អាជ្ញាធរ​​ថៃ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ក្រោយ​ប្រទះ​ឃើញ​អង្ករ​ក្លែងក្លាយ

  • 2015-05-29 18:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាល​ចំណី​អាហារ​របស់​ប្រទេស​ថៃ (FDA) បាន​ណែនាំ​ឲ្យ​មន្ត្រី​របស់​ខ្លួន​ទូ​ទាំង​ប្រទេស បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ទៅ​លើ​គុណភាព​​អង្ករ បន្ទាប់​ពី​ប្រទះ​ឃើញ​អង្ករ​ក្លែងក្លាយ​នៅ​ខេត្ត Nan ភាគ​ខាង​ជើង​ប្រទេស។

 

បាយ​រឹង​ដែល​ដាំ​ចេញ​ពី​អង្ករ​ក្លែង​ក្លាយ

 

ប្រតិកម្ម​ពី​សំណាក់​អង្គភាព FDA កើត​ឡើង​បន្ទាប់​ពី​ប្រជាជន​ក្នុង​ស្រុក Phu Phiang រាយការណ៍​ជូន​អាជ្ញាធរ​ថា ពួក​គេ​បាន​ចាញ់​បោក​ទិញ​អង្ករ​ក្លែងក្លាយ​ពី​អ្នក​លក់​មិន​ស្គាល់​អត្តសញ្ញាណ​អស់​ជា​ច្រើន​ពាន់​បាត។ ​​

 

អង្ក​ក្លែងក្លាយ​ត្រូវ​គេ​សង្ស័យ​ថា​នាំ​ចូល​ពី​ប្រទេស​ចិន រួម​ជាមួយ​ស៊ុត​ក្លែងក្លាយ ដែល​ទើប​ប្រទះ​ឃើញ​កាល​ពី​ពេល​ថ្មីៗ​នេះ។ អង្ករ​ក្លែងក្លាយ​ទាំង​នោះ ត្រូវ​វេច​ខ្ចប់​នៅ​ក្នុង​កញ្ចប់​ប្លាស្ទិក ជាមួយ​ផ្លាក​សញ្ញា​របស់​ប្រទេស​ចិន។

 

អ្នក​ភូមិ​បាន​និយាយ​ថា អង្ករ​ទាំង​នោះ​នៅ​តែ​រក្សា​ភាព​រឹង​បន្ទាប់​ពី​ដាំ​បាយ និង​មាន​ក្លិន​ឈ្ងៀម​ពេល​ពួក​គេ​យក​ទៅ​ដុត។ លោក Prapon Angtrakul ដែល​ជា​អគ្គលេខាធិការ​រដ្ឋបាល​ចំណីអាហារ​បាន​និយាយ​ថា ក្រសួង​កសិកម្ម​និង​សហប្រតិបត្តិការ​កំពុង​ដំណើរ​ការ​ធ្វើតេស្ត​ទៅ​លើ​អង្ករ​ក្លែងក្លាយ។ ​​

 

ទោះ​យ៉ាង​ណា លោក Prapon បាន​បញ្ជាក់​ដោយ​ខ្លួន​ឯង​ថា អង្ករ​ទាំង​នោះ​ពិត​ជា​ធ្វើ​ឡើង​ពី​ជ័រ​មែន និង​សង្កត់​ធ្ងន់​ថា​អ្នក​ទទួល​ទាន​អង្ករ​នេះ អាច​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព។ អគ្គលេខាធិការ​រូប​នេះ បាន​ផ្ដល់​ដំបូន្មាន​ដល់​សាធារណៈ​ជន​ឲ្យ​ទិញ​អង្ករ​នៅ​កន្លែង​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន។ ​​​​​​

 

ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​មក​ពី​នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុង​ប្រទេស បាន​និយាយ​ថា ពួក​គេ​កំពុង​សហការ​ជាមួយ​ភ្នាក់ងារ​ពាក់ព័ន្ធ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​អង្ករ​ក្លែង​ក្លាយ ដែល​កំពុង​រីក​ដុះ​ដាល​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី៕

 

ធ្វើ​យ៉ាង​ណា​ទើប​អាច​ចៀសវាង​ការ​ទទួល​ទាន​អង្ករ​ប្លាស្ទិក​បាន? ជា​ធម្មតា អង្ករ​ក្លែងក្លាយ​មាន​លក្ខណៈ​ស្រដៀង​គ្នា​បេះ​បិទ​ទៅ​នឹង​អង្ករ​ធម្មជាតិ ពិបាក​ក្នុង​ការ​ញែក​ឲ្យ​ដាច់​ណាស់ ប៉ុន្តែ​បើ​តាម​វិបសាយ Oryza.com បាន​បញ្ជាក់​ថា អង្ករ​ក្លែងក្លាយ​ពេល​ដាំ​ឆ្អិន​នឹង​ក្លាយ​ជា​រឹង​ខុស​ពី​ធម្មតា។ ចំណែក​ស៊ុប​ដែល​ដាក់​អង្ករ​នេះ​ចូល​ហាក់​ដូច​ជា​គ្មាន​ជាតិ និង​ឆេះ​ឈ្ងៀម​​នៅ​ពេល​រង​កម្ដៅ​ខ្លាំង៕

 

ចុចអាន៖ អង្ករ​ក្លែងក្លាយ​ធ្វើ​ពី​ប្លាស្ទិក​កំពុង​រីក​រាលដាល​​នៅ​​អាស៊ី

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ Thai Visa News

អត្ថបទថ្មី