប្បន្ន​ យុវវ័យ​​យល់​យ៉ាងណា ចំពោះ​ជំនឿ​នេះ? ​ពួកគេ​ជឿ​ដែរ​ឬ​ទេ?

 

ឆ្លើយ​តប​នឹង​សំនួរ ​យុវតីស្រលាញ់​ចូល​ចិត្ត​បាល់ទាត់ មកពី​​ខេត្ត​សៀមរាប ឈឿន សុជាតា បាន​ប្រាប់ Sabay ថា ៖« ទោះ​គ្មាន​ហេតុផល​ច្បាស់​លាស់​ តែ​ខ្ញុំ​​ជឿ។ ខ្ញុំ​អត់ហ៊ាន​ថត​រូប​គ្នា​បី​នាក់​។ ខ្ញុំ​ឮ​ថាបើ​ថត​បី​នាក់​ នឹង​​មាន​ម្នាក់​ឈឺ ឬ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត (ស្លាប់) រីឯ​ម៉ាក់​​ខ្ញុំ​វិញ គាត់​អត់​ឱ្យ​ខ្ញុំ​ ថតរូប​​គ្នា​បី​នាក់​ទេ»។

 

ពាក់ព័ន្ធនឹង​​​ប្រធាន​បទ "ថត​រូប​បី​នាក់​ជួប​រឿង​អាក្រក់​មែន​អត់?" កញ្ញា​ សែ ចិន្ដា ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ក៏​មិន​ហ៊ាន​ថតរូប​បី​នាក់​​ដែរ ៖«ឱ្យ​តែ​ថត​បី​នាក់ ខ្ញុំ​ដឹង​តែ​សុំ​គេធ្វើជា​អ្នក​ថតហើយ ព្រោះអី​​ខ្ញុំ​ខ្លាច (សើច)។ ​មិត្តភ័ក្ដិ គេ​ហៅ​ខ្ញុំ​ថត​តែ​ខ្ញុំ​អត់​ព្រម ទាល់​តែ​មាន​​គូ​ៗ​ទើប​ថត»។ ចិន្ដាប្រាប់​បញ្ជាក់​ពី​ដំណឹង​ឮ​ត​គ្នា​ថា បើ​ថត​បីនាក់ ឬ​សេះ​គូ ច្បាស់​ជា​មាន​អ្នកណា​ម្នាក់ ជួប​គ្រោះអាក្រក់មិន​ខាន​។

 

រូបតំណាង

ផ្ទុយ​ពី​ការ​លើក​ឡើង​ របស់​យុវតី​ទាំងពីរ​ខាងលើ​ កញ្ញា ឈឹម សុវណ្ណ​ច័ន្ទ​លក្ខិណា និស្សិតឆ្នាំ​ទី​មួយ​ផ្នែក​​ទេសចរណ៍ នៃ​សាកលវិទ្យាល័យ​ប្រៀបប្រាយ ​ក៏ធ្លាប់​ឮ​ត​គ្នា​​​ដែរ តែកញ្ញា​មិន​ជឿ​ទេ ៖«​ពី​មុនខ្ញុំ​ក៏​ខ្លាច​ដែរ តែ​​ពេល​នេះ​​​ខ្ញុំ​​​មិន​​ខ្វល់​​​។ ឥលូវ​ជា​​សម័យ Selfies សម័យ​ថត​រូប ​សម័យ​កុំព្យូទ័រ អ៊ីចឹង​ខ្ញុំ​អត់​ជឿ។ ខ្ញុំ​គិត​ថានេះ​​គ្រាន់​តែ​ជា​ ពាក្យ​ចចាមអារ៉ាម​ដើម្បី​បន្លាច​​យើង​តែ​ប៉ុណ្ណឹង»។

 

ងាក​មក​ស្ដាប់​ការ​រៀបរាប់​របស់​យុវតី សន ស្រីខួច ឯណេះ​វិញ កញ្ញា​​ក៏​មិន​ជឿ​ដែរ បើ​ទោះបី​ធ្លាប់​ឮ​​យ៉ាងណា​ក្ដី។ បុគ្គលិក​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​រូប​នេះ​បន្ត​​ថា កញ្ញា​ថត​រូប​បីៗ​នាក់ តាំង​ពី​នៅ​ក្មេងៗ​​ម្ល៉េះ ចំណែក​​សព្វ​ថ្ងៃ​ក៏​នៅ​តែ​ថត តែ​គ្មាន​​ឃើញ​​​អ្វី​មិន​ល្អ​កើត​ឡើង​ឡើយ៖ «ចំពោះ​ខ្ញុំ​អត់​ជឿ​ទេ តែ​មាន​​​មិត្តភ័ក្ដិ​ខ្ញុំ​ម្នាក់​គេ​ជឿ ឱ្យ​តែ​ថត​រូប​បី​នាក់​គេ​អត់ថត​ហ្មង»។

 

ចំណែកលោក​ សុផា ថ្វីបើ​មាន​ការហាមប្រាមពី​មិត្តភ័ក្តិ តែ​និស្សិត​នៃ​សាកលវិទ្យាល័យ CamEd Business School មិន​​ជឿ​ជំនឿ​គ្មាន​ភស្តុតាង​ច្បាស់​លាស់​​នេះ​ដែរ ដោយ​លោកបញ្ចេញ​យោបល់​ថា ​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​ឮ​ត​គ្នា​ប៉ុណ្ណោះ ៖​« ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ពាក្យ​នេះ​តែង​ឮ​ត​គ្នា ​ខ្ញុំ​មិន​ជឿ​ទេ។ ​ខ្ញុំ​តែង​​​ថត​រូប​បី​នាក់​ៗ​រហូត​មក​ហ្នឹង ហើយ​ក៏​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ដែរ»។

 

មិន​ខុស​ពី​យុវវ័យ​ខាងលើ​ទេ លោក កឹម សុវណ្ណា អ្នក​ថត​​រូបអាជីព​ម្នាក់​នៅ​កម្ពុជា ក៏​ធ្លាប់​គេ​និយាយតគ្នាអំពី​​​រឿង​នេះ​​​ពី​មុន​ដែរ។ ​​បើ​សិន​ថត​រូប​មាន​គ្នា​បី​នាក់ ម្នាក់​កណ្ដាល​គេ​ នឹង​ជួប​គ្រោះកាច ដែល​ដក់ជាប់​ក្នុង​ផ្នត់​គំនិត ​​ប្រជាជន​ខ្មែរ​រហូត​ដល់​​បច្ចុប្បន្ន​នេះ​ដែរ។យ៉ាងណាមិញ អ្នក​និយម​ថតរូប Reflection បាន​បរិយាយទៀត​ថា សព្វថ្ងៃ​គេលែង​ជឿអប្បិយជំនឿ​នេះហើយ ៖« ឥលូវ​​សម័យ​ថត​រូប​​សម័យ​ទំនើប គេ​លែង​គិត​អ៊ីចឹង​ទៀត​ហើយ ខ្ញុំ​ឧស្សាហ៍​ថត​ណាស់ តែ​គ្មាន​អ្វី​មិន​ល្អ​កើត​ឡើង​ទេ»៕

 

ចុចអាន៖ លោក អ៊ឹម បូរិន ​៖ អាជីព​គ្រូទាយ​​វគ្គ​បណ្ដុះបណ្ដាល​ថ្មី​កំពុង​ទទួល​​​​ការ​ចាប់​​អារម្មណ៍​​​

ចុចអាន៖ អ្នក​ភូមិ​ម្តុំ​វត្ត​ទឹក​ថ្លា​​ ល្បី​​ហោរា​វ័យក្មេង​​ទាយ​ឆុត​​!

អត្ថបទ៖ អ៊ុំ សុភក្តិ