"One Touch, One Goal” ធ្វើ​ឱ្យ Ronaldo ​ថ្មី​រហូតមិន​ចេះ​ចាស់

  • 2015-05-29 15:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ពិសេស​ដែល​អង្កេត​ដោយ​វិបសាយ Goal ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​​តាំង​ពី​ផ្លាស់​ពី Manchester United ​មក Real Madrid ​កីឡាករ Cristiano Ronaldo ​បាន​បង្ហាញ​ទម្រង់​លេង​ និង​យុទ្ធសាស្ត្រ​ថ្មី​ៗ​រហូត​ពី​មួយ​រដូវ​កាល​ទៅ​មួយ​រដូវ​កាល (One Touch , One Goal) ដែល​ធ្វើ​ឱ្យ​កំពូល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​ធ្លាក់​ជើង​នោះ​ទេ។

 

៦១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៥៤​ប្រកួត​ក្នុង​រដូវ​កាល​នេះ បាន​ធ្វើ​ឱ្យ​ Ronaldo ​ត្រលប់​ទៅ​រក​ចំណុច​កំពូល​របស់​គេ​វិញ​​ ខណៈ​ដែល​រដូវ​កាល​២០១១-២០១២ រូប​គេ​ក៏​បាន​ធ្វើ​ល្អ​ដូច​គ្នា ៦០​គ្រាប់​ក្នុង​៥៥​ប្រកួត។ នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា អាយុ​កាន់​តែ​ច្រើន ​បាន​ធ្វើ​ឱ្យ​អតីត​កីឡាករ Man Utd ​រូប​នេះ​មាន​សមត្ថភាព​កាន់​តែ​ខ្ពស់​ និង​ប្លែក​ជាង​មុន​ទៅ​ទៀត។

 

 

បើ​ងាក​ត្រលប់​ថយ​ក្រោយ​បន្តិច កាល​ពី​ឆ្នាំ​២០០៩ Real Madrid ​ទិញ Cr7 ​មក​ក្នុង​តម្លៃ​៩៤​លាន​អឺរ៉ូ ដែល​កាល​នោះ​ក្នុង​តំណែង​ជា​ខ្សែ​បម្រើ​ស្លាប មាន​សមត្ថភាព​ញាក់​បាល់ ​មាន​បច្ចេកទេស​បោះ​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត ​និង​ជា​កីឡាករ​ដែល​អាច​ស៊ុត​បាន​គ្រប់​ទីកន្លែង។ តែ​រយៈ​ពេល​៦​ឆ្នាំ​ក្រោយ​មក ម្ចាស់​ពាន Ballon d'Or ​៣​សម័យ​រូប​នេះ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល តួយ៉ាង​រដូវ​កាល​នេះ រក​បាន​៤៨​គ្រាប់​នៅ La Liga ​អាច​បញ្ជាក់​បាន​ថា​រូប​គេ​ជា​ម្ចាស់​ពាន​រង្វាន់ Pichichi ​និង​ជា​បេក្ខភាព​ដែល​ត្រូវ​ទទួល​បាន​ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប​​ជា​លើក​ទី​៤​របស់​គេ។ លើស​ពី​នេះ​ទៅ​ទៀត ពេល​នេះ Ronaldo មិន​ត្រឹម​តែ​ជា​កីឡាករ​លេង​ជំនាញ​តែស្លាប​ឆ្វេង​នោះ​ទេ សូម្បី​តែ​ប្រយុទ្ធ​កណ្ដាល ​និង​ស្លាប​ស្ដាំ​ក៏​អាច​លេងបាន​យ៉ាង​ស្ទាត់​ជំនាញ​ផង​ដែរ។

 

ភស្ដុតាង​មួយ​ទៀត​ដែល Goal ​បាន​លើក​ឡើង​ដើម្បី​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​ខាង​លើ​ជា​កីឡាករ​មិន​ចេះ​ចាស់​គឺ​តាំង​ពី​រូប​គេ​មាន​វ័យ​២៤​ឆ្នាំ​មក​ហើយ ដែល​បុរស​កូន​មួយ​រូប​នេះ​អាច​ញាក់​បាល់​ដាច់​ខ្សែ​ការពារ​ជា​ច្រើន​នាក់ ​និង​អូស​ស៊ុត​ដោយ​ខ្លួន​ឯង​នោះ។ ហើយ​បច្ចុប្បន្ន​នេះ​វិញ នៅ​ក្របខ័ណ្ឌ La Liga ​ពេល Real Madrid ​ប្រកួត​ជាមួយ Sevilla , Espanyol ​និង​ Getafe ​ក៏​គេ​ឃើញ​ដែរ​ថា ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​រក​បាន​ Hat-Trick ​ផង​ និង​ជួយ​មិត្ត​រួម​ក្រុម​បាន​ច្រើន​ផង។

 

 

សរុប​ជា​រួម​មក វិបសាយ Goal ​បាន​ដាក់​ឈ្មោះ​ឱ្យ​កំពូល​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ថា​ជា​កីឡាករ​ដែល​មាន​អ្វី​ថ្មី​រហូត​សម្រាប់​អ្នក​គាំទ្រ ​និង​ក្លិប​របស់​ខ្លួន ទោះ​ជា​អាយុ​កាន់​តែ​ច្រើន​ហើយ​ក៏​ដោយ ដោយ​សំអាង​លើ​ហេតុផល​ខាង​លើ​នេះ៕

 

ចុចអានPSG ​ឱ្យ​តម្លៃ​ខ្លួន​ Ronaldo ​៨៩​លាន​ផោន ដើម្បី​មក​លេង​នៅ​បារាំង

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ goal